កងទ័ព​ស៊ី​រី​ថា​បាញ់​ធ្លាក់​យន្តហោះ​អីុ​ស្រា​អែ​ល​2​គ្រឿង

កងទ័ព​ស៊ី​រី​ប្រកាស​នា​ថ្ងៃ​ទី​១៣ កញ្ញា​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​យោធា​មួយ​គ្រឿង​ធុន F-15 និង​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​របស់​អីុ​ស្រា​អែ​ល​នៅ​ភាគ​ខាងត្បូង​ប្រទេស និង​នៅ​ខេត្ត​ដា​ម៉ាស់ ក្រោយ​ការ​វាយប្រហារ​ប្រឆាំង​ទីតាំង​មួយ​របស់​ខ្លួន ។

ក្នុង​សេចក្តី​ប្រកាស​មួយ កងទ័ព​ស៊ី​រី​គូសបញ្ជាក់​ថា កងទ័ពអាកាស​អីុ​ស្រា​អែ​ល​បាន​ធ្វើ​នា​យប់​ថ្ងៃ​ទី​១៣ កញ្ញា វេលា​ម៉ោង​១១​រំលង​អធ្រាត្រ​នូវ​ការ​ឈ្លានពាន​មួយ​ប្រឆាំង​ទីតាំង​យោធា​មួយ​របស់​យើង​នៅ​ខេត្ត QOUNEITRA (​ភាគ​ខាងត្បូង​ប្រទេស​) ហើយ​កងការពារ​អាកាស​របស់​យើង​បាន​តបត​ដោយ​បាញ់​ធ្លាក់​យន្តហោះ​យោធា​មួយ​គ្រឿង​នៅ​ភាគ​និរតី​ខេត្ត និង​យន្តហោះ​ស៊ើបការណ៍​មួយ​គ្រឿង​ទៀត​នៅ​ភាគ​ខាងលិច​ក្រុង SAASSAA ខេត្ត​ដា​ម៉ាស់ ។

កងទ័ព​អីុ​ស្រា​អែ​ល​បាន​បដិសេធ​ការ​អះអាង​នេះ​របស់​កងទ័ព​ស៊ី​រី​ដោយ​ថា​ពុំ​ពិត​ឡើយ​។ អ្នកនាំពាក្យ​យោធា​អីុ​ស្រា​អែ​ល​និយាយ​ថា មី​ស៊ី​ល​ដី​-​អាកាស​២​គ្រាប់​ត្រូវ​បាន​បាញ់​នៅ​ស៊ី​រី ក្រោយ​បេសកកម្ម​របស់​កងទ័ពអាកាស​អីុ​ស្រា​អែ​ល​ក្នុង​ពេល​យប់​វាយប្រហារ​លើ​ទីតាំង​នានា​របស់​កងកាំភ្លើងធំ ស៊ី​រី ។ សន្តិសុខ​របស់​កង​យន្តហោះ​យើង​ពុំ​រង​ការ​ប៉ះពាល់​ណាមួយ​ឡើយ ៕