អំពើពុករលួយ​របស់​លោក ឡង ឌី នាយក​ទីចាត់ការ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​

ថ្មីៗ​នេះ​មន្ត្រីរាជការ​ក្នុង​សាលា​រាជធានី​ភ្នំពេញ​មួយចំនួន​បាន​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​របស់លោក ឡង ឌី នាយក​ទីចាត់ការ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ ដោយសារតែ​លោក ឡង ឌី អាងខ្នង​បង្អែក​រឹងមាំ​ហើយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ អំពើពុករលួយ​របស់​លោក ឡង ឌី មានដូចជា​ឃុបឃិត​ជាមួយ​បក្ខពួក​ក្នុងការ​កឹ​ប​កេង​ថវិការដ្ឋ​តាមរយៈ​ការដេញថ្លៃ​សាងសង់​សំណង់​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ទោះជា​យ៉ាងណា​រហូតមក​ដល់ពេលនេះ​មិនទាន់​ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឡង ឌី នាយក​ទីចាត់ការ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក ឡង ឌី គឺជា​ក្មួយ​របស់លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ហើយ​លោក ប៉ា សុជាតិ​វង្ស បាន​យក​មន្ត្រី​រូបនេះ​ពី​ខេត្តបាត់ដំបង ឲ្យ​មកជួយ​ការងារ​របស់ខ្លួន​។ ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​បែបនេះហើយ​ទើប​លោក ឡង ឌី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជាពិសេស​ឃុបឃិត​កេងប្រវ័ញ្ច​ថវិការដ្ឋ​ទៅលើ​គម្រោង​សាងសង់​សំណង់​ផ្សេងៗ​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ចំណាយ​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយឆ្នាំៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ មិន​ហ៊ាន​ដេញដោល​ជាមួយ​លោក ឡង ឌី នោះទេ​ព្រោះ​ខ្លាច​ឥទ្ធិពល​លោក ប៉ា សុជាតិ​វង្ស ដែលជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់​មន្ត្រី​ពុករលួយ​ឈ្មោះ ឡង ឌី​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឡង ឌី បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​រកស៊ី​ត្រឹមត្រូវ​ហើយ​ចង់​ចូលរួម​ដេញថ្លៃ​សាងសង់​សំណង់​ផ្សេងៗ​ដែលជា​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​មិនអាច​ទៅរួច​ឡើយ​ព្រោះ​អាច​ប្រឈម​នឹង​ផលវិបាក​សព្វបែបយ៉ាង​។ មានតែ​ក្រុមហ៊ុន​ដែលមាន​ភាគហ៊ុន​របស់​លោក ឡង ឌី ឬ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ឡង ឌី ទើប​អាច​ចូលរួម​ដេញថ្លៃ​សាងសង់​សំណង់​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​រលូន​។ តាមរយៈ​ការឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ចង់​មុង​ដេញថ្លៃ​មួយចំនួន គឺ​លោក ឡង ឌី និង​បក្ខពួក​មួយ​ក្ដាប់​តូច​អាច​កេងប្រវ័ញ្ច​ថវិការដ្ឋ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។

រឿងអាស្រូវ​ពុករលួយ​របស់លោក ឡង ឌី ពាក់ព័ន្ធ​ទៅនឹង​ការកេងប្រវ័ញ្ច​ថវិការដ្ឋ​ជុំវិញ​គម្រោង​សាងសង់​ផ្លូវ សួនច្បារ ស្ដារ​ប្រព័ន្ធ​លូ រៀបចំ​អំពូល​ភ្លើង​បំភ្លឺ​ពេលយប់ ព្រមទាំង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​ដែលមាន​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ លោក ឡង ឌី បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ជា​ដៃគូ​របស់ខ្លួន​ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​ដោយ​បំប៉ោង​ការចំណាយ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ការដេញថ្លៃ​គម្រោង​សាងសង់​ផ្សេងៗ​ពុំមាន​តម្លាភាព​នោះទេ​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនត្រូវ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក ឡង ឌី នាយក​ទីចាត់ការ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ​នោះទេ បើទោះបី​មន្ត្រី​រូបនេះ​មាន​លោក ប៉ា សុជាតិ​វង្ស ជា​ខ្នងបង្អែក​យ៉ាងណាក៏ដោយ​៕

1-49

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ  visal_line_20_mar_2016_acu

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