ជិត​ភ្លឺ! ឃើញ​ចោរលួច​ឡាន បានត្រឹមតែ​ឈរមើល​ពីក្នុង​ផ្ទះ ព្រោះ…

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​​ចោរ​ធ្វើ​សកម្មភាព​លួច​រថយន្ត​មួយ​គ្រឿង ដែល​ម្ចាស់​បាន​ចត​ទុក​នៅ​មុខ​ផ្ទះ ដោយ​ក្នុង​ហេតុការណ៍​នោះក៏​ត្រូវ​ម្ចាស់​ដឹងខ្លួន​ទាន់​ដែរ ប៉ុន្តែ​​ចេញពី​ក្នុងផ្ទះ​មិន​រួច ដោយសារ​​ត្រូវ​​​ចោរ​​យក​ខ្សែ​មក​ចង​ទ្វារផ្ទះ​​ជាប់ ហើយ​​បាន​​ឱកាស​ជិះ​គេច​បាត់​ដោយ​សុវត្ថិភាព ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​០៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ កញ្ញា ២០១៦ នេះ ស្ថិត​នៅផ្ទះ​ជួល​មួយ​កន្លែង ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ​សួ ប៊ុ​ន​ថុ​ល អាយុ​៤៥​ឆ្នាំ ជា​អ្នក​រកស៊ី មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម និង​រថយន្ត​ដែល​ត្រូវ​ចោរលួច​បាត់នោះ ​ម៉ាក​កាម​រី ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-7349 ។

បើ​តាម​​​ម្ចាស់​រថយន្ត​បាន​អះអាង​ថា ជា​ធម្មតា​គាត់​តែងតែ​ចត​រថយន្ត​នោះ​ទុក​នៅ​មុខ​ផ្ទះ ដោយ​មិន​យក​ទៅ​ផ្ញើ​គេ​​ទេ ។ ហើយ​គាត់​ក៏​ចាក់សោ​ការពារ​យ៉ាង​ត្រឹមត្រូវដែរ ទើប​នាំ​គ្នា​ចូល​ដេក ។ ប្រភព​បន្ត​ថា លុះនៅ​វេលា​កើតហេតុ រូប​គាត់​ភ្ញាក់​ដឹងខ្លួន​ ហើយបម្រុង​ដេកទៅវិញ តែមិន​ទាន់​ដេក​លក់​​ផង ស្រាប់តែ​ឮ​សន្ធឹក​រថយន្តនៅមុខផ្ទះគាត់ គាត់​ក៏ងើប​​ដើរ​ចេញ​ទៅ​មើល ក៏​ប្រទះ​ឃើញ​ចោរ​ បាន​ចូល​ក្នុង​រថយន្ត​ប​ញ្ឆិះជិះ​​ចេញ​​ទៅហើយ ។

ពេល​នោះ គាត់​ក៏​មានការ​ភ្ញាក់ផ្អើល​ងើប​ទាំងអស់​គ្នា តែ​អ្វី​ដែល​សោកស្តាយបំផុត​​នោះ គឺ​ចោរ​បាន​យក​ខ្សែ​មក​ចង​ទ្វារ​ជាប់ ​ទំ​រាំ​តែ​នាំគ្នាស្រាយ​ចេញ​​​នោះ ចោរ​ជិះ​គេច​បាត់​ទៅ​ហើយ ។ ក្រោយមក ទើប​រូប​លោក​​​មកដាក់​​ពាក្យបណ្តឹង​នៅ​សង្កាត់​ចោម​ចៅ​ ដើម្បី​ឱ្យ​ជួយ​អន្តរា​គម​ន៍​​ស្វែង​រកតែ​ម្តង ។