ពេជ្រ សីហា ប្រកាស​ទៅ​ធ្វើការ​នៅ​ថៃ​បើ​ចាញ់​ការ​ប្រកួត​នៅ​ចុង​ស​ប្ដា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​រឿង​ភ្ញាក់ផ្អើល​ដែល​អ្នក​ប្រដាល់​ល្បីឈ្មោះ​ក្រោម​ការ​ផ្ដល់​រហស្សនាម​ថា «​ម៉ៃ​ថៃ​សាន់​ខ្មែរ​» គឺ​លោក ពេជ្រ សីហា បាន​បន្លុយ​ពាក្យ​នៅ​លើ​បណ្ដាញ​សង្គម Facebook ថា លោក​នឹង​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ប្រសិនបើ​លោក​មិន​បាន​ឈ្នះ​ខ្សែក្រវាត់​ជើងឯក​ពី​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​របស់​ស្ថានីយទូរទស្សន៍ PNN នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ខាង​មុខ ។ នេះ​មិនមែន​ជា​ការ​ប្រកាស​ជា​លើក​ទី​១​នោះ​ទេ ប៉ុន្តែ​វា​ហាក់ជា​ការ​តាំងចិត្ត​ដោយសារ​តែ​កីឡាករ​រូប​នេះ សម្ដែង​ភាព​នឿយណាយ​ជា​យូរ​មក​ហើយ​នៅ​ក្នុង​អាជីព​ប្រដាល់​។

ពេជ្រ សីហា បាន​ប្រកាស​កន្លង​មក​ថា អាជីព​ប្រដាល់​មិន​អាច​ឱ្យ​លោក​បន្ត​បាន​យូរ និង​មិន​អាច​ផ្ដល់​អនាគត​ឱ្យ​លោក​បាន​ទេ ទើប​លោក​ត្រូវ​តែ​រក​ផ្លូវ​ជីវិត​មួយ​ថ្មី ដើម្បី​ស្វែងរក​លុយកាក់​ដែល​ល្អ​ប្រសើរ​ជាង​នេះ ។ លោក​មាន​គម្រោង​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​យូរ​មក​ហើយ ប៉ុន្តែ​មក​ពី​ចេះ​តែ​ស្ដាយ​អាជីព​ប្រដាល់​ទើប​បន្ត​ត្រាំត្រែង ។ លោក​ធ្លាប់​បញ្ជាក់​ថា ធ្វើការ​នៅ​ថៃ​គឺ​សម​នឹង​ចំណេះដឹង​របស់​លោក​ដែល​រៀន​បាន​តិច ហើយ​បើ​ទោះជា​ការងារ​នោះ​ទទួល​បាន​កម្រៃ​មិន​ច្រើន​ដូច​ពេល​ឡើង​រេញ​បាន​ញឹក​ក៏​ពិតមែន ប៉ុន្តែ​វា​ធ្វើ​ឱ្យ​លោក​រួច​ផុត​ពី​គ្រោះថ្នាក់ និង​ការ​ឈឺខ្លួន​ដូចដែល​ខ្លួន​ជួប​ប្រទះ ។

ក្នុង​នោះ​សម្ពាធ​នៃ​ការ​រិះគន់​រឿង​វាយ​ល្អ និង​វាយ​មិនល្អ ក៏​ជា​ហេតុផល​តែ​មួយ​ដែល​ធ្វើ​ឱ្យ​លោក​លែង​ចង់បាន​លុយ​ពី​ការ​ប្រដាល់​ផង​ដែរ ទើប​ធ្វើ​ឱ្យ​លោក​ហាក់​នឿយណាយ​ខ្លាំង​។ លោក​និយាយ​ថា ជា​រឿង​ពិបាក​ណាស់​ដែល​ពេល​វាយ​ល្អ​ត្រូវ​ប្រឈម​នឹង​ការ​ឈឺខ្លួន ប៉ុន្តែ​នៅ​ពេល​វាយ​មិនល្អ​ក៏​ត្រូវ​គេ​ដៀលត្មះ​ថា​លោក​លក់ខ្លួន​ដែល​ធ្វើ​ឱ្យ​លោក​ឈឺចាប់ ។ លោក​ថា អាជីព​ប្រដាល់​គឺ​មានកេរ្តិ៍ឈ្មោះ និង​មុខមាត់​ប៉ុណ្ណោះ ចំណែក​ប្រាក់​កម្រៃ​គឺ​សឹង​មិន​ស្មើនឹង​អ្នកធ្វើការ​ធម្មតា​ម្នាក់​ផង ។ លោក​មាន​បំណង​ទៅ​ធ្វើការ​នៅ​ថៃ ដោយសារ​តែ​ហេតុផល​ចង់​គេច​ចេញពី​សម្ពាធ​ដូច​រាល់ថ្ងៃ ។ បើ​ទោះជា​ការងារ​នៅ​ថៃ​ទទួល​បាន​ត្រឹម​កម្រៃ​ប្រមាណ​ជា​៣០០ ទៅ​៤០០​ដុល្លារ ប៉ុន្តែ​លោក​ថា​អ្វី​ដែល​លោក​សប្បាយចិត្ត​គឺ​ការងារ​នោះ​មិន​ខ្វល់​រឿង​យកចិត្ត​អ្នក​ណា និង​មិន​ខ្វល់​រឿង​អ្នក​ណា​មិន​ដាក់​ឱ្យ​ប្រកួត​ជាដើម​។

