ថៃ​ជំរុញ​ផ្សព្វផ្សាយ​ផលិតផល ខណៈ​ការ​នាំ​ចូល​មក​កម្ពុជា​បន្ដ​ធ្លាក់​ចុះ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កម្ពុជា​មាន​លទ្ធភាព​ផលិត​នូវ​ផលិតផល​សក្តានុពល​សំខាន់​មួយ​ចំនួន​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​នោះ ធ្វើ​ឱ្យ​តម្រូវការ​នាំ​ចូល​ផលិតផល​ពី​បណ្តា​ប្រទេស​ជា​ដៃគូ​មួយ​ចំនួន​ធ្លាក់​ចុះ ។ ជាក់ស្តែង ការ​នាំ​ចូល​ផលិតផល​ពី​ប្រទេស​ថៃ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ ធ្លាក់​ចុះ​១៦%​។ ដោយ​មើលឃើញ​តម្រូវការ​ធ្លាក់​ចុះ ដូច្នេះ ថៃ​បាន​ចាប់ផ្ដើម​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ផលិតផល​នៅ​កម្ពុជា តាម   លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន មាន​ទាំង​វិស័យ​ឯកជន និង​រដ្ឋាភិបាល ដែល​មាន​ថវិកា​ទុក​រៀបចំ​ប្រមាណ​១០​លាន​បាត​ក្នុង​មួយ​ឆ្នាំ​ៗ ។

លោកស្រី ជី​រ៉ា​ណា​ន់ វង្ស​មង្គល អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូតថៃ​នៅ​កម្ពុជា បានឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន «​ស្តី​ពី​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​២០១៦» កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ម្សិលមិញ​ថា ទំហំ​ពាណិជ្ជកម្ម​រួម​រវាង​កម្ពុជា​-​ថៃ នៅ​ក្នុង​រយៈពេល​៧​ខែ​កន្លង​មកនេះ មាន​ទឹកប្រាក់​សរុប​ជាង​៣​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ថៃ​នាំ​ចូល​មក​កម្ពុជា មាន​ទឹកប្រាក់​ជាង​២,៤​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​១៦% ខណៈ​កម្ពុជា​នាំ​ទៅ​ថៃ មាន​ទឹកប្រាក់​៦៧៩​លាន​ដុល្លារ កើនឡើង​ជាង​៥២% ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោកស្រី​ថា ៖ « មូលហេតុ​ដែល​ទំនិញ​ថៃ​នាំ​ចូល​កម្ពុជា​ធ្លាក់​ចុះ​ជាង​ពេល​មុន​ៗ ដោយសារ​តម្លៃ​ប្រេង​នាំ​ចូល​មក​កម្ពុជា​ធ្លាក់​ចុះ​, កម្ពុជា​មាន​លទ្ធភាព​ផលិត​ស្ករ​បាន កាត់​បន្ថយ​តម្រូវការ​នាំ​ចូល និង​ផលិតផល​ប្រើប្រាស់​មួយ​ចំនួន​ផ្សេង​ទៀត រួម​ទាំង​ផលិតផល​គ្រឿងសំណង់​ក៏​មានការ​ប្រកួតប្រជែង​គ្នា​ច្រើន » ។

ដើម្បី​បង្កើន​ការ​នាំ​ចូល និង​ទាក់ទាញ​អ្នក​ប្រើប្រាស់​ផលិតផល​ថៃ​នៅ​កម្ពុជា លោកស្រី ជី​រ៉ា​ណា​ន់ វង្ស​មង្គល មាន​ប្រសាសន៍​ថា ការ​ពង្រីក​ទីផ្សារ​ទំនិញ​ថៃ​នៅ​កម្ពុជា មធ្យោ​បាយ​​ដែល​ល្អ​បំផុត​នោះ គឺ​ជំរុញ​ការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ព្រោះ​នា​ពេល​កន្លង​មក រាល់​ការ​តាំង​បង្ហាញ​ផលិតផល​ថៃ គឺ​ទទួល​បានការ​គាំទ្រ​ច្រើន លើស​ពី​នេះ ឈាន​ដល់​មានការ​ចាប់​ដៃគូ​ធ្វើ​អាជីវកម្ម​រួម​គ្នា​រវាង​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ នៅ​ថ្ងៃ​ទី​១៥ ដល់​១៨ កញ្ញា ខាង​មុខ ក្រុមហ៊ុន​ថៃ​ចំនួន​២០០ នឹង​នាំ​យក​ផលិតផល​ថៃ​មក​ដាក់​តាំង​បង្ហាញ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ រួម​មាន ក្រុមហ៊ុន​សម្ភារ​សំណង់​និង​គ្រឿងបន្លាស់​ម៉ាស៊ីន​, អាហារ​និង​ភេសជ្ជៈ​, សម្លៀក​បំពាក់​និង​វាយនភ័ណ្ឌ​,​សុខភាព​និង​សម្ផស្ស​, សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​សម្ភារ​ផ្ទះបាយ​, វត្ថុ​អនុស្សាវរីយ៍​ ​និង​តុបតែង​ផ្ទះ​, ទំនិញ OTOP ថៃ សម្ភារ​ធ្វើ​ពី​ស្បែក និង​ស្បែកជើង ព្រមទាំង​សម្ភារ​អគ្គិសនី​និង​អេ​ឡិច​ត្រូ​និក ជាដើម ៕