អបអរសាទរពិធីគម្រប់ខួបលើកទី ២០ របស់អង្គការ ដើម្បីភាពញញឹមនៃកុមារ

រាជធានីភ្នំពេញ៖ អង្គការដើម្បីភាពញញឹមនៃកុមារ (ប៉េ អេស អឺ) ដែលជាអង្គការក្រៅរដ្ឋាភិបាល ផ្តោតសំខាន់លើការអប់រំ កំពុងប្រារព្ធខួបលើកទី ២០ របស់ខ្លួនក្នុងឆ្នាំនេះ ។ អង្គការ ប៉េ អេស អឺ បានបង្កើតនូវ កម្មវិធីគាំទ្រជាច្រើនដូចជាការផ្តល់អាហារ ការស្នាក់នៅ ការថែទាំសុខភាព ការអប់រំទូទៅ ការបណ្តុះ បណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់គ្រួសារក្នុងន័យសម្រេចឱ្យ បាននូវគម្រោងអប់រំប្រកបដោយភាពជោគជ័យ ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាមូលដ្ឋាន របស់កុមារក្រីក្រនៅក្នុងប្រទេសកម្ពុជា។

អង្គការ ប៉េ អេស អឺ ត្រូវបានបង្កើតឡើងរយៈពេល ២០ ឆ្នាំមកហើយដោយប្តីប្រពន្ធជនជាតិបារាំងពីររូប គឺលោក Christian និងលោកស្រី Marie France des Pallières ហើយបានជួយដល់កុមារ ប្រមាណជាងមួយម៉ឺន នាក់ឱ្យទទួលបានការអប់រំ ដើម្បីឱ្យពួគគេអាចកសាងអនាគតដ៏ភ្លឺស្វាង។ ស្ថាបនិកទាំងពីររូបបានមានប្រសាសន៍ថា៖ “នៅពេលដែលពួកយើងបានបង្កើតអង្គការនេះឡើង យើងទាំងពីរបានប្រាប់ខ្លួនឯងថា ប្រសិនបើក្នុងអំឡុងពេលនៃ ការចូលនិវត្តន៍របស់យើង យើងអាចបង្កើតនូវភាពញញឹមដល់កុមារក្រីក្រ នោះគឺមានតម្លៃបំផុត។ ពិតប្រាកដណាស់ ដើម្បីភាពញញឹមនៃកុមារ ទោះបីជាយើងបង្កើតស្នាមញញឹម ដល់កុមារបានត្រឹមតែម្នាក់ ក៏យើងត្រូវតែពុះពារ ធ្វើការងារនេះ ហេតុដូច្នេះបានជាអង្គការមួយនេះត្រូវបានដាក់ឈ្មោះថា ដើម្បីភាពញញឺមនៃកុមារ ”។

ចាប់តាំងពីឆ្នាំ ១៩៩៥ មក អង្គការ ប៉េ អេស អឺ បានសម្រេច បាននូវសមិទ្ធផលជាបន្តបន្ទាប់ជាច្រើនដូចដែល បានចែងនៅក្នុងបេសកកម្មរបស់ខ្លួន។ រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងមានកុមារចំនួន ៣១០០ នាក់កំពុង ត្រូវបានឧបត្ថម្ភការសិក្សាក្នុងសាលារដ្ឋ និងកុមារចំនួន ១២០០ នាក់កំពុងសិក្សាក្នុងថ្នាក់ពន្លឿន ទាំងក្នុងមណ្ឌលរបស់ អង្គការ ប៉េ អេស អឺ និងសាលារដ្ឋដៃគូមួយចំនួនទៀត។ រីឯវិទ្យាស្ថាន ប៉េ អេស អឺ វិញ ក្មេងជំទង់ ១៥០០ នាក់ កំពុង ទទួលការបណ្តុះបណ្តាលក្នុងថ្នាក់ត្រៀម និងក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៣ គឺ៖ សាលាបដិសណ្ឋារកិច្ច និង ទេសចរណ៍ សាលាបច្ចេកទេស និងសាលាពាណិជ្ជសាស្ត្រ។ នៅមានកុមារចំនួន ៧០០ នាក់ផ្សេងទៀតកំពុង ទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីបន្ថែមផ្សេងៗ ដែលទាំងនេះពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យគម្រោងអប់រំ ទទួលបានជោគជ័យ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ អង្គការ ប៉េ អេស អឺ នឹងប្រារព្ធពីធីសម្ពោធខ្សែភាពយន្តរឿង “ស្រកាមាស” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលមហោស្របចតុមុខ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រមទាំងមានការចូលរួមពីបណ្តាក្រុមហ៊ុនដៃគូ អង្គការ និង តំណាងរាជរដ្ឋាភិបាលប្រមាណ ៦០០ នាក់។

លើសពីនេះទៅទៀត ខ្សែភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងនៅតាមបណ្តារោងភាពយន្តមួយចំនួនដូចជា៖ Major by cellcard ពីថ្ងៃទី ១៣-១៦ ខែកញ្ញា ឆ្នាំ២០១៦ Platinum Cineplex ពីថ្ងៃទី ១៥-១៨ ខែកញ្ញា ឆ្នាំ២០១៦ និងLegend Cinema ពីថ្ងៃទី ១៦-១៩ ខែកញ្ញា ឆ្នាំ២០១៦។ សំបុត្រអាចរកទិញបាននៅតាមរោងភាពយន្តនីមួយៗ។ ថវិកាដែលបានពីការលក់សំបុត្រ នឹងយកទៅប្រើប្រាស់ដើម្បីគាំទ្រដល់កម្មវិធីរបស់អង្គការ ដើម្បីភាពញញឹមនៃកុមារ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អបអរសាទរពិធីគម្រប់ខួបលើកទី ២០ របស់អង្គការ ដើម្បីភាពញញឹមនៃកុមារ

អបអរសាទរពិធីគម្រប់ខួបលើកទី ២០ របស់អង្គការ ដើម្បីភាពញញឹមនៃកុមារ