មុខ​ចោរ​2​នាក់​បន្លំ​ប្តូរ​ប្រាក់​ត្រូវ​កាមេរ៉ា​សុវត្ថិភាព​ថត​បាន

មុខ​ចោរ​2​នាក់​បន្លំ​ប្តូរ​ប្រាក់​ត្រូវ​កាមេរ៉ា​សុវត្ថិភាព​ថត​បាន



ខេត្តបន្ទាយមានជ័យ ៖ ជន​១​ក្រុម បាន​ធ្វើ​សកម្មភាព​ដើរ​ដូរ​ប្រាក់ ម្តង​យក​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ម្តង​យក​ប្រាក់​រៀល​ខ្មែរ ម្តង​យក​ប្រាក់​បាត​ថៃ ហើយ​ទីបំផុត​បន្លំ​បាន​១.៨០០​ដុល្លារ​រួច​នាំ​គ្នា​គេចខ្លួន​បាត់ ។ ហេតុការណ៍​ខាងលើ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ឱសថស្ថាន​យីហោ​«​រក្សាសុខ​ចំរើន និង​ប្តូរប្រាក់​» មាន​ទីតាំង​ជាប់​ផ្សារ​សមាគម ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​ម្ចាស់​ឈ្មោះ ផ​ន សារី​ម អាយុ​៣៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ លាង សម្ផស្ស អាយុ​៣៧​ឆ្នាំ បាន​ត្រូវ​ជន​មួយ​ក្រុម​មាន​គ្នា​២​នាក់ មក​ដូរ​ប្រាក់​ចំនួន​១.៨៩៨​ដុល្លារ​យក​ជា​ប្រាក់​រៀល​។ លុះ​ម្ចាស់​ឱសថស្ថាន​ខាងលើ​កំពុង​រាប់​ប្រាក់​រៀល​ឲ្យ ក្រុម​ជន​នេះ​បាន​សុំ​ប្រាក់​ដុល្លារ​របស់​ខ្លួន​រាប់​ឡើង​វិញ ហើយ​ឆ្លៀតពេល​នោះ​ក៏​បន្លំ​ឲ្យ​ប្រាក់​ក្រដាស​រាយ​ដូច​ជា​ប្រភេទ​១០​ដុល្លារ​និង​១​ដុល្លារ ដែល​មើលទៅ​មាន​កម្រាស់​ប៉ុនគ្នា ។ ម្ចាស់​ឱសថស្ថាន​មិន​បានដឹង​ពី​ល្បិច​កល​នេះ​ទេ ឯ​ក្រុម​ចោរ​ពេល​ហុច​ប្រាក់​ដុល្លារ​ឲ្យ​វិញ​ហើយ ក៏​ឡើង​ជិះ​ម៉ូតូ​គ្នា​គេ​ដែល​នៅ​រង់ចាំ​រួច​ជា​ស្រេច​ចេញ​បាត់​យ៉ាង​រហ័ស​ទៅ លុះ​ពេល​ម្ចាស់​ឱសថស្ថាន​យក​ប្រាក់​ដុល្លារ​មក​រាប់​ឡើង​វិញ ទើប​ដឹង​ថា​បាត់​អស់​នៅ​សល់​តែ​៩៨​ដុល្លារ ។

គួរ​បញ្ជាក់​ថា មុន​ពេល​ក្រុម​ចោរ​មាន​ជំនាញ​ធ្វើ​សកម្មភាព​នៅ​ឱសថស្ថាន​ខាងលើ​នេះ គឺ​បាន​ប្តូរ​ប្រាក់​ចំនួន​២​កន្លែង​រួច​មក​ហើយ នៅ​ក្នុង​ផ្សារ​សមាគម គឺ​ទី​១-​ប្តូរ​ប្រាក់​នៅផ្ទះ​លក់​អង្ករ​ដែល​មាន​ម្ចាស់​ឈ្មោះ ពន វឿ​ន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ដោយ​ដូរ​ចំនួន​១.០០០​ដុល្លារ ។ ស្ត្រី​ម្ចាស់ផ្ទះ​លក់​អង្ករ​នេះ​និយាយ​ថា គាត់​មានការ​សង្ស័យ​ដែរ ព្រោះ​ជន​ទាំងនោះ​ហាក់​សាំញ៉ាំ ម្តង​សុំ​ដំឡើង​ថ្លៃ​ដូរ ម្តង​សុំ​រាប់​ប្រាក់ លុះ​គាត់​មានការ​ប្រយ័ត្នប្រយែង ទើប​ក្រុម​ចោរ​សម្រេច​ប្តូរ​ប្រាក់​១.០០០​ដុល្លារ ដោយ​សម្រួល​វិញ ។

រីឯ​មួយ​កន្លែង​ទៀត ក្រុម​ចោរ​ជំនាញ​បន្លំ​ដដែល​នេះ បាន​យក​ប្រាក់​បាត​ថៃ​សុំ​ដូរ​យក​ប្រាក់​ដុល្លារ​ចំនួន​១.០០០​ដុល្លារ​ពី​ម្ចាស់​តូប​លក់​មាស​ប្តូរ​ប្រាក់​ដែល​មាន​ម្ចាស់​ឈ្មោះ ហេង ចំប៉ា ភេទ​ស្រី ។ ជន​ទាំង​២​នាក់​នោះ ចង់​ប្រើ​ល្បិច​បន្លំ​ដូច​នៅ​ឱសថស្ថាន​«​រក្សាសុខ​ចំរើន​»​ដែរ ប៉ុន្តែ​ដោយសារ​នគរបាល​ការពារ​ក្នុង​ផ្សា​រះ​ដើរ​ចុះឡើង​ក្បែរ​ៗ​នោះ ព្រោះ​ជា​តូប​លក់​មាស ទើប​ក្រុម​ចោរ​២​នាក់​នេះ ធ្វើ​សកម្មភាព​មិន​បាន​សម្រេច ហើយ​ព្រម​ទទួល​ដូរ​យក​ប្រាក់​ដុល្លារ រួច​ទើប​បន្ត​ទៅ​បន្លំ​ឆបោក​ប្រាក់​ពី​ឱសថស្ថាន​និង​ប្តូរ​ប្រាក់​ខាងលើ ដែល​នៅ​ម្ខាង​ផ្លូវ​ជាប់​ផ្សារ​សមាគម​នោះ​វិញ ក៏​បន្លំ​បាន​សម្រេច​ដូច​បំណង ។

យ៉ាងណា​ក៏​ដោយ ក្រុម​ចោរ​ទាំង​២​នាក់​ត្រូវ​បាន​ថត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​តូប​លក់​មាស​ប្តូរ​ប្រាក់​អស់​ទៅ​ហើយ ដែល​សង្ឃឹមថា​ជន​២​នាក់​នេះ​នឹង​មិន​រួច​ពី​កណ្ដាប់ដៃ​សមត្ថកិច្ច​ឡើយ​៕