អ្នក​ភូមិ​នៅ​សៀមរាប​បណ្ដេញ​បុរស​កើត​ជំងឺ​ឃ្លង់ល្ពៅ​មិន​ឱ្យ​រស់​នៅ​ក្នុង​ភូមិ

បច្ចុប្បន្ន​នេះ បើទោះបី​ជា​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​បាន​ជឿនលឿន​ធ្វើ​ឱ្យ​មនុស្ស​ទូទាំង​ពិភពលោក​យល់​ដឹង​ជា​សកល​ស្ទើរ​គ្រប់​វិស័យ​ទៅ​ហើយ​ក៏ដោយ ក៏​ពលរដ្ឋ​ជា​ច្រើន​ដែល​រស់​នៅ​ឯ​ឃុំ​ពាក់ស្នែង ស្រុក​អង្គរធំ ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប នៅ​តែ​មិន​ទាន់​យល់​ដឹង​ឱ្យ​ហួស​ឆ្ងាយ​ពី​សម័យ​បុរាណ​ប៉ុន្មាន​ទេ។ ពួកគេ​នៅតែ​រើសអើង​ទៅ​លើ​អ្នក​កើត​ជំងឺ​ឃ្លង់ ដោយ​បណ្ដេញ​មិន​ឱ្យ​រស់​នៅ​ក្នុង​ភូមិ ដោយ​ឱ្យ​ចាកចេញ​ទៅ​រស់នៅ​ក្នុង​ព្រៃ​តែម្នាក់​ឯង​ជាដើម។

បុរស​ម្នាក់​វ័យ​ប្រមាណ​ជាង ៣០​ឆ្នាំ អតីត​ជា​អ្នក​ភូមិ​ខ្ទីង ឃុំ​ពាក់ស្នែង កំពុង​ចុះ​ខ្សោយ​សុខភាព​យ៉ាង​ខ្លាំង​ដោយសារ​តែ​គាត់​កើត​ជំងឺ​ឃ្លង់ល្ពៅ ហើយ​អ្នក​ភូមិ​ជា​ច្រើន​នាក់​បណ្ដេញ​ឱ្យ​ទៅ​រស់​នៅ​ក្នុង​ព្រៃ​តែម្នាក់​ឯង ដោយ​មិន​មាន​ថ្នាំ​ព្យាបាល ព្រម​ទាំង​ម្ហូប​អាហារ​មួយ​រយៈ​មក។

បុរស​ឈ្មោះ ហ៊ើយ ហ៊ាំ ដែល​មាន​ដំបៅ​ពេញ​មុខ​មាត់ ព្រម​ទាំង​ដង​ខ្លួន​គ្រប់​កន្លែង​នោះ ត្រូវ​អ្នក​ភូមិ​មើល​ឃើញ​ថា គាត់​គ្មាន​ចំណី​អាហារ ហើយ​សុខភាព​ទ្រុឌទ្រោម​ខ្លាំង​ដូចជា​ក្អក​ធ្លាក់​ឈាម និង​រាងកាយ​ស្គមស្គាំង​ដើរ​ទៅ​មុខ​លែង​រួច​ជា​ច្រើន​ថ្ងៃ​មក​ហើយ។

អ្នក​ភូមិ​ពាក់ស្នែង ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​ទៀត គឺ​អ្នកស្រី តែ សាវ។ គាត់​មាន​ប្រសាសន៍​ថា បុរស​ដែល​កើត​ជំងឺ​ឃ្លង់ល្ពៅ​នោះ គឺ​កាល​ពី​ក្មេង​ធ្លាប់​រស់​នៅ​ភូមិ​ខ្ទីង ជាប់​គ្នា​នឹង​ភូមិ​របស់​អ្នកស្រី។បុរស​នេះ​បាន​ចាក​ចេញពី​ភូមិ​ទៅ​រៀបការ​ប្រពន្ធ​នៅ​ស្រុក​ផ្សេង​ជាច្រើន​ឆ្នាំ​មក​ហើយ មិន​ដែល​ឃើញ​ត្រឡប់​មក​ភូមិ​កំណើត​ទេ។ ប៉ុន្តែ​រយៈពេល​ប្រហែល ២-​៣​ខែ​មុន គេ​ឃើញ​គាត់​វិល​ត្រឡប់​មក​ភូមិ​កំណើត​វិញ ដោយ​នាំ​ជំងឺ​ឃ្លង់ល្ពៅ​មក​ជា​មួយ ដូចជា​កើត​ដំបៅ​ពេញ​មុខ ក្បាល ព្រម​ទាំង​ដងខ្លួន​គ្រប់​កន្លែង។