យោង​តាម​ការ​លេចឮ​ដែល​បាន​ធ្លាយ​ចេញពី​ព្រឹត្តិការណ៍​ប្រដាល់ គឺ​រាល់​កីឡាករ​គ្រប់​រូប​បើ​ចង់ឱ្យ​មានការ​ផ្គូផ្គង​មួយ​ខែ​២​ដង លុះត្រាតែ​ស៊ូ​ក​ប៉ាន់​អ្នក​ផ្គូផ្គង ខណៈ​ដែល​ប្រាក់​តម្លៃ​ខ្លួន ក៏​ត្រូវ​ចែកចាយ​អ្នក​ឱ្យ​ទឹក អ្នក​ហែហម គ្រូបង្វឹក និង​អ្នក​ផ្គូផ្គង​នោះ​ផង ទើប​អាច​រក្សា​និរន្តរភាព​នៃ​ការ​ផ្គូផ្គង​ឱ្យ​ឡើង​ប្រដាល់​បាន ។ កីឡាករ​ខ្លះ​ក៏​ត្រូវ​បំបិទ​ចោល​នៅ​ពេល​មិន​ចេះ​ចែកចាយ ឬ​មិន​សែន​សំណែន​ពាក់ព័ន្ធ​នឹង​រឿង​បែប​នេះនោះ​ដែរ ។ អ៊ីចឹង​ហើយ​ទើប​តម្លៃ​ខ្លួន​របស់​កីឡាករ​បើ​ទោះជា​បាន​ដំឡើង​យ៉ាងណា​ក៏​នៅ​តែ​ខ្វះ​។ កីឡាករ​ភាគច្រើន​ត្រូវ​គេ​ឃើញ​រស់នៅ​ក្នុងផ្ទះ​ជួល ឬ​ជាមួយ​កីឡាករ​នេះ​កីឡាករ​នោះ និង​ជាមួយ​គ្រូបង្វឹក​ដោយ​ផ្ទាល់ ដោយសារ​តែ​ជីវភាព​ក្រីក្រ ។ ភាគច្រើន​នៃ​កីឡាករ​ដដែល​ក៏​ត្រូវ​គេ​ឃើញ​ដេក​ឈឺ​ដោយ​គ្មាន​លុយ​ព្យាបាល​ផង​ដែរ ដោយសារ​តែ​តម្លៃ​ខ្លួន​មិនសូវ​ល្អ​ប្រសើរ​ដូច​គ្នា​នឹង​កីឡាករ​អាជីព​ផ្សេង​ទៀត​។

