សហគមន៍​តំបន់​​​​អារ៉ែង​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ប្រ​ឆាំង​ការ​សាង​សង់​ផ្លូវ​

សហគមន៍នៅតំបន់អារ៉ែងដែលទទួលបានជោគជ័យកាលពីឆ្នាំមុនក្នុងការរារាំងគម្រោងសាងសង់ទំនប់វារីអគ្គិសនី បានចាប់ផ្តើមធ្វើយុទ្ធនាការជាថ្មីប្រឆាំងការសាងសង់ផ្លូវដែលអ្នកភូមិភ័យខ្លាចថានឹងបង្កើនការកាប់ឈើខុសច្បាប់។ អ្នកតំណាងសហគមន៍អង្គការមាតាធម្មជាតិនិងសមាជិកសហគមន៍ជនជាតិដើមភាគតិចបានធ្វើសនិ្នសីទសារព័ត៌មានមួយនៅភ្នំពេញកាលពីថ្ងៃច័ន្ទ ដើម្បីបង្ហាញពីក្តីបារម្ភលើគម្រោងសាងសង់ផ្លូវកាត់តាមតំបន់ជនបទក្នុងខេត្តកោះកុង។ លោក សាន់ ម៉ាឡា ជាសហស្ថាបនិកអង្គការមាតាធម្មជាតិបាននិយាយថា “មានមនុស្សអាក្រក់នៅតំបន់អារ៉ែងដែលកាប់ឈើខុសច្បាប់។ពេលយើងមានផ្លូវល្អ ខ្ញុំគិតថាវានឹងកាន់តែធ្វើឲ្យងាយស្រួលដល់ការកាប់ឈើខុសច្បាប់របស់គេ”។ សហស្ថាបនិករូបនេះបាននិយាយថា “តើក្រសួងបរិស្ថានមានវិធានការអ្វី ដើម្បីទប់ស្កាត់និងបង្រ្កាបការកាប់ឈើខុសច្បាប់”? លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានពុំអាចទាក់ទងបានទេ។ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបាននិយាយថា គម្រោងសាងសង់ផ្លូវក្រួសក្រហម១៨គីឡូម៉ែត្រដែលតភ្ជាប់តំបន់អារ៉ែងទៅនឹងស្រុកថ្មបាំងបានរៀបចំរួចហើយ។ អ្នកស្រី ហាស់ ឡី ជាជនជាតិដើមភាគតិចជងបាននិយាយថា អ្នកភូមិមិនខ្វល់ទេ ទោះបីគ្មានផ្លូវក៏ដោយ។ អ្នកស្រីមើលឃើញថាមានប្រយោជន៍ ប៉ុន្តែអ្នកស្រីព្រួយបារម្ភថា គម្រោងនេះនឹងអាចប៉ះពាល់ដល់ជីវិតពួកគេយ៉ាងណាទេ។ អ្នកស្រី ឡី បាននិយាយថា”ពេលយើងឈឺ យើងអាចទៅកាន់មន្ទីរពេទ្យបានឆាប់។ ប៉ុន្តែ ផ្លូវល្អនាំឲ្យមានគ្រឿងញៀន ចោរនិងអ្នកមកបំផ្លាញព្រៃឈើ”។ លោក វ៉ែន វ៉ន សមាជិកសហគមន៍បាននិយាយថា អ្នកស្រុកព្រួយបារម្ភអំពីសន្តិសុខ ព្រោះពួកគេគ្មានសមត្ថភាពទប់ស្កាត់ការកាប់ឈើខុសច្បាប់ដោយខ្លួនឯងទេ។ លោក ប៊ុន លឺត អភិបាលខេត្តបានទាត់ចោលការព្រួយបារម្ភនេះ ដោយនិយាយថា ផ្លូវល្អ នឹងធ្វើឲ្យនគរបាលងាយស្រួលចេញចូល។ លោក លឺត បាននិយាយថា “អាជ្ញាធរយើងមានយន្តការច្បាស់លាស់ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស”។ អង្គការមាតាធម្មជាតិនិងសហគមន៍តំបន់អារ៉ែងមានចុះផ្សាយក្នុងទំព័រកាសែតនានាក្នុងយុទ្ធនាការរបស់គេប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដែលស្នើឡើងដោយរដ្ឋាភិបាលនឹងធ្វើឲ្យជន់លិចតំបន់អារ៉ែង ហើយនឹងបង្ខំអ្នកភូមិជង១.៣០០នាក់ចេញពីតំបន់នោះ។ កាលពីឆ្នាំមុន លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន បានបញ្ជាក់ក្នុងលិខិតមួយថា រដ្ឋាភិបាលអាចធ្វើឲ្យតំបន់នេះក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិវិញ ហើយបានសន្យាថាការសាងសង់ទំនប់នឹងត្រូវពន្យារពេលដល់យ៉ាងហោចណាស់ក្រោយពីការបោះឆ្នោតជាតិឆ្នាំ២០១៨៕ មាំ វិបុល © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post សហគមន៍​តំបន់​​​​អារ៉ែង​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ប្រ​ឆាំង​ការ​សាង​សង់​ផ្លូវ​ appeared first on The Cambodia Daily.