តុលាការ​កាត់ទោស​ជនជាតិ​ស្បែក​ខ្មៅ​ជួញ​គ្រឿងញៀន

តុលាការ​កាត់ទោស​ជនជាតិ​ស្បែក​ខ្មៅ​ជួញ​គ្រឿងញៀន



រាជធានី​ភ្នំពេញ ៖ ជនជាតិ​ស្បែក​ខ្មៅ​៩​នាក់ ក្នុង​នោះ​កំពុង​គេចខ្លួន​ម្នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ សរុប​១០​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​មួយ​គីឡូក្រាម ត្រូវ​បាន​សាលាដំបូង​រាជធានី ប្រកាស​សាលក្រម ផ្តន្ទាទោស
ដាក់​ពន្ធនាគារ ចន្លោះ​ពី​៥​ឆ្នាំ ដល់​១៣​ឆ្នាំ ។

ការ​ប្រកាស​សាលក្រម​នេះ ត្រូវធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជនជាតិ​ស្បែក​ខ្មៅ​៨​នាក់ ដោយ​ត្រូវ​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា ក្រោយ​អនុវត្ត​ទោស​ចប់​សព្វគ្រប់ ។ រីឯ​ជនជាប់ចោទ​ជា​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ស្វែងរក​ចាប់ខ្លួន ។

លោក ឃី ឆៃ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា បាន​ប្រកាស​ដីកា​ផ្តន្ទាទោស​ក្រុម​ជនជាប់ចោទ​ទាំង​១០​នាក់ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន​៨០២,៤៤​ក្រាម ដែល​ប្រព្រឹត្ត​ទៅ​នៅ​ភោជនីយដ្ឋាន KFC សាខា​ផ្សារ​សុ​វ​ណ្ណា កាលពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៥ តាម​មាត្រា​៤០ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

នៅ​ក្នុង​សវនាការ​កន្លង​ទៅ ជនជាប់ចោទ ជា​ជនជាតិ​ស្បែក​ខ្មៅ​ទាំង​៨​នាក់ បាន​បដិសេធ​ថា ពួក​គេ​មិន​បានដឹង​រឿង និង​មិន​បាន​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នោះ​ទេ ។ ដោយឡែក​ជនជាប់ចោទ​ជា​ស្ត្រី​ខ្មែរ​ឈ្មោះ ម៉​ន វិ​ន​យ៉ុ​ន បាន​សារភាព​ថា នាង​ស្គាល់ឈ្មោះ Tony MMaduka Chukwounye និង​ក្លាយជា​សង្សារ​នឹង​គ្នា ។ នាង​បន្ត​ថា ឈ្មោះ Tony MMaduka Chukwounye បាន​ឲ្យ​នាង​យក​ប្រអប់​ទូរស័ព្ទ iPhone ទៅ​ប្រគល់​ឲ្យ​បុរស​ក្មេង​ៗ នៅ​ក្នុង​ភោជនីយដ្ឋាន KFC រៀងរាល់ថ្ងៃ និង​ជា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​ឈ្មោះ Tony MMaduka Chukwounye បាន​ឲ្យ​លុយ​នាង​ក្នុង​មួយ​ថ្ងៃ​១០០​ដុល្លារ ។

នាង​បដិសេធ​ថា នាង​មិន​បានដឹង​ថា ក្នុង​ប្រអប់​ទូរស័ព្ទ iPhone នោះ មាន​គ្រឿងញៀន នោះ​ទេ រហូត​ដល់​ថ្ងៃ​សមត្ថកិច្ច​ឃាត់ខ្លួន ទើប​ដឹង​ថា ជា​ប្រអប់​ដាក់​គ្រឿងញៀន​៕​