បន្ដិចទៀត! សមាគម​កូរ៉េ​ខាងត្បូង​ប្រចាំ​នៅ​កម្ពុជានឹង​ធ្វើ​បាតុកម្ម​

រាជធានី​ភ្នំពេញ ​៖ តាម​សេចក្ដីរាយការណ៍​មុន​នេះ​បន្ដិច នារសៀលថ្ងៃទី​១៣ កញ្ញា​ បាន​ឱ្យ​ដឹង​ថា ប្រជាជន​កូរ៉េ​ខាងត្បូង​ជា​ច្រើន​នាក់ ​ដែល​រស់នៅ​កម្ពុជា​កំពុង​ប្រមូលផ្ដុំ​គ្នា​​នៅ​មុខ​ស្នាក់​ការ​សមាគម​របស់​ខ្លួន ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​សាកល្បង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ​។

ការ​ធ្វើ​បាតុកម្ម​នេះ ក្នុង​គោលបំណង​ទាមទារ​ឱ្យ​កូរ៉េ​ខាងជើង​​អនុវត្ត​តាម​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្ដិសុខ​​អង្គការសហ ប្រជា​ជាតិ ។ ម្យ៉ាងទៀត ប្រជាជន​កូរ៉េ​ខាងត្បូង​ ក៏​ចង់​បង្ហាញ​ដល់​សាធារណជន​ថា សមាជិក​នៃ​បណ្ដា​ប្រទេស​ទាំងអស់ រួម​ទាំង​កម្ពុជា​ផង បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ​​ទៅ​ប្រទេស​កូរ៉េ​ខាងជើង​ ដើម្បី​បញ្ឈប់​សកម្មភាព​ដែល​បង្ក​ហានិភ័យ​ដល់​ពិភពលោក បន្ដ​ទៀត ។

ស្រប​ពេល​ជាមួយនឹង​គម្រោង​បាតុកម្ម​នេះ​​ដែរ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ក៏​បាន​ចេញសេចក្ដីថ្លែង ការណ៍​មួយ ​កាលពី​យប់​ថ្ងៃ​ទី​១២ កញ្ញា ២០១៦ ដោយ​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​របស់​ខ្លួន​ទៅ​លើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ កាលពី​ថ្ងៃ​ទី​៩ កញ្ញា ២០១៦ កន្លង​មក ដែល​ជា​ការ​ផ្គើន​យ៉ាង​ច្បាស់​ទៅ​នឹង​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ ។

ក្នុង​សេចក្ដីថ្លែងការណ៍​ដ​ដែល​បាន​ឱ្យ​​ដឹង​ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ​សូម​បញ្ជាក់​ឡើង​វិញ​ថា សន្ដិភាព​ និង​សន្ដិសុខ​នៃ​ឧបទ្វីប​កូរ៉េ ​គឺជា​កត្ដា​សំខាន់​បំផុត និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ មិន​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​តំបន់ ដើម្បី​រក្សា​សន្ដិភាព និង​សន្ដិសុខ​ប្រកបដោយ​ចីរភាព ហើយ​ស្នើ​ដាច់អហង្ការ​ដល់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង គោរព​តាម​ដំណោះ​ស្រាយ​​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ។