វិធានការ​របស់​មន្ត្រី​បរិស្ថាន​ក្នុងការ​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​គ្មាន​ប្រសិទ្ធភាព​

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ទទួលស្គាល់ថា ការដែល​មន្ត្រី​បរិស្ថាន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​មួយ​រយៈពេល​កន្លងទៅនេះ គឺជា​រឿង​ល្អ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បទល្មើស​កើតឡើង​កាន់តែខ្លាំង​។ ក៏ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្ដែង​សកម្មភាព​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​របស់​មន្ត្រី​បរិស្ថាន មិនទាន់មាន​ប្រសិទ្ធភាព​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ ព្រោះ​ឈ្មួញ​ធំៗ​នៅតែ​អាច​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ​។​

ប្រភពពី​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ពីថ្ងៃ​ទី​១៨ ខែសីហា ដល់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​៤​ចំណុច គឺ​ចំណុច​ច្រក​តោ ចំណុច​អូរ​ងាវ ចំណុច​ព្រះអាទិត្យ និង​ចំណុច​ស្រែព្រីង ហើយ​រឹបអូស​បាន​ឈើ​សរុប​៤៧​ម៉ែត្រគូប និង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​២០​គ្រឿង​។ វត្ថុតាង​ទាំង​ឈើ​និង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ត្រូវបាន​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦​។ ប្រតិបត្តិការ​របស់​ម​ន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ចម្រុះ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​សណ្ដាន់ គាំទ្រ​យ៉ាង​ពេញទំហឹង​ហើយ​អំពាវនាវ​ឲ្យ​មានការ​បង្ក្រាប​ជាប្រចាំ​ដើម្បី​កុំ​ឲ្យ​ក្រុម​ជនល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។

ទោះជា​យ៉ាងណា​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​មួយចំនួន​នៃ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ក្នុង​មូលដ្ឋាន​ពួកគាត់​ឈ្មួញ​នៅតែ​អាច​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​យ៉ាង​ពេញបន្ទុក​ដដែល ហើយ​ការដែល​ឈ្មួញ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ក្នុងនោះ​មន្ត្រីនគរបាល​ស្រុក​សណ្ដាន់​មួយចំនួន​ត្រូវបាន​គេ​ដឹងថា ជាប់​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ព្រៃឈើ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​នឹង​ការបង្ក្រាប​ទាល់តែសោះ ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។ ហេតុនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ដាក់បទបញ្ជា​ច្បាស់លាស់​ឲ្យ​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ចាត់វិធានការ​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​ជាប្រចាំ ហើយ​ត្រូវ​វែកមុខ​ជនល្មើស​និង​ឈ្មួញ​ធំៗ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​ទើប​អាច​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​ប្រកបដោយ​ប្រសិទ្ធភាព​ពិតប្រាកដ​៕

image-22-300x200

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន thom-8