​កត្តា​ជីវភាព​ និង គ្រួសារ ធ្វើ​ឲ្យ​ នៅ សុសិលា សម្រេច​ចិត្ត​ដក​​កាយា​ពី​អាជីព​បាល់​ទាត់​

​ក្រោយ​​ចប់​​យុទ្ធនាការ​លីគ​កំពូល​កម្ពុជាទាំងស្រុង​នារដូវ​កាល​២០១៦​ ខ្សែ​បម្រើ​ក្លិប​ខេមបូឌានថៃហ្គើ នៅ សុសិលា បង្ហើប​ប្រាប់​ Keila Daily ថា គេ​សម្រេច​ចិត្ត​ដក​ខ្លួន​ពី​វិស័យ​បាល់​ទាត់​ហើយ​ ​ក្រោយ​ប្រឡូក​ក្នុង​អាជីព​លើ​វាល​ស្មៅ​មួយ​នេះជាង​១០​ឆ្នាំ​។
ft-img-template

កីឡាករ​មាន​កំណើត​នៅរាជ​ធានី​ភ្នំពេញ​អះអាង​ថា បញ្ហា​ជីវភាព និង កត្តា​គ្រួសារ​ធ្វើ​ឲ្យគេ​​រារែក​ក្នុងការ​បន្ត​លេង​បាល់​ទៀត​ ហើយ​ថា គេ​នឹង​បង្កើត​​មុខរបរ​ខ្លួន​​ឯង​ដើម្បី​មាន​ឱកាស​រក​ចំណូល​បាន​​ល្អ​ប្រសើរ​ជាង​មុន​។

នៅ សុសិលា ថ្លែង​បែប​នេះ ៖ “​​ខ្ញុំ​ឈប់​មែន​ទែន​ហើយ ព្រោះ​វ័យរាង​ជ្រែ​ហើយ មិន​ចង់​វិល​ទៅ​វិល​​មក​នៅ​ហ្នឹង ហើយ​​អត់​សូវ​មាន​ពេល​ជួប​ជុំ​គ្រួសារ​ ណា​មួយ​ឥឡូវ​មាន​កូន​ទៀត ​​ត្រូវ​​ជួយ​មើល​ថែ​ប្រពន្ធ​សសៃ​ខ្ចី​ផង មិន​អាច​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ​បាន​ ម្យ៉ាង​ទៀត​ដូចដឹង​ស្រាប់​ហើយ ក្លិប​ភាគ​ច្រើន​ ប្រាក់​ខែ​មិន​សូវ​ច្រើន​ទេ តែ​៣០០-៤០០​ អី​ហ្នឹង បើ​ខ្លួន​មួយ​មិន​អី​ទេ តែ​បើ​មាន​ប្រពន្ធ​ទៀត​ ចាយ​មិន​គ្រប់​ទេ ព្រោះ​ត្រូវ​ប៉ូវ​កម្លាំង​ផង ទ្រទ្រង់​គ្រួសារ​ផង អ៊ីចឹង​​ក៏​សម្រេច​ចិត្ត​ឈប់​លេង​បាល់​ បើក​រកស៊ី​លក់​ដូរ​ខ្លួន​ឯង​វិញ​”។

ខ្សែ​បម្រើ​មាឌ​តូច​រហស្សនាម​ “ម៉ូតូ​ឆាលី” ផ្ដើម​អាជីព​បាល់​ទាត់​ក្នុងឆ្នាំ​២០០២ នៅ​ក្លិប​ក្រសួងការពារ​ជាតិ​ ហើយធ្លាប់​លេង​ឲ្យ​អគ្គស្នងការនគរ​បា​ល​ជាតិ​, ភ្នំពេញ​ក្រោន​ និង បន្ត​ដល់​ខេមបូឌានថៃហ្គើរហូត​ដល់​ថ្ងៃ​ព្យួរ​​ស្បែក​ជើង​នេះ​។ នៅ​ សុសិលា ក៏​ធ្លាប់​ជាប់​ជម្រើស​ជាតិ​កម្ពុជា​ឈុត​អាយុ​ក្រោម​១៧ឆ្នាំ និង ជា​ពិសេស​អាយុ​ក្រោម​២៣​ឆ្នាំ​ដែល​​បាន​លើក​ពាន​ BIDC Cup 2009 ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ជន​ជាតិ​អូស្ត្រាលី Scott O’Donnell៕

ប្រភពពី Keila Daily

The post ​កត្តា​ជីវភាព​ និង គ្រួសារ ធ្វើ​ឲ្យ​ នៅ សុសិលា សម្រេច​ចិត្ត​ដក​​កាយា​ពី​អាជីព​បាល់​ទាត់​ appeared first on CamboSport.