ចិន និង​រុ​ស្ស៊ី​ចាប់​ធ្វើ​សមយុទ្ធ​យោធា​រួម​នៅ​សមុទ្រ​ចិន​ខាងត្បូង

កង​នាវាចម្បាំង​រុ​ស្ស៊ី​បាន​មក​ដល់​កំពង់​ផែ ZHANJIANG ខេត្ត​ក្វា​ង​ទុង​ភាគ​ខាងកើត​ចិន​កាលពី​ថ្ងៃ​ទី​១២ កញ្ញា ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រួម​មួយ​ជាមួយ​កងកម្លាំង​នាវាចរណ៍​ចិន ។

សមយុទ្ធ​មានឈ្មោះ «JOINT SEA 2016» នេះ​ត្រូវ​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១២ ដល់​១៩ កញ្ញា នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ដែនទឹក​នៃ​ខេត្ត​ក្វា​ង​ទុង ។

ឧត្តមសេនីយ៍ WANG HAI មេបញ្ជាការ​រង​នៃ​កង​ម៉ា​រី​ន​ចិន​ទទួល​បន្ទុក​សមយុទ្ធ​នេះ​ថ្លែង​ថា ឆ្នាំ​នេះ​កំណត់​ពី​ខួប​លើក​ទី​២០​នៃ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រវាង​ភាគី​ទាំង​២ ។ ប្រទេស​ទាំង​២​បាន​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​៦​លើក ហើយ​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយ រួច​សម​យុទ្ធនា​ឆ្នាំ​នេះ នឹង​ពង្រឹងសមត្ថភាព​របស់​ប្រទេស​ទាំង​២ ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​គំរាមកំហែង​ដល់​សន្តិសុខ​រួម ។

ចំណែក​អ្នកនាំពាក្យ​របស់​កង​ម៉ា​រី​ន​ចិន លោក LIANG YANG គូសបញ្ជាក់​ថា សមយុទ្ធ​នេះ​នឹង​កំណត់​ពី​ស្តង់ដា​មាន​កម្រិត​កាន់តែ​ខ្ពស់​នៃ​ការ​ប្រយុទ្ធ​ក្នុង​ចំណោម​សមយុទ្ធ រួម​ទាំងឡាយ​នា​ពេល​ថ្មី​ៗ​នេះ រវាង​ចិន និង​រុ​ស្ស៊ី ។ បណ្តា​អ្នកចូលរួម​នឹង​ធ្វើ​រួម​គ្នា​នូវ​ប្រតិបត្តិការ​ការពារ​អាកាស ប្រតិបត្តិការ​តស៊ូ​ប្រឆាំង​នាវាមុជទឹក ការ​ដាក់​ទ័ព​តាម​នាវា ការ​ដណ្តើម​កាន់កាប់​កោះ ការ​រុករក និង​ជួយ​សង្គ្រោះ ព្រមទាំង​ការ​ប្រើប្រាស់​អាវុធ​ទាំងឡាយ ។

រុ​ស្ស៊ី​បញ្ជូន​នាវាចម្បាំង​៣​គ្រឿង នាវា​ផ្គត់ផ្គង់​ភស្តុ​ភារ​២​គ្រឿង ឧទ្ធម្ភាគចក្រ​២​គ្រឿង ទាហាន​៩៦​នាក់ ព្រមទាំង​ឧបករណ៍​យោធា​ទំនើប​ៗ ។ ចំណែក​ខាង​ចិន​ចូលរួម​ដោយ​កង​នាវាចរណ៍ NANHAI នៃ​កង​ម៉ា​រី​ន ចិន ព្រមទាំង​នាវា​មួយ​ចំនួន​នៃ​កង​នាវាចរណ៍ BEIHAI និង​កង​នាវាចរណ៍ DONGHAI ។ សរុប​មាន​នាវាចម្បាំង​ចិន​១០​គ្រឿង​ចូលរួម​ក្នុង​សមយុទ្ធ​ជើង​ទឹក​រួម​នេះ ក្នុង​នោះ​មាន​នាវា​ប្រឆាំង​គ្រាប់បែក​បុក បណ្តា​នាវា​ពិឃាត នាវា​ដឹក​ទ័ព នាវា​ផ្គត់ផ្គង់ ព្រមទាំង​បណ្តា​នាវាមុជទឹក ។ យន្តហោះ​១១​គ្រឿង ឧទ្ធម្ភាគចក្រ​៨​គ្រឿង ទាហាន​១៦០​នាក់ ព្រមទាំង​ឧបករណ៍​យោធា​ទំនើប ក៏​ចូលរួម​ក្នុង​សមយុទ្ធ​ដែរ ៕