អ្នកស្រី តែ សាវ បញ្ជាក់​ថា បុរស​នោះ​មិន​មាន​ឪពុកម្ដាយ​ទេ គឺ​មាន​តែ​បងប្រុស​ម្នាក់​នៅ​ភូមិ​កំណើត​របស់​គាត់។ ប៉ុន្តែ​នៅ​ពេល​ដែល​បុរស​ឈ្មោះ ហ៊ើយ ហ៊ាំ ចូល​មក​ដល់​ភូមិ​វិញ គឺ​អ្នក​ភូមិ​ជាច្រើន​បាន​ខ្ពើម​រអើម ព្រមទាំង​ខ្លាច​ជំងឺ​នោះ​ឆ្លង​ដល់​គេ​ផង ក៏​បណ្ដេញ​ឱ្យ​ទៅ​រស់នៅ​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង៖ «គាត់​នៅ​ក្នុង​ខ្ទម អត់​មាន​ម៉ែ​ឪ​ទេ ដល់​ពេល​អត់​បាយ​ក៏​ខំ​ដើរ​មក​ភូមិ​រក​បាយ​ហូប។ គាត់​ខំប្រឹង​ដើរ​ពី​ព្រៃ ភូមិ​បុសចិន អស់កម្លាំង​ពេក​ស្នាក់​នៅ​ម្ដុំ​ភូមិ​ខ្ទីង។ គាត់​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ដោយ​ក្អក​ធ្លាក់​ឈាម»

បុរស​ឈ្មោះ ហ៊ើយ ហ៊ាំ ត្រូវ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ចុះ​ធ្វើ​ការងារ​នៅ​តាម​សហគមន៍​ប្រទះ​ឃើញ ហើយ​បាន​ប្រើ​ឱ្យ​អ្នកភូមិ​សែង​គាត់​យក​ទៅ​ដាក់​នៅ​ក្នុង​ទី​វត្ត​ព្រៃ​ព្រះ នៃ​ឃុំ​ពាក់ស្នែង រយៈពេល ៣​សប្ដាហ៍​កន្លង​មក។

បច្ចុប្បន្ន​ស្ថានភាព​របស់​គាត់​គឺ​ធ្ងន់ធ្ងរ​ពិបាក​សង្ឃឹម​ទៅ​ហើយ ដោយសារតែ​គាត់​ដេក​ស្ដូក​នៅ​លើ​កន្ទេល ក្រោក​អង្គុយ​លែង​បាន និយាយ​លែង​ចេញ ព្រមទាំង​ហូប​អាហារ​លែង​កើត​ដោយ​អាការៈ​ដក​ដង្ហើម​ញាប់ និង​ហត់​ខ្លាំង​នៅ​ពេល​និយាយ​ម្ដងៗ។

ស្ត្រី​ចំណាស់​ម្នាក់​ដែល​ស្នាក់​នៅ​ក្នុង​វត្ត​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ជា​រៀងរាល់​ថ្ងៃ អ្នកស្រី យួន សំ ឱ្យ​ដឹង​ថា កាល​ពី​ដំបូង​គេ​បាន​សែង​បុរស​នោះ​យក​ទៅ​ដាក់​ចោល​នៅ​មុខ​ព្រះពុទ្ធ​បដិមា​ដែល​ជា​កន្លែង​ឧស្សាហ៍​មាន​ភ្ញៀវ​ចេញ​ចូល។ ឃើញ​ដូច្នេះ​ព្រះសង្ឃ​យល់​ថា មិន​សម​គួរ​ក៏​បាន​ចាត់​ឱ្យ​អ្នក​ភូមិ​ជួយ​ធ្វើ​ខ្ទម​១ ដើម្បី​ដាក់​គាត់​ឱ្យ​ស្នាក់​នៅ​បាន​សមរម្យ។

