សត្វ​សេះមួយ​ក្បាល​ដែល​ឈរ​ឱ្យ​ភ្ញៀវ​ជិះ​ថត នៅ​បរិវេណ​អង្គរវត្ត​ត្រូវ​រថយន្ត​បុក​ងាប់​ហើយ

សត្វ​សេះមួយ​ក្បាល​ដែល​ឈរ​ឱ្យ​ភ្ញៀវ​ជិះ​ថត នៅ​បរិវេណ​អង្គរវត្ត​ត្រូវ​រថយន្ត​បុក​ងាប់​ហើយ



ខេត្តសៀមរាប ៖ សេះមួយ​ក្បាល​ដែល​តែងតែ​ឈរ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជិះ​ថត​បង្ហាញ​ភាពរឹងមាំ និង​សង្ហា នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​នោះ​ត្រូវ​រថយន្ត​បុក​បណ្ដាល​ឱ្យ​ងាប់ កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ កញ្ញា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខណៈ​វា​ដាច់​ខ្សែ​រត់​តាម​ផ្លូវ ។

បើ​តាម​ការ​អះអាង​ពី​លោក ទិ​ត្យ ណា​រ៉ុ​ង អធិការ​នគរបាល​ក្រុង​សៀមរាប​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ កញ្ញា ថា សត្វ​សេះមួយ​ក្បាល​ដែល​តែងតែ​ឈរ​បង្ហាញ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជិះ​ថត​នៅ​បរិវេណ​អង្គរ​នោះ ត្រូវ​រថយន្ត​បុក​បណ្ដាល​ឱ្យ​ងាប់​នៅ​តាម​លើ​ផ្លូវ​៦០​ម៉ែត្រ ខាងជើង​ផ្លូវជាតិ​លេខ​៦​ប្រហែល​៣០​ម៉ែត្រ ។

តាម​ព័ត៌មាន​ជំហាន​ដំបូង​ដែល​គេ​រាយការណ៍​មក គឺ​សត្វ​សេះ​នោះ​ជា​សេះ​នៅ​តំបន់​អង្គរ ដែល​ទុក​ឱ្យ​ភ្ញៀវ​ជិះ ហើយ​វា​ដាច់​ខ្សែ​រត់​ចេញពី​តំបន់​អង្គរ ។

លោក​អធិការ​បន្ថែម​ទៀត​ថា រថយន្ត​ដែល បុក​សត្វ​សេះ​ឱ្យ​ងាប់​នោះ​បាន​បើក​គេច​បាត់ ហើយ ។
ម្ចាស់​និយាយ​ថា បាន​តាម​រក​សេះ​របស់​ខ្លួន​តាំងពី​យប់​ម្លេ​៉ះ តែ​រក​មិនឃើញ ។ ពេល​រក​ឃើញ គឺ​វា​ងាប់​ទៅ​ហើយ ។
ខ្មោច​សេះ​នោះ​ត្រូវ​ម្ចាស់​យក​ទៅ​កប់​ក្នុង​បរិវេណ​វត្ត​អង្គរ ដែល​ជា​វត្ត​មួយ​នៅ​ខាងត្បូង​ប្រាសាទ​ដោយ​មិន​បាន​យក​ទៅ​ធ្វើ​អាហារ​ទេ​៕