លោក កឹម សុខា បញ្ជាក់ថា អ្នកកាន់អំណាច​គួរ​ធ្វើអំពើ​ល្អ ហើយ​ឈប់​ធ្វើអំពើ​អាក្រក់​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងតែ​កាន់អំណាច​នៅក្នុង​ប្រទេស​កំពុង​យក​ការអនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ដើម្បី​បិទបាំង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​នៅ​កម្ពុជា​។ លោក កឹម សុខា បញ្ជាក់ថា សកម្មភាព​របស់​រដ្ឋា​ភិ​បាល​នឹងមិន​ទទួលបាន​ភាពជោគជ័យ​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប និង​ពិភពលោក​ទាំងមូល​បានដឹង​ច្បាស់​ណាស់ ថា​រដ្ឋាភិបាល​កំពុងតែ​ប្រើប្រាស់​ស្ថាប័ន​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ដើម្បី​គាបសង្កត់​លើ​គណបក្សជំទាស់ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។​

ក្នុង​បរិបទ​នយោបាយ និង​បច្ចេកវិទ្យា​ពិភពលោក​ក្នុងពេល​បច្ចុប្បន្ននេះ ពិសេស​កម្រិត​នៃ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវបាន លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បញ្ជាក់ថា នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​បិទបាំង​អំពើ​ខុសច្បាប់​របស់ខ្លួន​បានឡើយ ហើយ​រដ្ឋាភិបាល​មិនគួរ​ព្រោះតែ​ភ័យខ្លាច​បាត់បង់​អំណាច និង​ចង់​ការពារ​អំណាច​របស់ខ្លួន​ខ្លាំងពេក ហើយ​ទៅធ្វើ​សកម្មភាព​ការពារ​អំណាច​របស់ខ្លួន​តាមរ​យៈ​មធ្យោបាយ​មិន​ស្របច្បាប់​ដោយ​ប្រើប្រាស់​ស្ថាប័នរដ្ឋ​ទៅ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សជំទាស់ និង​អង្គការ​សង្គម​ស៊ីវិល​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន​ជាងគេ គឺ​ភាពអយុត្តិធម៌​ក្នុង​ដំណើរការ​បោះឆ្នោត និង​ការប្រកួតប្រជែង​ផ្នែក​គោលនយោបាយ​ដោយ​គ្មាន​ការ​ធ្វើទុក្ខបុកម្នេញ ដូចនេះ​អំពើអាក្រក់​របស់​រដ្ឋាភិបាល​មិនអាច​ការពារ​អំណាច​របស់​រដ្ឋាភិបាល​បានយូរ​អង្វែង​ទេ ព្រោះ​ពលរដ្ឋ​ខ្មែរ​គ្មាន​ភាព​ស្ងប់ចិត្ត និង​មិនអាច​រស់នៅ​បាន​ដោយ​សម្បូរ​រុងរឿង ហើយ​បញ្ហា​នេះ​នឹង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មិន​ខាន​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រធាន​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សម្តែង​ការ​ជឿជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​អាច​ជួប​ជជែក​ដោះស្រាយ​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បញ្ចប់​បញ្ហានយោបាយ ហើយ​រួមគ្នា​ដោះស្រាយ​បញ្ហា​អនាគត​វិញ ដើម្បី​ការអភិវឌ្ឍ​ប្រទេសជាតិ ឈានទៅរក​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។ ជម្រើស​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​លោក កឹម សុខា បញ្ជាក់ថា នៅតែ​រង់ចាំ​តទៅទៀត អត់​អស់សង្ឃឹម​ទេ គឺ​ការជួបគ្នា​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​រវាង​ខ្មែរ​និង​ខ្មែរ​។ ដូចនេះ​លោក​សូម​បួងសួង​ឲ្យ​ខ្មែរ​យើង​សុខដុមរមនា​ទាំងអស់គ្នា អាច​ជួប​ដោះស្រាយ​បញ្ហា​ជាមួយគ្នា ដើម្បី​បាន​សុខ​ទាំងអស់គ្នា មិនមែន​បាន​សុខ​តែមួយ​ក្រុម​ទេ ហើយ​សង្គម​ខ្មែរ​គ្មាន​ការបែកបាក់ ឬ​ឈឺចាប់​បន្តទៀត​៕

14333846_1458359397514688_21082038715731805_n fn-2016-09-13-00-41-17-2 fn-2016-09-13-00-41-17-3