បក្ស​ប្រឆាំង​ថ្កោលទោស​សកម្មភាព​ចល័ត​កម្លាំង​ប្រដាប់​អាវុធ​ម្ដុំ​ទីស្នាក់ការ​បក្ស​ពី​យប់​មិញ

គណបក្ស​សង្គ្រោះជាតិ ចេញ​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី​១៣ កញ្ញា ថ្កោលទោស​យ៉ាង​ដាច​អហង្ការ ចំពោះ​សកម្មភាព​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ ម្ដុំ​ទីស្នាក់ការ​កណ្ដាល សង្កាត់​ចាក់អង្រែលើ កាល​ពី​ពី​យប់​ថ្ងៃ​ទី​១២ កញ្ញា។

គណបក្ស​នេះ​ហៅ​ការ​ចល័ត​របស់​កង​កម្លាំង​ប្រដាប់​អាវុធ ថា ជា​ការ​គំរាម​កំហែង និង​បំភិតបំភ័យ​ដល់​ថ្នាក់​ដឹកនាំ សមាជិក និង​សកម្មជន​របស់​ខ្លួន រួម​នឹង​ការ​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ទូទៅ ជា​ពិសេស​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​បោះឆ្នោត​នា​ខាង​មុខ។

បន្ថែម​ពី​នេះ បក្ស​ប្រឆាំង​អំពាវនាវ​ដល់​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​គំរាម​កំហែង​បែប​នេះ ដោយ​សហការ​គ្នា​ដោះស្រាយ​រួម ដើម្បី​ធានា​ស្ថិរភាព សន្តិសុខ សុវត្ថិភាព និង​សុខសាន្ត​របស់​ពលរដ្ឋ និង​ធានា​បរិយាកាស​ល្អ សម្រាប់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​ខាង​មុខ។

ការ​ចល័ត​កម្លាំង​ប្រដាប់​អាវុធ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ត្រៀម​កម្លាំង​បង្ក្រាប មហា​បាតុកម្ម​ដែល​​គណបក្ស​សង្គ្រោះជាតិ​គ្រោង​ធ្វើ​នៅ​ពេល​ខាង​មុខ។ ព្រោះ​លោក ហ៊ុន សែន ហៅ​គម្រោង​មហា​បាតុកម្ម​នេះ ថា ជា​មហា​បាតុកម្ម​ខុស​ច្បាប់ ហើយ​លោក​ព្រមាន និង​មិន​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​របស់​បក្ស​នេះ​ទេ ទោះ​ក្នុង​រូបភាព​បែប​ណា​ក្ដី។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។