អគ្គរាជទូត​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​កំពុង​រក​ភស្តុ​តាង ដើម្បី​ជួយ​​ពលករ​ខ្មែរ​​ម្នាក់​

​ពលករ​ខ្មែរ​ម្នាក់​មានឈ្មោះទុំ ចាន់​ថន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ខេត្តតាកែវ ដែល​ទើប​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​រយៈ​ពេល​២​ខែ (ផ្នែក​ឧស្សាហកម្ម​ក្នុង​តំបន់ Anseong ខេត្ត Gyeonggi) ត្រូវ​បាន​មេការ​រោងចក្រ​ប្រើ​អំពើ​ហិង្សា​យ៉ាង​​អយុត្តិធម៌​ទៅ​លើ​រូបគេ ក្នុងអំឡុងពេល​បំពេញការងារ និង​ពេល​សម្រាក​ពី​ការងារ​ផង​ដែរ ។

ដោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ កាលពីព្រឹក​ថ្ងៃ​ទី​១២ ​កញ្ញា ​២០១៦ លោក​ឡុ​ង ឌី​ម៉​ង់ អគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ រួម​ជាមួយ​ទីប្រឹក្សា​ការងារ​ទទួល​បន្ទុក​ពលករ​អម​ស្ថានទូត បាន​ជួប​ពិភាក្សា និង​ហូប​បាយ​ជាមួយ​ពលករ​ខ្មែរ​ដែល​រង​គ្រោះ
​នោះ ។

មន្ត្រី​ស្ថានទូត​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ស្ថានទូត បាន​ជួប​ពិភាក្សា និង​ស្ដាប់​នូវ​ដំណើររឿង​លម្អិត របស់​ប្អូន​ឈ្មោះ​ទុំ ចាន់​ថន ដើម្បី​ប្រមូល​ភស្ដុ​តាង យក​ជា​មូលដ្ឋាន ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​គាត់​តាម​នីតិវិធី​ច្បាប់ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ ស្ថានទូត​បាន និង​កំពុង​ទាក់ទង​អន្ដរាគមន៍​ទៅ​ថៅកែ​រោងចក្រ​រួច​ហើយ នឹង​កំពុង​រៀបចំ​បន្ដ​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​របស់​សាធារណរដ្ឋ​កូរ៉េ​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ពលករ​ខ្មែរ​យើង ។