យ៉ាងណាមិញ ក្រុម​មន្ត្រី​បច្ចេកទេស​ក៏​បាន​រិះគន់​ចំពោះ​កីឡាករ​ភាគច្រើន​ដែល​ភ្លាត់​ឱ្យ​របួស​នោះ​ដែរ ដោយ​អះអាង​ថា ហេតុផល​សំខាន់​ដែល​នាំ​ឱ្យ​ពួក​គេ​គ្រោះថ្នាក់ គឺ​ដោយសារ​តែ​ពួក​គេ​មិន​ចេះ​ថែទាំ​សុខភាព​តែ​ម្ដង ។ កីឡាករ​ភាគច្រើន​ត្រូវ​គេ​អះអាង​ថា​ផឹក​ងូត ហើយ​បើ​បាន​លុយកាក់​ពី​ការ​ប្រដាល់​ក៏​មិនសូវ​ចេះ​ទុកដាក់​ផង​ដែរ គឺ​ចេះ​តែ​ចាយ​ខ្ជះខ្ជាយ​ទើប​បណ្ដាល​ឱ្យ​ពួក​គេ​ធ្លាក់ខ្លួន​លែង​ប្រកួត​បាន​ច្រើន​ដង​ក៏​អត់​លុយ​ធ្វើ​មុខស្អុយ​ក៏​មាន ។ មន្ត្រី​ជា​ច្រើន​បាន​អះអាង​ថា កីឡាករ​ខ្មែរ​បើ​តាមតែ​តម្លៃ​ខ្លួន និង​ឱកាស​រកបាន​មួយ​ខែ​៥​ទៅ​៦០០​ដុល្លារ សម្រាប់​កីឡាករ​ល្បី គឺ​គួរតែ​អាចរ​ស់បាន ប៉ុន្តែ​មក​ពី​ពួក​គេ​មិនសូវ​មានគំនិត​ទុកដាក់ ទើប​ពេល​ធ្លាក់ខ្លួន​ក៏​ស្រែក​ដង្ហោយ​រក​ជំនួយ និង​រិះគន់​ថា អាជីព​ប្រដាល់​មិន​អាច​ជួយ​ពួក​គេ​បាន ។ ទោះបី​យ៉ាងណា មានការ​កោតសរសើរ​ចំពោះ​កីឡាករ​ខ្លះ​ដែល​បែកគំនិត​បើក​ក្លិប​ទៅ​បង្ហាត់​សិស្ស​ឱ្យ​គេ និង​បើក​អាជីវកម្ម​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន​នោះ​ដែរ ដែល​អាច​ជួយ​បន្ថែម​ស្ថានភាព​ជីវភាព​របស់​ពួក​គេ​ឱ្យ​ល្អ​ក្រៅពី​ប្រដាល់ ។

លោក ពេជ្រ សីហា បាន​អះអាង​ថា ហេតុផល​គ្រួសារ​ខ្វះខាត និង​លោក​មិន​ទាន់​មាន​លំនឹង​ក្នុង​ជីវភាព​គឺជា​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​នៅ​ពិបាក ប៉ុន្តែ​លោក​ក៏​សារភាព​ថា ក្នុង​ពេល​រកបាន ដាច់ខាត​ត្រូវ​តែ​មានការ​ចាយវាយ​មួយ​ចំណែក​ផង​ដែរ​។ លោក​ថា អាជីព​ប្រដាល់​ចំពោះ​រឿង​លុយកាក់​គឺ​អាច​ចាយ​បាន ប៉ុន្តែ​ហេតុផល​ដែល​លោក​សម្រេចចិត្ត​ចង់​ឈប់ និង​ចង់ទៅ​ធ្វើការ​នៅ​ថៃ គឺ​មិន​ចង់​ប្រឈម​នៅ​ពេល​ប្រកួត​ចាញ់​ដែល​ត្រូវ​មហាជន​រិះគន់​នោះ​តែ​ម្ដង​។ អ៊ីចឹង​ហើយ​ទើប​ការ​ប្រកាស​ចង់ទៅ​ធ្វើការ​នៅ​ថៃ​បើ​ប្រកួត​មិន​ឈ្នះ​នៅ​ចុង​ស​ប្ដា​ហ៍​នេះ វា​អាច​ជា​ហេតុផល​ដែល​លោក​ភ័យ​រឿង​គេ​ចោទ​ថា​លក់ខ្លួន ឬ​ប្រកួត​មិន​បាន​នោះ​តែ​ម្ដង​។ យ៉ាងណាមិញ គេ​កត់​សម្គាល់ថា លោក​ពេជ្រ សីហា ប្រកាស​បែប​នេះ​យូរ​មក​ហើយ តែ​លោក​នៅ​តែ​វិលវល់​ក្នុង​អាជីព​ប្រដាល់​ដោយសារ​តែ​ភាព​ជាក់ស្ដែង​ក្នុង​មួយ​ខែ​លោក​ក៏​ឡើង​រេញ​អន្តរជាតិ​បាន​២​ដង និង​មាន​តម្លៃ​ខ្លួន​ដល់​ច្រើន​រយ​ដុល្លារ​ខុស​ពី​មុន ៕