នារីរងគ្រោះ ដោយសារទឹកអាស៊ីតម្នាក់ មានឱកាសដើរបង្ហាញម៉ូដ ក្នុងកម្មវិធី NY Fashion Week

អាមេរិក៖ នារីរងគ្រោះជនជាតិឥណ្ឌា ដោយសារការវាយប្រហារពីទឹកអាស៊ីតម្នាក់ បានចូលរួមបង្ហាញសម្រស់របស់ខ្លួន នៅក្នុងកម្មវិធីបង្ហាញម៉ូដ NY Fashion Week ដើម្បីលើកកម្ពស់ការហាមប្រាម លើការលក់សារធាតុអាស៊ីត ដែលបានធ្វើឲ្យស្រ្តី និងកុមាររាប់ពាន់នាក់ពិការ នៅក្នុងមួយឆ្នាំៗ។

នាង Reshma Quereshi អាយុ១៩ឆ្នាំ បានខូចខាតផ្ទៃមុខ ព្រមទាំងភ្នែកមួយចំហៀង ក្នុងការវាយប្រហារដោយទឹកអាស៊ីត ពីសំណាក់បុរសមួយក្រុម ដោយក្នុងនោះមានម្នាក់ជាបងថ្លៃរបស់នាងផងដែរ  គ្រាដែលនាងកំពុងដើរទៅសាលារៀន កាលពី២ឆ្នាំមុន នៅប្រទេសឥណ្ឌា។ 

ក្រោយពីបានស៊ូទាំ្រជាមួយនឹងការវះកាត់ស្បែករលួយជាច្រើនដង និងការប៉ុនប៉ងធ្វើអត្តឃាត នាងក៏បានជួបជាមួយនឹងស្ថាបនិកក្រុម “Make Love Not Scars” ជាក្រុមមួយដែលជួយដល់អ្នករួចជីវិតពីឧក្រិដ្ឋកម្មយេនឌ័រ។ ពេលនេះនាង Quereshi គឺជាមុខមាត់នៃយុទ្ធនាការវីដេអូអនឡាញរបស់ក្រុម ដែលត្រូវបានគេចូលទស្សនាចំនួនជាង ១លាន៣សែនដង និងនាំឲ្យនាងអាចមកកាន់ទីក្រុងញ៉ូវយក។

នាង Quereshi មិនដែលគិតថានាងបានចេញទៅក្រៅប្រទេសនោះទេ ហើយសូម្បីតែមកដើរបង្ហាញម៉ូដ ក្នុងទីក្រុងញ៉ូវយកនោះក៏អត់ដែរ។ នាងបាននិយាយពីដំណើរមកកាន់ទីក្រុងញ៉ូវយក តាមរយៈអ្នកបកប្រែថា «ខ្ញុំមិនអាចជឿថាវាបានកើតឡើងចំពោះខ្ញុំនោះទេ  ហើយនៅពេលនេះខ្ញុំមានអារម្មណ៍​រីករាយខ្លាំងណាស់»

នាងបាននិយាយថា នាងសង្ឃឹមថានៅពេលដល់វេននាងដើរបង្ហាញម៉ូដ នឹងជំរុញក្តីសង្ឃឹម និងទំនុកចិត្តទៅដល់ជនរងគ្រោះដោយការវាយប្រហារពីទឹកអាស៊ីតផ្សេងទៀត ព្រមទាំងជំរុញបណ្តាប្រទេសនានា ដើម្បីគ្រប់គ្រងការលក់អាស៊ីតដែលមានតម្លៃថោក និងអាចរកបានយ៉ាងងាយស្រួលនោះ។ 

នាង Quereshi បន្តថា «គ្មាននរណាម្នាក់ យល់ពីការវាយប្រហារដោយទឹកអាស៊ីតជាអ្វីនោះទេ លើកលែងតែអ្នករស់រានមានជីវិតពីវាផ្ទាល់។ ហើយខ្ញុំមិនចង់ឲ្យរឿងនេះកើតឡើងទៅលើនរណាម្នាក់ទៀតនោះទេ»

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា គឺជាប្រទេសដែលមានចំនួនខ្ពស់ជាងគេបំផុត នៃការវាយប្រហារដោយទឹកអាស៊ីត នៅក្នុងកំណត់ត្រា ដែលជាញឹកញាប់គឺកើតឡើងក្នុងទំរង់នៃការសងសឹក ពីសំណាក់ប្តីដែលត្រូវបោះបង់ចោល ឬមនុស្សប្រុសដែលត្រូវគេបដិសេធស្នេហ៍៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នារីរងគ្រោះ ដោយសារទឹកអាស៊ីតម្នាក់ មានឱកាសដើរបង្ហាញម៉ូដ ក្នុងកម្មវិធី NY Fashion Week

នារីរងគ្រោះ ដោយសារទឹកអាស៊ីតម្នាក់ មានឱកាសដើរបង្ហាញម៉ូដ ក្នុងកម្មវិធី NY Fashion Week

នារីរងគ្រោះ ដោយសារទឹកអាស៊ីតម្នាក់ មានឱកាសដើរបង្ហាញម៉ូដ ក្នុងកម្មវិធី NY Fashion Week

នារីរងគ្រោះ ដោយសារទឹកអាស៊ីតម្នាក់ មានឱកាសដើរបង្ហាញម៉ូដ ក្នុងកម្មវិធី NY Fashion Week