អ្នកស្រី យួន សំ បញ្ជាក់​ថា បុរស​ឈ្មោះ ហ៊ើយ ហ៊ាំ នេះ មិន​មាន​បងប្អូន​ណា​មក​មើល ឬ​ក៏​ឱ្យ​បាយ​ទឹក​ទេ ហើយ​អ្នកស្រី​អាណិត​ក៏​ជួយ​បម្រើ​បាយ​ទឹក​ជា​រៀងរាល់​ថ្ងៃ៖ «ខ្ញុំ​នៅ​នឹង​វត្ត​នេះ ដល់​អត់​មាន​ឃើញ​បងប្អូន​ណា​មក​ថែ ខ្ញុំ​អាណិត ក៏​ឱ្យ​បាយ​ឱ្យ​ទឹក បាន​ចំណី​អ្វី​ក៏​ចេះតែ​បង្ខំ​ឱ្យ​ហូប​ទៅ»

បើ​ទោះ​បី​ជា​គេ​មិនដែល​ឃើញ​បងប្អូន​របស់​បុរស​នោះ មក​មើល​ថែ​ក៏ដោយ មិន​មែន​មាន​ន័យ​ថា គាត់​គ្មាន​សាច់ញាតិ​ម្នាក់​ទាល់​តែ​សោះ​នោះ​ទេ គឺ​នៅ​ក្នុង​ភូមិ​ជិត​នោះ មាន​បងប្រុស​របស់​គាត់​ម្នាក់​ដែរ ប៉ុន្តែ​បងប្រុស​របស់​គាត់​ហាក់​មិន​សូវ​មក​មើល។

បុរស​ឈ្មោះ ហ៊ើយ ហ៊ាង មាន​ប្រសាសន៍​ថា ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ ហ៊ើយ ហ៊ាំ បាន​ចាក​ចេញ​ពី​ភូមិ​កំណើត​ទៅ​មាន​ប្រពន្ធ​នៅ​ឯ​ភូមិ​អូរ នៃ​ស្រុក​ជីក្រែង ជា​ច្រើន​ឆ្នាំ​មក​ហើយ។ គាត់​មិន​ដឹង​ថា ប្អូន​ប្រុស​របស់​គាត់​កើត​ជំងឺ​ឃ្លង់ល្ពៅ តាំង​ពី​ពេល​ណា​ទេ  ប៉ុន្តែ​ដឹង​ថា បន្ទាប់ពី​ប្អូន​របស់​គាត់​កើត​ជំងឺ​នេះ​មក ក៏​លែងលះ​ជាមួយ​ប្រពន្ធ ហើយ​ក៏​វិល​ត្រឡប់​មក​ភូមិ​កំណើត​វិញ។ មក​ដល់​ភូមិ​កំណើត​ឯ​ស្រុក​អង្គរធំ ក៏​ត្រូវ​អ្នក​ភូមិ​ខ្ពើមរអើម មិន​ឱ្យ​រស់​នៅ ព្រមទាំង​បណ្ដេញ​ឱ្យ​រស់​នៅ​ក្នុង​ព្រៃ​តែម្នាក់​ឯង។

