តំបន់​កែប​នៅតែទាក់ទាញខ្លាំង ​​ទោះ​​​មានបំរាមឱ្យ​ប្រុង​​ប្រយ័ត្ន​​ក្តី

ខេត្ត​កែប ៖ ​បើ​ទោះជា​ក្រសួង​ធនធានទឹក​ និង​ឧតុ​និយម​ បាន​ចេញ​សេចក្តីជូនដំណឹង​​ដល់​សាធារណជន​ ​អំពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ក្តី​ ក៏​ភ្ញៀវ​ទេសចរ​នៅ​តែ​ទៅ​កម្សាន្ត​​ឆ្នេរកែប​ ហាក់​នៅ​មាន​ចំនួន​ច្រើន ​គួរ​ឱ្យ​កត់សម្គាល់ ។​

លោក​កែន ​ស​ត្ថា ​អភិបាលខេត្ត​កែប ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ភ្ញៀវ​ទេសចរ​​ដែល​មក​កម្សាន្ត​​នៅ​តំបន់​ឆ្នេរកែប ​ហាក់​មិន​មាន​ចំនួន​ច្រើន​ដូច​ខែ​មុន​ៗ​​នោះ​ទេ​។ ​​លោក​​បន្ត​ថា ​កាលពី​ខែកក្កដា​ និង​សីហា​​កន្លង​ទៅ​ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​ មាន​ចំនួន​ជាង​៤​ម៉ឺននាក់​ ក្នុង​មួយ​ខែ​ៗ​ ដោយឡែក​ក្នុង​ពាក់​កណ្តាលខែ​ក​ញ្ញានេះ​ ភ្ញៀវ​ទេសចរ​ខ្មែរ ​និង​បរទេស ​នៅ​តែ​មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ខែ​មុន​ដែរ ​។

លោក​បៀ​ន ​ស៑ុ​ន​ហេង​ អ្នក​រស់នៅ​ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ដែល​បាន​នាំ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត នៅ​ឆ្នេរកែប​​ឱ្យ​ដឹង​ថា ​លោក​បាន​សម្រេច​នាំ​គ្រួសារ ​មកកម្សាន្ត​​នៅ​ឆ្នេរកែប​នេះ​ ព្រោះតែ​យល់​ថា​ នៅ​ទី​នេះ​ងាយស្រួល​ ក្នុង​ការ​ទិញ​ម្ហូប​គ្រឿង​សមុទ្រ​​ឱ្យ​កូន​ៗ​របស់​លោក​ញ៉ាំ ​។

ម្យ៉ាង​ម្ហូប​ ក៏​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​នៅ​កន្លែង​ផ្សេង​ ហើយ​មិនសូវ​ចំណាយ​ថ្លៃ​សាំង​ទៀត​ផង​ ព្រោះតែ​ចំងាយ​ពី​ផ្លូវ​ស្រុក​គងពិសី ​មក​ខេត្ត​កែប​នេះ​ មិនសូវ​ឆ្ងាយ​នោះ​ទេ​ ។ ​