មិន​សមសោះ ! ចោរលួច​អីវ៉ាន់​អស់ហើយ ត្រូវ​ម្ចាស់​ផ្សារ​ស្តី​ឲ្យ​ទៀត

ខេត្ត​ប៉ៃលិន ៖ តូប​លក់​ស្បែកជើង និង​សំលៀក​បំពាក់​២​កន្លែង​នៅ​ក្នុង​ផ្សារ​សាលា​ក្រៅ ត្រូវ​បាន​ក្រុម​ចោរលួច​គាស់​យក​អីវ៉ាន់​អស់​ជា​ច្រើន ពេល​ម្ចាស់​តូប​ទៅ​សួរនាំ បែរជា​ម្ចាស់​ផ្សារ​ខឹងសម្បារ ហើយ​ស្តីបន្ទោស​ស្ទើរ​ងើបមុខ​មិន​រួច​ថែម​ទៀត ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ប្រហែល​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​សាលា​ក្រៅ ស្ថិត​ក្នុងភូមិ​សាលា​ក្រៅ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ លុះ​វេលា​ម៉ោង​៥ និង​៥០​នាទី​ព្រឹក ខណៈ​អាជីវករ និង​ម្ចាស់​ដើរទៅ​បើក​តូប​លក់ដូរ​ក៏​ឃើញ​ទ្វារ​តូប​របើក​ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​តូប​ទី​១ ឈ្មោះ ជឹ​ម វ៉ា​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អាជីវករ មាន​ប្រពន្ធ​ឈ្មោះ សួង ដា​រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង ត្រង់ ស្រុក​សាលា​ក្រៅ ត្រូវ​ចោរលួច​អស់​ខោ​ខូ​វ​ប៊​យ​ប្រហែល​៧០​ខោ និង​កន្សែង​អស់​ជា​ច្រើន ម្ចាស់​តូប​ទី​២ ឈ្មោះ ង៉ែត មុំ អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​វាល ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ត្រូវ​ចោរលួច​អស់​ខោអាវ​កីឡា​ជា​ច្រើន​កំ​ប្លេ និង​ស្បែកជើង​កីឡា​មួយ​ចំនួន​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​តូប​ទាំង​២​ខាងលើ​បានឱ្យ​ដឹង​ថា ជា​រៀង​រាល់​យប់ គាត់​តែងតែ​ចាក់សោ​តូប រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន លុះដល់​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​កើតហេតុ ខណៈ​អ្នក​ផ្សេង​ដើរទៅ​បើក​តូប​លក់ដូរ​ស្រាប់តែ​ឃើញ​តូប​របស់​ពួក​គាត់​នៅ​ក្បែរ​គ្នា​បើក​សោ​ទ្វារ​ក៏​ប្រាប់​ម្ចាស់​ឱ្យទៅ​មើល ហើយ​ឃើញ​បាត់​អស់​សំលៀក​បំពាក់ និង​ស្បែកជើង​តែ​ម្តង ។

ពួក​គាត់​បន្ត​ទៀត​ថា នៅ​ក្នុង​ផ្សារ​សាលា​ក្រៅ​នេះ​ជា​ផ្សារ​ឯកជន​ដែល​មាន​ម្ចាស់​ឈ្មោះ វន ស៊ី​ថា​ន ភេទ​ស្រី អាយុ​ប្រហែល​៦០​ឆ្នាំ ហើយ​ម្ចាស់​ផ្សារ​អត់​ធ្លាប់​មាន​ជួល​សន្តិសុខ ឬ​អ្នកយាម​ឱ្យទៅ​ចាំ​មើល​ផ្សារ​នៅ​ពេល​យប់​នោះ​ឡើយ ។ លើស​ពី​នេះ បន្ទាប់​ពី​តូប​របស់​ពួក​គាត់​ត្រូវ​ចោរលួច​គាស់​យក​អីវ៉ាន់​ហើយ​ពួក​គាត់​ដើរទៅ​សួរនាំ ស្រាប់តែ​កូន​ម្ចាស់​តូប​ស្តីបន្ទោស​ពួក​គាត់​ស្ទើរ​ងើបមុខ​មិន​រួច​ទៀត ដោយ​និយាយ​ថា ម្ចាស់​ផ្សារ​មិនមែន​ជា​អ្នក​ដេកចាំ​អីវ៉ាន់​របស់​អាជីវករ​ឡើយ ការ​បាត់បង់​នោះ​គឺ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ។ ម្យ៉ាងវិញទៀត ពួក​គាត់​ចង់ឱ្យ​ម្ចាស់​ផ្សារ​រៃ​អង្គាស​ពី​អាជីវករ ដើម្បី​យក​ប្រាក់​ទៅ​ជួល​សន្តិសុខ​ឱ្យ​ដើរ​យាម​នៅ​ពេល​យប់​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ផ្សារ​ផង​ដែរ ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ចោរ​ចូល​គាស់​តូប​ដូច្នេះ​ហើយ អាជីវករ​ម្នាក់​ៗ​មានការ​ខ្លាចរអារ​យ៉ាង​ខ្លាំង ដោយ​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​មេត្តា​យកចិត្តទុកដាក់​ចំពោះ​សន្តិសុខ​សណ្តាប់ធ្នាប់​ប្រជាពលរដ្ឋ​ផង ។

ពាក់ព័ន្ធ​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក ស្រី​វន ស៊ី​ថា​ន ជា​ម្ចាស់​ផ្សារ​ខាងលើ​ដើម្បី​បំភ្លឺ​ចំពោះ​ករណី​ក្រុម​ចោរ​ចូល​គាស់​តូប​អាជីវករ​លួច​យក​អស់​សម្ភារៈ និង​អីវ៉ាន់ ដែរ តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​ឡើយ ៕