ថ្នាក់ដឹកនាំ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ជំរុញ​ឱ្យ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា

អង្គការ Oxfam បានឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ពុធ​ថា មេដឹកនាំ​អាស៊ី​អាគ្នេយ៍​ទាំងឡាយ​បាន​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៨ នៅ​ប្រទេស​ឡាវ កាលពី​ស​ប្ដា​ហ៍​កន្លង​មក ដោយ​ជំរុញ​ឲ្យ​អាជីវកម្ម​នៅ​ទូ​ទាំង​តំបន់​នេះ​ប្តេជ្ញា​បង្កើន​ប្រាក់​ឈ្នួល​អប្បរ​មា​ទៅ​តាម​ប្រាក់​ឈ្នួល​ស្តង់ដា​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ។

យោង​តាម​អង្គការ​មិន​រក​ប្រាក់​ចំណេញ​អន្ដរជាតិ​មួយ​នេះ​ឱ្យ​ដឹង​ថា ប្រាក់​ឈ្នួល​ស្តង់ដា​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​តម្លៃ​៤​ដង​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ជា​មធ្យម នា​ពេល​បច្ចុប្បន្ន ។

លោក Riza Bernabe  អ្នកសម្របសម្រួល​គោលនយោបាយ និង​ការ​ស្រាវជ្រាវ​នៃ​កម្មវិធី​អាស៊ី​របស់​អង្គការ Oxfam បាន​និយាយ​ថា ៖ « អង្គការ Oxfam បាន​ជំរុញ​ឱ្យ​អាស៊ាន​ប្រមូលផ្តុំ​នៅ​ពីក្រោយ​ការ​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​ថ្នាក់​តំបន់​មួយ ដែល​ត្រូវ​បាន​កំណត់​ក្នុង​កម្រិត​ប្រាក់​ឈ្នួល​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​ផ្តល់​ឱ្យ​កម្មករ​ក្រីក្រ​នូវ​មធ្យោបាយ​មួយ​ដែល​អាច​កម្ចាត់​ភាព​ក្រីក្រ​បាន » ។

ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​តំបន់​អាស៊ាន មិន​អាច​ដោះស្រាយ​បញ្ហា​លើ​ចំណាយ​ពិតប្រាកដ​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​ទេ ដែល​វា​ជំរុញ​ឲ្យ​កម្មករ​រាប់​លាន​នាក់​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ ។

យោង​តាម​អង្គការ Oxfam ម្នាក់​ក្នុង​ចំណោម​មនុស្ស​៤​នាក់ គឺជា​ជន​ក្រីក្រ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ផ្ទុយ​ទៅ​នឹង​កម្រិត​ខ្ពស់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ពី​បរទេស​នៅ​ក្នុង​តំបន់ ។ នេះ​គឺជា​សញ្ញា​នៃ​វិសមភាព​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ខណៈ​ដែល​អ្នកមាន​មួយ​ក្តាប់​តូច​កំពុង​មានការ​កើនឡើង ប៉ុន្តែ​វាសនា​កម្មករ​រាប់​លាន​នាក់​នៅ​តែ​ស្ថិត​ក្នុង​បន្ទាត់​នៃ​ភាព​ក្រីក្រ ។

ពាណិជ្ជកម្ម​ពិភពលោក​នៅ​ក្នុង​តំបន់​នេះ បាន​កើនឡើង​ពី​១,៦១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០០៧ ដល់​២,៥៣​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៤ ។ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​តំបន់​នេះ បាន​កើនឡើង​ពី​១១៧,៧​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ ដល់ ១៣៦,២​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤ ដែល​បាន​កើនឡើង​ផ្ទុយ​នឹង​និន្នាការ​ជា​រួម​នៃ​ការ​ធ្លាក់​ចុះ​នៅ​ទូ​ទាំង​ពិភពលោក ។

ប៉ុន្តែ​ប្រជាជន​ប្រហែល​៦០​លាន​នាក់​នៅ​ក្នុង​តំបន់​អាស៊ាន នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រេកឃ្លាន ។ នេះ​បើ​យោង​តាម​អង្គការ Oxfam ។

គួរ​បញ្ជាក់​ថា អត្រា​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន គឺ​ចាប់ពី​២,៧៤​ដុល្លារ ទៅ​១០,១១​ដុល្លារ ៕