សូម្បីតែ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក៏មាន​ជំនួញ​ឈើ​គ្រញូង​ឆ្លងកាត់​ដែរ

ជំនួញ​ឈើ​គ្រញូង​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់បាត់​បង់ជីវិត​ច្រើន​នាក់​មកហើយ ដោយសារ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​យកមក​លក់​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ចរិត ហើយ​មាន​ឈ្មួញ​យួន​ប្រមូល​ទិញ​ឈើ​គ្រញូង​ដល់​តាម​ព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ និង​ខេត្តបន្ទាយមានជ័យ​ទៀតផង​។ ទាក់ទង​នឹង​បញ្ហា​នេះ មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​កម្លាំង​សមត្ថកិច្ច​ចាត់វិធានការ​វែកមុខ​ក្រុម​មេ​ឈ្មួញ​ឧក្រិដ្ឋជន​ឈើ​គ្រញូង​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​កុំ​ឲ្យ​មាន​បទឧក្រិដ្ឋ​ឈើ​គ្រញូង​ប្រឡាក់​ឈាម​តទៅទៀត​។ ដោយហេតុថា​បច្ចុប្បន្ន​មិនមែន​តែ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ​ទេ ដែលមាន​បទល្មើស​ជួញដូរ​ឈើ​គ្រញូង​ឆ្លងកាត់ គឺ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក៏មាន​បទល្មើស​ជួញដូរ​ឈើ​គ្រញូង​ឆ្លងកាត់​ដែរ​។

កាលពី​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ ឈើ​គ្រញូង​ជាច្រើន​ដុំ​ទម្ងន់​៦១២​គីឡូក្រាម​ដែល​ឈ្មួញ​នាំចូល​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រូវ​សមត្ថកិច្ច​គយ​ចាប់បាន​នៅពេលដែល​ឈ្មួញ​លួច​បង្កប់​តាម​រទេះ​ដឹកទំនិញ ហើយ​ជួល​កម្មករ​ឲ្យ​អូស​រទេះ​ឆ្លងដែន​។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​គយ​មិនទាន់បាន​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​ឈ្មួញ​ដែលជា​ម្ចាស់​ឈើ​គ្រញូង​នោះទេ ហើយ​បាន​ត្រឹម​ធ្វើ​កំណត់ហេតុ​ដើម្បី​បញ្ជូន​ឈើ​គ្រញូង​ទាំងនោះ​យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ទន្ទឹមនឹងនេះ​មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​វែកមុខ​ឈ្មួញ​ម្ចាស់​ឈើ​គ្រញូង​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​ព្រមាន​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​។

សូមបញ្ជាក់ថា​ជំនួញ​ឈើ​គ្រញូង​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ បានកើត​ឡើងជា​បន្តបន្ទាប់​នាពេល​កន្លងមក​ដោយ​ឈ្មួញ​នាំចូល​តាម​ច្រករបៀង​ក្នុងស្រុក​ម៉ាឡៃ ឆ្ពោះ​មក​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង រួច​បន្ត​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​។ ឥឡូវនេះ​ជំនួញ​ឈើ​គ្រញូង​បាន​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ ហើយ​សមត្ថកិច្ច​មិនទាន់​វែកមុខ​ឈ្មួញ​នៅឡើយ​ទេ គឺ​បាន​ត្រឹម​រឹបអូស​ឈើ​យកទៅ​រក្សាទុក​ប៉ុណ្ណោះ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ ដែលជា​មេ​ឈ្មួញ​ទៅ​ប្រមូល​ទិញ​ឈើ​គ្រញូង​ដល់​ព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​៕

img_5066 untitled-1 img_5063