លោក ហ៊ាង បញ្ជាក់​ថា ប្អូន​ប្រុស​របស់​គាត់​ក៏​មិន​ហ៊ាន​ទៅ​នៅ​ផ្ទះ​ជាមួយ​នឹង​គាត់​ទេ ពីព្រោះ​ខ្លាច​ប្រពន្ធ​របស់​គាត់​ស្អប់​ខ្ពើម ក៏​សុខចិត្ត​ទៅ​រស់នៅ​ក្នុង​ព្រៃ​នៃ​ភូមិ​បុសចិន តែម្នាក់​ឯង៖ «អ្នក​ភូមិ​មិន​ឱ្យ​ប្អូន​ខ្ញុំ​ចូល​មក​ភូមិ​ទេ គឺ​ដេញ​ឱ្យ​ទៅ​ព្រៃ គ្រាន់តែ​ដើរ​កាត់​មុខ​ផ្ទះ គេ​មិន​ឱ្យ​ដើរ​ផង»

​បុរស ហ៊ើយ ហ៊ាង ឱ្យ​ដឹង​ថា ដោយសារ​តែ​គ្រួសារ​គាត់​ក្រីក្រ​ពេក គាត់​មិន​មាន​ពេល​គ្រប់គ្រាន់​តាម​ថែរក្សា​ប្អូន​ប្រុស​ដែល​កំពុងតែ​កើត​ជំងឺ​ឃ្លង់​ល្ពៅ​នោះ​ទេ។

ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ ដា លីណា ដែល​ខំ​ស្កាត់​តាំងពី​ទីក្រុង​ភ្នំពេញ ដើម្បី​នាំ​យក​អំណោយ​សប្បុរសធម៌​ទៅ​ចែក​ជូន​ស្ដ្រី​ម្នាក់​ដែល​កើត​មហារីក​មាត់​ផង ក៏​បាន​បង្ហួស​ទៅ​កាន់​ទី​វត្ត​ព្រៃ​ព្រះ នៅ​ឃុំ​ពាក់ស្នែង ដើម្បី​ផ្ដល់​អំណោយ​ខ្លះៗ ដល់​បុរស​កើត​ជំងឺ​ឃ្លង់ល្ពៅ​នោះ​ដែរ។ នាង ដា លីណា មាន​ប្រសាសន៍​ថា អំណោយ​ទាំង​នេះ​គឺ​នាង​បាន​ទទួល​ពី​សប្បុរសជន​ខ្មែរ​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស ដូចជា​សហរដ្ឋអាមេរិក ប្រទេស​នូវែលហ្សេឡង់ (New Zealand) ជាដើម៖ «ដោយសារ​នាង​ខ្ញុំ​មាន​ក្ដី​អាណិត ឃើញ​ពួកគាត់​រស់​នៅ​ក្នុង​ស្ថានភាព​ពិបាក គឺ​ខ្ញុំ​អាណិត​ពួកគាត់​មែន​ទែន»

អភិបាល​ស្រុក​អង្គរធំ លោក ឡុង រដ្ឋារក្ស បាន​អំពាវនាវ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​រើសអើង​ទៅ​លើ​បុរស​ដែល​កើត​ជំងឺ​ឃ្លង់ល្ពៅ ម្នាក់​នោះ ក៏​ដូចជា​អ្នក​កើតរោគ​អេដស៍​ជាដើម ហើយ​ត្រូវ​បង្ហាញ​នូវ​ទឹក​ចិត្ត​អាណិត​អាសូរ​ទៅ​លើ​ពួកគេ​វិញ។

ដំណាក់​ការ​ភ្លាមៗ លោក​អភិបាល​ស្រុក​អង្គរធំ បាន​ចាត់​ឱ្យ​មណ្ឌល​សុខភាព​ប្រចាំ​ឃុំ​ពាក់ស្នែង ជួយ​បំប៉ន​សុខភាព​បុរស​ដែល​កើត​ជំងឺ​ឃ្លង់ល្ពៅ​នោះ ឱ្យ​រឹងមាំ​ឡើង​វិញ​សិន ហើយ​ក៏​បាន​ចាត់​មន្ត្រី​ឃុំ​ឱ្យ​ទាក់ទង​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​មាន​ជំនាញ​ខាង​ព្យាបាល​ជំងឺ​ឃ្លង់​នេះ ដើម្បី​បញ្ជូន​បុរស​ម្នាក់​នោះ​ទៅ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។