ចិន ថា រដ្ឋាភិបាល​វៀតណាម​ថ្មី​«​បង្ហាញ​ឆន្ទៈ​វិជ្ជមាន​»​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខ្លួន​ និពន្ធដោយ : ទេព អ៊ីវិសាល       September-13-2016, 4:17 pm         397

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន ថា រដ្ឋាភិបាល​វៀតណាម​ថ្មី​«​បង្ហាញ​ឆន្ទៈ​វិជ្ជមាន​»​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខ្លួន​លោកនាយករដ្ឋមន្ត្រីចិន Li Keqiang ស្វាគមន៍លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc (ថតដោយ៖ Xinhua)​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​ហាណូយ នៅ​ថ្ងៃទី​១២ ខែកញ្ញា ម្សិលមិញ បាន​ព្រមព្រៀងគ្នា​ក្នុងការ​គ្រប់គ្រង​ភាពចម្រូងចម្រាស​ដែនសមុទ្រ និង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ប្រកបដោយ​ចីរភាព​បន្ថែមទៀត​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​នាឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​ទៅកាន់​ក្រុង​ប៉េកាំង​។​
 
​ក្នុង​កិច្ចសន្ទនា​ទ្វេភាគី លោកនាយក​រដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង (Li Kequiang) បាន​ប្រាប់​សម​ភាគី​វៀតណាម​លោកនាយក​រដ្ឋមន្ត្រី ង្វៀន ស៊ុន​ហ្វុ​ក (Nguyen Xuan Phuc) ថា «​ចិន និង​វៀតណាម ត្រូវការ​ធ្វើការ​រួមគ្នា​ដើម្បី​បង្ហាញ​ពី​កាតព្វកិច្ច​តាម​កិច្ចព្រមព្រៀង​ដែល​មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​បង្កើត​ដើម្បី​រក្សា​ស្ថិរភាព​ក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​កសាង​ឯកច្ឆន្ទ​ភាព​ដើម្បី​ពង្រីក​ចំណង​ទ្វេភាគី និង​សន្តិភាព​ដែនសមុទ្រ និង​ក្នុង​តំបន់​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។

​ប្រមុខ​រដ្ឋាភិបាល​ចិន​រូបនោះ ក៏បាន​ប្រាប់​សម​ភាគី​របស់ខ្លួន​ដែរ​ថា ចិន តែងតែមាន​ឆន្ទៈ​ក្នុង​បន្ត​គោលនយោបាយ​លើកកម្ពស់​មិត្តភាព និង​ភាពជា​ដៃគូ​ជាមួយនឹង​អ្នកជិតខាង​ខ្លួន​ដោយ​ឈរលើ​គោលការណ៍​នៃ​សហប្រតិបត្តិការ ស្មោះត្រង់ ផលប្រយោជន៍​រួម ហើយ​លោក ក៏​ចង់​ឲ្យ​ភាគី​វៀតណាម បន្ត​កិច្ចសហប្រតិបតិកា​រដែ​ន​សមុទ្រ ដែន​គោក និង​ហិរញ្ញវត្ថុ​, សមត្ថភាព​ផលិតកម្ម​, ហេដ្ឋារចនាសម្ព័ន្ធ និង​ពាណិជ្ជកម្ម និង​ការវិនិយោគ​ជាមួយនឹង​ខ្លួន​ផងដែរ​។

​ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​លី លោកនាយក​រដ្ឋមន្ត្រី ហ្វុ​ក ដែល​ទើបតែ​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​ផ្លូវការ​ទៅកាន់​ក្រុង​ប៉េកាំង បាន​អះអាងថា វៀតណាម​តែងតែ​ឲ្យ​តម្លៃ​លើ​ទំនាក់ទំនង​បែប​មិត្តភាព​ទ្វេភាគី​តាំងពី​ការកសាង​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​មកម្ល៉េះ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​បន្ថែមថា ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម ក៏បាន​បញ្ជាក់ដែរថា «​វៀតណាម តែងតែ​ចងចាំ​ពី​ការគាំទ្រ​របស់​ចិន​ដ៏​មហិមា​ដែល​បាន​ជួយ​ជម្រុញ​ឲ្យ​មានការ​ស្ថាបនា និង​រំដោះជាតិ​របស់ខ្លួន​»​។

​អ្វី​គួរកត់សម្គាល់​នោះ ក្រោយ​នៃ​ជំនួប​ទ្វេភាគី​នៃ​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក Liu Zhenmin ក៏បាន​បញ្ជាក់​ពី​ទិដ្ឋភាព​រួម​នៃ​ជំនួប​នោះ​ទៅកាន់​អ្នកសារព័ត៌មាន ដោយ​លោក សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ថ្មី​វៀតណាម បង្ហាញ​ពី​«​ឆន្ទៈ​វិជ្ជមាន​»​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយនឹង​ចិន​។​

​បើ​និយាយ​ក្នុង​បច្ចេកទេស​សេដ្ឋកិច្ច វៀតណាម​ពឹងផ្អែក​ខ្លាំង​លើ​ចិន​។ តាម Focus Economics ស្ថាប័ន​ព្យាករណ៍​សេដ្ឋកិច្ច​មួយ​ដ៏​ល្បី​ដែលមាន​ទីស្នាក់ការ​កណ្តា​ល​នៅ Barcelona នៃ​ប្រទេស​អេ​ស្ប៉ា​ញ វៀតណាម មាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ចិន​នៅក្នុង​ឆ្នាំ​២០១៥ (​គិតតែ​ការនាំ​ចេញទៅ​ចិន​)​រហូតដល់​វៀតណាម ៦៦.៤ ពាន់​លាន​ដុល្លារ​ឯណោះ​។ យ៉ាងណាក៏ដោយ ភាគី​ទាំងពីរ​នៅតែ​មិនអាច​ស្និទ្ធស្នាល​នឹង​គ្នា​បានឡើយ​។ នោះ​ក៏​ព្រោះតែ​បញ្ហា​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​នោះឯង​។​

​ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​សមុទ្រ ដែល​វា ត្រួត​ទៅនឹង​តំបន់​ដែល​សមាជិក​អាស៊ាន​មួយចំនួន​រួមមាន​ទាំង​វៀតណាម​ផងដែរ​។ កន្លងមក​ចិន និង​វៀតណាម ក៏​ធ្លាប់​ប៉ះទង្គិច​គ្នា​រហូតដល់​មានការ​បង្ហូរឈាម​នៅក្នុង​តំបន់​ជម្លោះ​ទៀតផង​។ តែ​ជម្លោះ​អធិបតេយ្យ​នេះ ហាក់ដូចជា​ថមថយ​បន្តិច ដោយ​ភាគច្រើន គេ​គ្រាន់តែ​ឃើញ​វៀតណាម​ចេញ​ត្រឹម​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ពី​សកម្មភាព​ចិន​នៅក្នុង​តំបន់​ជម្លោះ​ប៉ុណ្ណោះ​៕