ថៃ​ផ្អាក​លែង​ឲ្យ​នាំ​ចូល អាជីវករ​ខ្មែរ​លើកគ្នា​តវ៉ា

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ និង​អាជីវករ​មក​ពី​ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ កំពង់ចាម កណ្តាល កំពង់ធំ និង​ខេត្ត​នានា ប្រហែល​៥០​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ដើម្បី​តវ៉ា​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ជួយ​រក​ដំណោះស្រាយ និង​រក​វិធានការ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ក្នុង​ការ​នាំ​ចេញ​ផ្លែស្វាយ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ដូច​ពេល​មុន ខណៈ​កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៦ ខាង​ភាគី​ថៃ​សម្រេច​ផ្អាក​មិន​ឱ្យ​នាំ​ផ្លែស្វាយ​ចូល​ទៅ​លក់​នៅ​ប្រទេស​គេ​ទៀត ដោយ​ទាមទារ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន ។

ការ​លើកគ្នា​តវ៉ា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​រក​ដំណោះស្រាយ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ។

តំណាង​អាជីវករ​ឈ្មោះ អោម ពេជ្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មក​ពី​ខេត្តកណ្តាល និង​ឈ្មោះ ហុ​ក ស្រី​មុំ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា គោលបំណង​ដែល​ពួក​គាត់​មក​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​នេះ គឺ​ដើម្បី​ទាមទារ​ឱ្យ​ខាង​អាជ្ញាធរ​ខេត្ត និង​ក្រសួងកសិកម្ម ជួយ​រក​ដំណោះស្រាយ​ក្នុង​ការ​នាំ​ចេញ​ផ្លែ​ស្វាយកែវ​ល្មៀត ដែល​ប្រជាពលរដ្ឋ​បាន​ដាំ​នៅ​តាម​ចម្ការ​នានា​ទូ​ទាំង​ប្រទេស ដើម្បី​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ព្រំ នៃ​ខេត្ត​ប៉ៃលិន ។ តែ​កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា​កន្លង​ទៅ ខាង​ភាគី​ថៃ​បាន​ប្រជុំ​គ្នា​សម្រេច​ផ្អាក​លែង​ឲ្យ​នាំ​ផ្លែស្វាយ​របស់​ខ្មែរ​ទៅ​លក់​នៅ​ក្នុង​ទឹកដី​ប្រទេស​គេ​តទៅ​ទៀត ព្រោះ​គេ​យក​លេស​នេះ​លេស​នោះ ថា​គ្មាន​គុណភាព ហើយ​ក៏​សម្រេច​ផ្អាក​យ៉ាងនេះ​តែ​ម្តង ។

ពួក​គាត់​បន្ត​ទៀត​ថា សូម​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​ជិត​ដល់​រដូវ​ប្រមូល​ផល​ហើយ បើសិនជា​គ្មាន​ដំណោះស្រាយ​ណាមួយ​ទេ ប្រជាពលរដ្ឋ​នឹង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​គ្រួសារ ។ ម្យ៉ាងវិញទៀត ខាង​អាជីវករ និង​ប្រជាពលរដ្ឋ​នឹង​នាំ​គ្នា​តវ៉ា​ម្តងទៀត​ជា​ទ្រង់ទ្រាយ​ធំ បើ​គ្មាន​ដំណោះស្រាយ​ជូន​ពួក​គាត់​នោះ​ទេ ។ ពួក​គាត់​បញ្ជាក់​ថា ការ​នាំ​ផ្លែស្វាយ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ គឺ​មាន​តែ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​នៃ​ខេត្ត​ប៉ៃលិន​មួយ​ប៉ុណ្ណោះ ដែល​អាច​នាំ​ចេញ​ទៅ​បាន​នា​ពេល​កន្លង​មក ។

លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ ខាង​មន្ទីរ​បាន​ធ្វើ​របាយការណ៍​ទៅ​ក្រសួងកសិកម្ម​ហើយ ដោយ​ខាង​អាជ្ញាធរ​ខេត្ត​ក៏​បាន​បង្កើត​គណៈកម្មការ (​ក្រុមការងារ​ជម្រុញ​ការ​នាំ​ចេញ​កសិផល​ទៅ​ប្រទេស​ថៃ​) ដែល​មាន​លោក ទុំ ណូ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ជា​ប្រធាន ហើយ​លោក​ជា​អនុប្រធាន ព្រមទាំង​មាន​សមាសភាព​ទាំងអស់​ចំនួន​១៣​រូប ដើម្បី​ដោះស្រាយ​ជាមួយ​ភាគី​ថៃ​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា​ស្អែក​នេះ ។ លោក​បន្ត​ទៀត​ថា ខាង​ភាគី​ថៃ គេ​ពិនិត្យ​ឃើញ​ថា ផ្លែស្វាយ​របស់​ខ្មែរ​យើង​មាន​បញ្ហា​៣​យ៉ាង ទី​១-​មាន​សត្វល្អិត​មួយ​ចំនួន​នៅ​ក្នុង​គ្រាប់ ទី​២-​ព្រួយបារម្ភ​ក្រែង​មាន​បាក់តេរី​នៅ​ក្នុង​ផ្លែស្វាយ និង​ទី​៣-​ផ្លែស្វាយ​មាន​មេរោគ​ផ្សិត​នៅ​ក្នុង​ផ្លែ​ផង​ដែរ ទើប​ភាគី​ថៃ​គេ​ផ្អាក​ការ​នាំ​ចូល និង​ឱ្យ​ខាង​ភាគី​ខ្មែរ​ធ្វើ​កន្លែង​ពិនិត្យ​គុណភាព​ទាំងនោះ​ជា​មុន ។

លោក សាយ សុ​ផាត បញ្ជាក់​ថា ខាង​ខ្មែរ​យើង​កំពុង​រៀបចំ​កន្លែង​ពិនិត្យ​គុណភាព​ផ្លែ​ឈើ​មួយ​កន្លែង​នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដើម្បី​ឱ្យ​ភាគី​ថៃ​ទទួលស្គាល់​ពី​គុណភាព​កសិផល​របស់​ខ្មែរ​យើង ៕