ចង់ខ្លាំងអីទៀត! តាមបាញ់ឡានទំនើប១គ្រឿងទាល់តែឈប់…

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​បាញ់​បំបែក​កង់ ខណៈ​ព្យាយាម​បើក​ទម្លាយ​បា​រ៉ា​ស​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ជា​ច្រើន​ដំណាក់ កាលពី​យប់​ថ្ងៃ​១០ ខែកញ្ញា ២០១៦ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ​ ដែល​ក្រុម​អ្នក​ប្រើប្រាស់​រថយន្ត​ស៊េរី​ទំនើប បើក​បុក​ទម្លាយ​បា​រ៉ា​ស​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះយ៉ាង​កំរោល ធ្វើ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​តាម​ប្រមាញ់​រហូត​មានការ​ផ្ទុះអាវុធ ។ ប្រភព​ព័ត៌មាន​បន្ត​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២V-៨២៣៨ មក​ពី​ខេត្តព្រះវិហារ ។

ពេល​មក​ដល់​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មិន​បាន​បន្ថយល្បឿន​ទេ​និង​បាន​បុក​ទម្លាយ​បា​រ៉ាស​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ឡើង​ស្ពាន​មេគង្គ​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង និង​បុក​ទម្លាយ​បា​រ៉ាស​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​គីឡូម៉ែត្រ​លេខ​៦ ចម្ការ​ម៉ៃសាក់ ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។ បន្ទាប់​មក បន្ត​ឆ្ពោះទៅ​ខេត្តរតនគិរី និង​បាន​បុក​ទម្លាយ​បា​រ៉ា​ស​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​មុខ​ស្នាក់​ការ​សន្តិសុខ​កងរាជអាវុធហត្ថ​សេ​សាន នៅ​ភូមិ​ច្រប ឃុំ​ក្បាល​រមាស មួយ​កន្លែង​ទៀត ។

ដោយ​ឃើញ​សកម្មភាព​បែប​នេះ កម្លាំង​នគរបាល​ប្រចាំ​មូលដ្ឋាន​បាន​តាម​ឃាត់​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ​រថយន្ត​នោះ តែ​ពួក​គេ​មិន​ឈប់​ទើប​បាញ់​បំបែក​កង់​មុខ ។ ប្រភព​ដដែល​បន្ត​ថា ពេល​សមត្ត​កិច្ច​បាញ់​បែក​កង់​ហើយ​នោះ ពួក​គេ​នៅ​តែ​បើក​រត់គេច​ទាំង​កង់​បែក​ទៀត​រហូត​បាន​៧​ទៅ​៨​គីឡូម៉ែត្រ​ពី​ផ្លូវបំបែក​ភូមិ​ច្រប់​ទើប​ឈប់​ប្តូរ​កង់ ហើយ​សមត្ថកិច្ច​ក៏​ទៅ​ដល់ តែ​ក្រុម​ជន​ទាំងនោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​តាម​ទាន់ កម្លាំង​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​រថយន្ត​នោះ​ឃើញ​មាន​ផ្ទុក​ឈើ​គ្រញូង​ពេញ​កើល​ដល់​ដំបូល ។ បន្ទាប់​មក ក៏​បាន​ហៅ​រថយន្ត​សន្ទូច​មក​ស្ទូច​រថយន្ត​ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ។

គួរ​បញ្ជាក់​ថា កម្លាំង​ចម្រុះ​នៅ​តាម​គោលដៅ​ចំនួន​៣​កន្លែង​ដែល​មាន​ចំនួន​រាប់​សិប​នាក់ ត្រូវ​បាន​ឈ្មួញ​រត់ពន្ធ​ឈើ​គ្រញូង​បើក​បុក​បា​រ៉ា​ស​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ដែល​មាន​ចម្ងាយ​ពី​គ្នា​មិន​តិច​ជាង​១០​គីឡូម៉ែត្រ​នោះ​ទេ ។ រថយន្ត​និង​វត្ថុ​តាង ត្រូវ​បាន​នាំ​យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត លុះ​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ទើប​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រគល់​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ ។

យោង​តាម​ឯកសារ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ដឹង​ថា ឈើ​ដែល​ដកហូត​នោះ​មាន​ចំនួន​២៤​ដុំ ក្នុង​នោះ​គ្រញូង​ចំនួន​២១​ដុំ និង​នាងនួន​ចំនួន​៣​ដុំ ហើយ​បច្ចុប្បន្ន​ឈើ​ទាំងនោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង ។ ការ​បង្ក្រាប​បទល្មើស​
នៅ​​ខេត្តស្ទឹងត្រែង​គេ​សង្កេត​ឃើញ​មា​ករណី​គ្រឿងញៀន ឬ​បទល្មើស​ព្រៃឈើ ហើយ​រាល់​មធ្យោបាយ​បម្រើ​ឲ្យ​បទល្មើស​ទាំងនោះ​(​រថយន្ត​) តែង​ត្រូវ​បាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចែក​គ្នា​យក​ទៅ​ប្រើប្រាស់ ៕