​គ្រាន់តែឃើញមុខចាប់ភ្លែត​​! ​ផ្អើល​ពេញផ្លូវ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ​ខណៈ​កំពុង​បើក​ម៉ូតូ​កង់​៣មួយគ្រឿង ​​ពាក់​ព័ន្ធ​​ពី​បទ​​ឆបោក​​ប្រាក់​ចំនួន​៥​ដុល្លារអាមេរិក (​ទិញ​ខោ​ទឹកនោម​មិន​ឱ្យ​លុយ​) ដែល​ការ​ចាប់ខ្លួន​នេះ ធ្វើ​ឡើង​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​​៤ ត្រង់មុខ​វត្ត​ជម្ពូ​រវ័ន ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ដែល​ចាប់ខ្លួន​ឈ្មោះ​គង់ ឧត្តម អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។ ចំណែក​ម្ចាស់​បណ្តឹង​ឈ្មោះ​សេង លាភ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នកលក់​ខោ​ទឹកនោម​បោះ​ដុំ នៅ​ផ្ទះ​លេខ​១៥ ផ្លូវ​១៨៦ ភូមិ​៩ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រូប​នេះបាន​ទៅ​ទិញ​ខោ​ទឹកនោម​នៅ​ទីតាំង​ផ្ទះជន​រង​គ្រោះ​ខាងលើ​ អស់​ចំនួន​២០៦​កេស ដែល​គិត​ជា​ទឹកប្រាក់​អស់​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក ។ រួចជននេះ​ប្រាប់​ថា ចាំ​ទូទាត់​លុយ​នៅ​ថ្ងៃ​ទី​០៨ កញ្ញា ២០១៦ ។ ប៉ុន្តែ​ជន​​នេះ​ មិន​បាន​ធ្វើ​តាម​ការ​សន្យា​នោះ​ទេ ត្រូវ​ម្ចាស់​អីវ៉ាន់​តាម​រក​ដល់​ផ្ទះ តែ​​​គេចខ្លួន​រហូត ។​ លុះ​​មក​ដល់​ត្រឹម​ថ្ងៃ​ចាប់ខ្លួន ត្រូវ​គេ​ប្រទះ​ឃើញ​ជន​នេះ​ កំពុង​បើក​ម៉ូតូ​កង់​៣ ក៏​នាំ​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្តង ។