ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​កំពង់ផែ​កែវផុស ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រក​កំពង់ផែ​កែវផុស ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​នេះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​កំពង់ផែ​កែវផុស ព្រោះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​គយ​ពុករលួយ​។ ក្នុងនោះ​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​កំពង់ផែ​កែវផុស ត្រូវបាន​ដឹងថា​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​អនាធិបតេយ្យ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហេង សំ​ហៃ បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ហេង សំ​ហៃ មកកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​កែវផុស ជំនួស​លោក នុត លី​ឆូ​យ រួចមក​គឺ​លោក ហេង សំ​ហៃ អនុវត្តន៍​តាម​រូបមន្ត​របស់លោក នុត លី​ឆូ​យ យ៉ាង​ក្រអឺតក្រទម​។ ជាក់ស្ដែង​ចាប់តាំងពី​លោក ហេង សំ​ហៃ ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​កែវផុស​រួចមក ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដូចជា គ្រឿងសំណង់ គ្រឿង​ដែក គ្រឿងបន្លាស់​រថយន្ត​ម៉ូតូ ភេសជ្ជៈ ចំណី​សត្វ និង​ទំនិញ​ចាប់ហួយ​ជាច្រើន​ប្រភេទ​ទៀត ត្រូវបាន​ឈ្មួញ​នាំចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជា​រៀងរាល់ថ្ងៃ​។ លោក ហេង សំ​ហៃ បាន​បញ្ជា​ឲ្យ​កូនចៅ​ដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​ដោយ​ពុំមាន​វិក្កយបត្រ​ត្រឹមត្រូវ ហើយ​យកលុយ​ទាំងនោះ​ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

​តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​កំពង់ផែ​កែវផុស បាន​ឲ្យ​ដឹងថា​លោក ហេង សំ​ហៃ បាន​ចូលកាន់​តំណែង​ជំនួស​លោក នុត លី​ឆូ​យ កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ ហើយក៏​ចាប់ផ្ដើម​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែច្រើន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ឈ្មួញ​ដែល​ល្បីល្បាញ​ខាង​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​បន្លំ​ប្រភេទ​ទំនិញ​នៅ​ច្រក​កែវផុស​មានដូចជា ឧកញ៉ា ផាត់ ប៊ុន និង​ឈ្មួញ​ឈ្មោះ ហ៊ា ម៉េង ឈ្មោះ ចែ​ស៊ី និង​ឈ្មោះ ចែ​រ៉ា ជាដើម​។ ក្រុម​ឈ្មួញ​ទាំងនេះ​បង់ពន្ធ​ចូល​រដ្ឋ​យ៉ាងច្រើន​ត្រឹម​៤០​ភាគរយ​នៃ​ទំនិញ​ដែល​ពួកគេ​នាំចូល​តាម​ច្រក​កំពង់ផែ​កែវផុស ហើយ​សល់​ពីនេះ​គឺមាន​ការឃុបឃិត​បែង​ចែក​ផលប្រយោជន៍​ជាមួយ​លោក ហេង សំ​ហៃ យ៉ាង​រលូន​។ ហេតុនេះហើយ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​ភាពមិនប្រក្រតី​ដែល​កើត​មាននៅ​ច្រក​កំពង់ផែ​កែវផុស​ខ្លះ​ផង ព្រោះ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​នេះ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ក្រុមមន្ត្រី​ពុករលួយ​នាំគ្នា​ប្រមូល​ផលប្រយោជន៍​យ៉ាង​គឃ្លើន​៕

gbdodw8

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ka-12-09-2016-01

លោក ហេង សំហៃ