ចិន​កំពុង​បង្កើត​យន្តហោះ​យុទ្ធសាស្ត្រ​ថ្មី​អាច​ផ្ទុក​គ្រាប់​នុយក្លេអ៊ែរ​ហោះ​បាន​លឿន និង​បំបាំងកាយ

កងទ័ព​ចិន​កំពុង​តែ​បង្កើត​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ ថ្មី ។ យន្តហោះ​នោះ​ផលិត​ដើម្បី​អាច​ដើរតួ​នាទី​កាន់តែ​សំខាន់​ក្នុង​កងកម្លាំង​នុយក្លេអ៊ែរ​ចិន ។

លោក VASSILI KACHINE អ្នក​ជំនាញការ​យោធា​រុ​ស្ស៊ី​មួយ​រូប​ថ្លែងប្រាប់ SPUTNIK ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ហោះ​ឆ្ងាយ​ថ្មី​នេះ ដែល​ការ​បង្កើត​ត្រូវ​បាន​ប្រកាស​ដោយ​ប្រទេស​ចិន​អាច​បំពេញបេសកកម្ម​ជាមួយ​អាវុធ​នុយក្លេអ៊ែរ​ប្រឈម​មុខ​នឹង​សហរដ្ឋ​អា​មេ​រិ​ក ។

លោក KACHINE បន្ត​ថា ចិន​បច្ចុប្បន្ន​ផលិត​បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ហោះ​បាន​ឆ្ងាយ​ធុន XIAN H-6K ដែល​អាច​បាញ់​មី​ស៊ី​ល​បណ្តែត​រយៈ​មធ្យម និង​បំពាក់​ដោយ​អាវុធ​ទំនើប​ឯទៀត​ៗ ។ យន្តហោះ H-6K បំពាក់​ប្រព័ន្ធ​សង្គ្រាម​អេ​ឡិច​ត្រូ​និក​ទំនើប និង​ម៉ាស៊ីន​របស់​រុ​ស្ស៊ី​ដែល​បង្កើន​ការ​ហោះហើរ​បាន​កាន់តែ​ឆ្ងាយ ។ ទោះបី​យ៉ាងណា យន្តហោះ​ធុន​នេះ​ពុំ​អាច​ចាត់​ទុក​ថា ជា​យន្តហោះ​បំពាក់អាវុធ​នុយក្លេអ៊ែរ​ឡើយ ។ យន្តហោះ​នេះ​ពុំ​ឆ្លើយ​តប​តាម​ការ​ទាមទារ​ចាំបាច់​សម្រាប់​បំពាក់អាវុធ​នុយក្លេអ៊ែរ​ប្រឈម​មុខ​នឹង​សហរដ្ឋ​អា​មេ​រិ​កបាន​ទេ ។ លោក​បន្ត​ថា សមត្ថភាព​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​បំពាក់អាវុធ​នុយក្លេអ៊ែរ​នឹង​ជា​សេចក្តី​ត្រូវការ​ចាំបាច់​បំផុត ។ ប្រសិនបើ​មាន​យន្តហោះ​យុទ្ធសាស្ត្រ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ច្រើន​ត្រៀម​បាញ់​មី​ស៊ី​ល​ស្ថិត​ក្នុង​តំបន់​ណាមួយ នោះ​គេ​អាច​ចៀសវាង​ការ​វាយប្រហារ​របស់​សត្រូវ ។

អ្នក​ជំនាញការ​រូប​នេះ​យល់​ថា សម្រាប់​ចិន​បេស​កម្ម​នុយក្លេអ៊ែរ​នៅ​មានការ​លំបាក​ខ្លាំង​ជាង​សហរដ្ឋអាមេរិក ឬ​រុ​ស្ស៊ី ។ រុ​ស្ស៊ី និង​សហរដ្ឋ​អា​េ​ម​រិ​កបាន​ធ្វើ​ឱ្យ​ទំនើប​រួច​ហើយ បណ្តា​យន្តហោះ​យុទ្ធសាស្ត្រ​របស់​ពួក​គេ​សម័យ​សង្គ្រាមត្រជាក់ ។ យន្តហោះ​ពួក​គេ​ពុំ​ខ្លាច​អ្វី​ឡើយ ។ ចំពោះ​ករណី​ប្រទេស​ចិន​ប្រ​សិន បើ​ចិន​ចង់​វាយប្រហារ​លើ​ដែនដី​អា​េ​ម​រិ​ក​នោះ​បណ្តា​យន្តហោះ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ត្រូវ​រង់ចាំ​បទបញ្ជា​វាយប្រហារ​ពីលើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ដែល​នៅ​ទីនោះ​យន្តហោះ​ទាំងនេះ​នឹង​ប្រឈម​មុខ​ចំពោះ​កងទ័ព​សហ​រដ្ឋ​អា​មេ​រិ​ក និង​កងទ័ព​សម្ព័ន្ធមិត្ត ។ ម្យ៉ាងទៀត បណ្តា​យន្តហោះ H-6K របស់​ចិន​ហោះ​ពុំ​សូវ​លឿន និង​ងាយ​មើលឃើញ ។ បំពាក់​ដោយ​មី​ស៊ី​ល​បណ្តែត​ប្រាកដ​ណាស់​យន្ត​ហោះ​ទាំងនេះ អាច​ដើរតួ​នាទី​ធំ​មួយ​ក្នុង​ជម្លោះ​តំបន់ ក៏​ប៉ុន្តែ​ពុំ​អាច​បំពាក់អាវុធ​នុយក្លេអ៊ែរ​ឡើយ ។

យោង​តាម​លោក KACHINE កង​យោធា​ចិន​ត្រូវការ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ ដែល​ហោះ​លឿន និង​អាច​បំបាំងកាយ​ហោះហើរ​បាន​ឆ្ងាយ ហើយ​បំពាក់​ដោយ​ប្រព័ន្ធ​សង្គ្រាម​អេ​ឡិច​ត្រូ​និក​ខ្លាំង ។ ការ​បង្កើត​យន្តហោះ​ប្រភេទ​នេះ​ពុំ​មែន​ជា​ភារកិច្ច​ងាយស្រួល​មួយ​ឡើយ ៕