សុខ ពិសី៖ មន្ទីរពេទ្យ គន្ធបុប្ផា ធ្លាប់ជួយជីវិតខ្ញុំ កាលពីនៅតូច

ភ្នំពេញៈ តារាចម្រៀងឈរនៅលំដាប់ជួរមុខ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី នៅក្នុងពេលឆាប់ៗនេះនាងនឹងបង្ហាញខ្លួន ក្នុងការប្រគំតន្រ្តីសប្បុរសធម៌ រៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ដោយនាងបានប្រាប់ឲ្យដឹងពីទឹកចិត្តរបស់នាងថា នាងស្រលាញ់ និងចង់ជួយមន្ទីរពេទ្យគន្ធបុប្ផា តាមដែលនាងអាចធ្វើទៅបាន ព្រោះថាកាលពីនាងនៅតូចមន្ទីរពេទ្យសប្បុរសធម៌មួយនេះ ធ្លាប់បានជួយជីវិតនាងក៏ដូចជា កុមារដទៃទៀត នៅទូទាំងប្រទេស ។

តារាសម្តែង និងជាតារាចម្រៀង កញ្ញា សុខ ពិសី បានរំលឹកអតីតកាលថា មន្ទីរពេទ្យគន្ធបុប្ផាគឺជាមន្ទីរពេទ្យ មួយដែលបានជួយ ព្យាបាល ជំងឺ ដល់កុមារនៅទូទាំងប្រទេសកម្ពុជា ដោយមិនគិតប្រាក់កំរៃ ហើយនៅក្នុងកាលពីនាងនៅកុមារភាព នាងក៏ត្រូវ បាន ម្តាយយកព្យាបាល នៅមន្ទីរពេទ្យនេះ ជាញឹកញាប់ដែរ ព្រោះថាកាលពីនាងនៅតូច គឺស្ថានភាពជីវភាពគ្រួសារ ហាក់ជួបការខ្វះខាត ដូច្នេះបើគ្មានពេទ្យនេះទេ ថាមិនត្រូវនាងអាចបាត់បង់ជីវិតផងក៏មិនដឹង ។ 

តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ក្នុងនាមនាងជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកដែលធ្លាប់ទទួលការព្យាបាលនាងពិតជា ចង់ឃើញ មន្ទីរពេទ្យនេះ ដំណើរការបន្តទៀត ដូច្នេះហើយបានជានាង សម្រេចចិត្តចូលរួមការប្រគំតន្ត្រីស្វែង រកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ហើយមិនតែប៉ុណ្ណោះ សូម្បីតែថវិកាដែលខាងអ្នករៀបចំកម្មវិធីផ្តល់ឲ្យ នាងក៏នាងយកទៅចូលរួមបរិច្ចាគ ជួយមន្ទីរពេទ្យនេះដែរ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា   តារាចម្រៀងលំដាប់កំពូល ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី កាលពីប៉ុន្មាន​ថ្ងៃ​នេះ ​បានសម្តែងខ្សែភាពយន្តមួយ របស់ផលិតកម្ម សាន់ដេ ក្នុងឈុតមួយ​តម្រូវឲ្យគេចាប់នាង​ ចងដៃ​ជើងផ្អោប​ជា​មួយកៅអី រហូតបណ្តាលឲ្យមានស្លាកស្នាមជាំដៃជាំជើង និងឈឺពេញខ្លួន ស្ទើរងើប​ដើ​រពុំរួច។ ប៉ុន្តែជាចម្លើយត្រូវបាន ពិសី ឆ្លើយថា នាងអត់ខ្វល់អ្វីទេ ​ទោះត្រូវឈឺជាងនេះក៏​ពេ​ញ​ចិត្តដែរ ពោលគឺចង់បានតែម្យាងប៉ុណ្ណោះ គឺភាពយន្តមានគុណភាព និងក៏ព្រោះតែនាងស្រឡាញ់ការងារផងដែរ។

