Ohara ​ថា​កម្ពុជា​ក្នុង​ពូល B ​មាន​សម្ពាធ​ខ្លាំង តែ​កីឡាករ​ក៏​រឹត​តែ​ខំ​លើស​ដើម

លោក Kazunori Ohara ​គ្រូ​បង្វឹក​ក្រុម U19 ​កម្ពុជា ​បាន​បញ្ជាក់​ថា​កូន​ក្រុម​របស់​លោក​ស្ថិត​ក្នុង​ពូល B ​នៃ​ពាន​រង្វាន់ AFF U19 Championship ​នេះ​គឺ​ពិត​ជា​មាន​សម្ពាធ​ខ្លាំង​មែនទែន ​តែ​វា​ក៏​ជា​កត្តា​បណ្ដាល​ឱ្យ​កីឡាករ​ម្នាក់​ៗ ​លេង​ល្អ​ផង​ដែរ ។

 

Ohara ​ថា​កម្ពុជា​ក្នុង​ពូល B ​មាន​សម្ពាធ​ខ្លាំង តែ​កីឡាករ​ក៏​រឹត​តែ​ខំ​លើស​ដើមKazunori Ohara

 

បើក​ឆាក​ដំបូង​របស់​ក្រុម​កម្ពុជា​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ ចាញ់​ក្រុម​អូស្ត្រាលី​ក្នុង​លទ្ធផល ២-០ ​ខណៈ​ដែល​ការ​ប្រកួត​មួយ​នេះ ​លោក Ohara ​គិត​ថា​កម្ពុជា​ចាញ់​ដោយសារ​តែ​មាឌ​ខាង​ក្រុម​កុងហ្គោរូ​ធំ​ៗ​ខ្លាំង​ពេក បើ​ធៀប​ជាមួយ​កម្ពុជា។ យ៉ាងណាមិញ ក្នុង​ប្រកួត​នោះ​ដែរ អ្នក​គាំទ្រ​មើល​ឃើញ​ថា​ទម្រង់​លេង​របស់​កម្ពុជា​ហាក់​មាន​ទំនុក​ចិត្ត​ចម្លែក​ ដោយ​មិន​ឱ្យ​ក្រុម​អូស្ត្រាលី​បាន​បាល់​ជាប់​ជើង​អូស​ស្រួល​ៗ​នោះ​ទេ។

 

បើ​ក្រឡេក​ទៅ​មើល លោក Ohara ​វិញ ​ធ្លាប់​បាន​បញ្ជាក់​មុន​ចាកចេញ​ទៅ​វៀតណាម​ហើយ​ថា ​កម្ពុជា​ប៉ះ​ក្រុម​មាឌ​ធំ​ៗ​នេះ ​ត្រូវ​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ពួកគេ​បាន​បាល់​ជាប់​ជើង​យូរ​នោះ​ទេ ពោល​គឺ​ត្រូវ​ដេញ​តាម​រហូត។ មួយ​វិញ​ទៀត គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​រូប​នេះ ​បាន​ផ្ដាំ​ដល់​កីឡាករ​ទៀត​ថា លេង​ជាមួយ​ក្រុម​ខ្លាំង​ៗ​នេះ​ហើយ ទើប​កីឡាករ​ទាំង​អស់​ត្រូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង មិន​ត្រូវ​ចាញ់​ច្រាប​នោះ​ទេ។

 

ក្នុង​ពាន​រង្វាន់ AFF U19 Championship ​នៅ​វៀតណាម​នេះ ​កម្ពុជា​ប៉ះ​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ ក្នុង​ពូល​ B ​ដោយ​ប្រកួត​បន្ទាប់​របស់​ពួកគេ​ជួប​ឡាវ​នៅ​ថ្ងៃ​ស្អែក វេលា​ម៉ោង​៤​ល្ងាច ប៉ះ​ថៃ​នៅ​ថ្ងៃ​ទី​១៦ វេលា​ម៉ោង៤​ល្ងាច ​ប៉ះ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​១៨ ​វេលា​ម៉ោង​៣:៣០​នាទី​ល្ងាច ​និង​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​ប៉ះ​ជាមួយ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ទី​២០ ​វេលា​ម៉ោង​៧​ល្ងាច៕

 

អត្ថបទ៖ មុន្នី រម្យ