ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ប្រទេស​ចិន​មាន​ប្រវែង​ជាង​2​ម៉ឺន​គីឡូម៉ែត្រ

ប្រទេស​ចិន ៖ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​របស់​ប្រទេស​ចិន ឥឡូវនេះ​មាន​ប្រវែង​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ជាមួយនឹង​ការ​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ត​ភ្ជាប់​តំបន់ Zhengzhou ខេត្ត Henan ភាគ​កណ្តាល​ប្រទេស​ចិន ឆ្ពោះទៅ​តំបន់ Xuzhou ភាគ​ខាងកើត​ខេត្ត Jiangsu ។

ផ្លូវ​រថភ្លើង​នេះ​មាន​ស្ថានីយ​ចំនួន​៩​កន្លែង និង​រត់​ក្នុង​ល្បឿន​៣០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ វាត​ភ្ជាប់​ភាគ​ខាងលិច ជាមួយ​ផ្លូវ​រថភ្លើង​២​ខ្សែ​នៃ​ភាគ​ខាងជើង និង​ខាងត្បូង ដែល​អាច​ជួយ​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​រវាង​ភាគ​ខាងលិច និង​ខាងកើត ។

នៅ​ពេល​ដែល​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​ទៀត​ត​ភ្ជាប់​ទីក្រុង Baoji និង Lanzhou ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នោះ រថភ្លើង​ល្បឿន​លឿន​នឹង​រត់​ត្រង់​ពី Xuzhou ទៅ Urumqi នៅ​ភាគ​ខាងលិច​ដ៏​ឆ្ងាយ​របស់​ប្រទេស​នេះ ។

លោក Huang Xin មក​ពី​ក្រុមហ៊ុន​ផ្លូវ​រថភ្លើង បាន​និយាយ ផ្លូវ​រថភ្លើង​ប្រវែង​១​ម៉ឺន​គីឡូម៉ែត្រ​ដំបូង​បាន​ចំណាយពេល​សាងសង់​អស់​រយៈពេល​១១​ឆ្នាំ ។ វា​បាន​កើនឡើង​ទ្វេ​ដង​នៅ​ក្នុង​រយៈពេល​ត្រឹមតែ​៣​ឆ្នាំ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ទ្វេ​ដង​ជា​ថ្មី​ទៀត​ក្នុង​ឆ្នាំ​២០២៥ និង​កើន​ដល់​៤៥.០០០​គីឡូម៉ែត្រ​ក្នុង​ឆ្នាំ​២០៣០ ។

នៅ​ឆ្នាំ​២០១៥ រថភ្លើង​ល្បឿន​លឿន​របស់​ប្រទេស​ចិន​បាន​ដឹក​ជញ្ជូន​អ្នកដំណើរ​ចំនួន​៩៦១​លាន​នាក់ ពោល​គឺ​កើនឡើង​២៣៧% បើ​ធៀប​នឹង​ឆ្នាំ​២០១១ ។

ដោយសារ​រថភ្លើង​ល្បឿន​លឿន​នេះ ប្រជា ជន​នៅ​ទីក្រុង​ប៉េ​កាំ​ង និង​សៀង​ហៃ បាន​ចាប់ផ្តើម​ទិញ​ផ្ទះ​នៅ​ក្បែ​ទីក្រុង និង​ធ្វើ​ដំណើរ​ទៅ​មក ។ លោក Li Miao រស់នៅ​ក្នុង​តំបន់ Langfang ខេត្ត Hebei ដែល​មាន​ចម្ងាយ​៥៥​គីឡូម៉ែត្រ​ពី​ទីក្រុង​ប៉េ​កាំ​ង និង​ធ្វើការ​នៅ​ក្នុង​ទីក្រុង លោក​បាន​ចំណាយពេល​ត្រឹមតែ​២១​នាទី​ប៉ុណ្ណោះ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េ​កាំ​ង ។

នៅ​ពាក់កណ្តាល​ខែកក្កដា រថភ្លើង​២​ខ្សែ​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​ល្បឿន​៤២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត នឹង​មាន​រថភ្លើង​រត់​ក្នុង​ល្បឿន​ជាង​៥០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ចាប់ពី​ទីក្រុង​ប៉េ​កាំ​ង ទៅ​ទីក្រុង Shenyang ។ រថភ្លើង​ល្បឿន​លឿន​របស់​ចិន ក៏​មាន​អតិថិជន​អន្ដរជាតិ​ផង​ដែរ​ដូច​ជា ឥណ្ឌូ​ណេ​ស៊ី រុ​ស្ស៊ី អីុ​រ៉​ង់ និងឥណ្ឌា ៕