​តា​រាច​ម្រៀងសំឡេងស្រទន់ចរឹតរួសរាយ មានប្រជាប្រិយភាព កញ្ញា សុខ ពិសី បានប្រាប់​ឲ្យដឹង​ថា​ ពិតមែនតែខ្លួននាង ត្រូវឈឺស្ទើរងើបដើរមិនរួចហើយ ដៃជើងមានស្នាមជាំបែបនេះ យ៉ាងណា​ក្តីក៏នាងមិនរួញរា ក្នុងការសម្តែងដែរ ព្រោះថាសិល្បៈ នាងស្រឡាញ់ខ្លាំង ហើយកាន់តែពិសេសជាងនេះ គឺដើម្បីគុណភាពនៃខ្សែភាពយន្ត ឲ្យកាន់តែមានភាពល្អ ពេលចាក់បញ្ចាំងទទួលបានការគាំទ្រ ពីទស្សនិកជន។

តារាចម្រៀង ដែលស្ថិតក្នុងដួងចិត្តយុវវ័យ មានសម្ដីស្រទន់គួរឲ្យលង់ស្នេហ៍ កញ្ញា សុខ ពិសី បានបន្ត​ថា «​ខ្ញុំនិងខិតខំឲ្យអស់ពីសមត្ថិភាព ហើយខ្ញុំទទួលស្គាល់ថា ការថតខ្សែភាយន្ដនេះ គឺលំបាកសម្រាប់ខ្ញុំ ព្រោះឈុតសម្ដែ​ង​ជាច្រើន ដែលខ្ញុំមិនធ្លាប់សម្ដែងពីមុនមក នឹងត្រូវឈឺខ្លួន អត់ងងុយ និងមានកម្មវិធី concert បន្តគ្មានពេលសំរាក​សោះ ប៉ុន្ដែការចំណាយ​កម្លាំងរបស់ខ្ញុំ អាចជួយលើកស្ទួយវិស័យភាពយន្ដខ្មែ​រ ឲ្យកាន់តែរីកចម្រើន ខ្ញុំគ្មានពាក្យថារួញរាទេ គឺមានតែការតស៊ូ ហើយខ្ញុំក៏អរគុណបងប្អូនទាំងអស់ សម្រាប់ក្ដីស្រឡាញ់ និងការគាំទ្រ!»។

កញ្ញា សុខ ពិសី បាននិយាយទៀតថា សភាពនៃការជាំ​ដៃ និងជើងរបស់នាងនេះ គឺកើតឡើង​​ក្រោយ​ពេល​សម្តែងក្នុងឈុតមួយ ដែលត្រូវឲ្យក្រុមចោរចាប់ជំរិត ​នាង ចងដៃ​ចងជើងភ្ជាប់​ជាមួយនឹងកៅអី ហើយចាប់វាយធ្វើបាបតួសម្តែងប្រុស ដែល​​សម្ដែងជាឪពុករបស់នាង ដើម្បីជំរិតទារប្រាក់។ ប៉ុន្តែនៅពេលរើបបំរាស់ ក៏មានសភាពជាំយ៉ាងដូច្នេះតែម្តង ​ធ្វើឲ្យឈឺចាប់ ស្ទើរងើបដើរមិនរួច។

តារាចម្រៀងរូបស្រស់ កញ្ញា សុខ ពិសី បានបន្ថែមទៀតថា ថ្វីត្បិតនាង ត្រូវជាំដៃនិងជើង ហើយ​​ឈឺ​ពេញខ្លួនប្រាណបែបនេះ ក៏ពិតមែន ​នាងនៅតែសប្បាយចិត្ត សម្រាប់ការសម្តែងនេះ​ដដែ​ល។ ម្យ៉ាងវិញទៀត ទោះបីជាពេលក្រោយៗ មានឈុតឆាកសម្តែង​ត្រូវលំបាកជាងនេះ ក៏នាងពេញចិត្តសម្តែង មិនរាថយឡើយ៕ ​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload