អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​ប្រកាស​ឱ្យ​ពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង​ប្រុង​ប្រយ័ត្ន​គ្រោះ​ទឹក​ជំនន់

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បាន​បញ្ជា​ឱ្យ​បិទ​កំណាត់​ផ្លូវ​ដែល​ចេញ​ពី​ទី​រួម​ស្រុក​អន្លង់វែង ឆ្ពោះ​ទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​ខ្មែរ-​ថៃ ជាំសាង៉ាំ មិន​ឱ្យ​ឡាន​ដឹក​ទំនិញ​ធំៗ ព្រម​ទាំង​ម៉ូតូ​ឆ្លង​កាត់​ជា​បណ្ដោះអាសន្ន រយៈពេល​ជាង ២០​ម៉ោង​មក​ហើយ គិត​មក​ដល់​ពេល​នេះ។

ការ​បញ្ជា​ឱ្យ​បិទ​កំណាត់​ផ្លូវ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ទឹក​ភ្លៀង​ដែល​ហូរ​ចុះ​ពី​ខ្នង​ភ្នំ​ដងរែក យ៉ាង​ច្រើន បណ្ដាល​ឱ្យ​កើត​ជា​ជំនន់​ហូរ​លើ​ស្ពាន​ឆ្លង​របស់​បឹង​តាម៉ុក ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​សាធារណៈ។

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ដែល​សហការ​ជាមួយ​កម្លាំង​ទាហាន កងរាជអាវុធហត្ថ ព្រមទាំង​ប៉ូលិស​ប្រដាប់​ដោយ​ទូក កាណូត និង​ថ្នាំពេទ្យ សម្រាប់​សង្គ្រោះ​បន្ទាន់​ផង កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច​ចាំ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង ប្រសិនបើ​គ្រោះ​ទឹក​ជំនន់​អាច​កើត​ឡើង​ភ្លាមៗ​នៅ​ពេល​ណា​មួយ​នោះ។

ជាមួយគ្នា​នឹង​ការ​ត្រៀម​ខ្លួន​ជួយ​សង្គ្រោះ​ពលរដ្ឋ​នេះ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែ​កញ្ញា អាជ្ញាធរ​ស្រុក​អន្លង់វែង ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​អូរ​នៃ​តំបន់​ទំនាប​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​ទឹក​ជំនន់​ដែរ។

អភិបាល​ស្រុក​អន្លង់វែង គឺ​លោក ហោ ជិនវិរៈយុទ្ធ។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែ​សីហា ថា​រយៈពេល ២​ថ្ងៃ​មក​ហើយ ទឹក​ភ្លៀង​ដែល​ហូរ​ចុះ​ខ្លាំង​ពី​លើ​ខ្នងភ្នំ​ដងរែក និង​ហូរ​ចាក់​មក​ពី​ស្រុក​ត្រពាំងប្រាសាទ កំពុងតែ​គំរាមកំហែង​តំបន់​ខ្លះ​ក្នុង​ទី​រួម​ស្រុក​អន្លង់វែង។ ចាប់​តាំង​តែ​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​សីហា រហូត​មក​ដល់​ពេល​នេះ ទឹក​ភ្លៀង​បាន​ហូរ​មក​ចាល់​ខ្លាំង​នៅ​បឹង​តាម៉ុក ក្នុង​ទី​រួម​ស្រុក​អន្លង់វែង ដោយ​ហូរ​លើ​ស្ពាន​បណ្ដាល​ឱ្យ​អាជ្ញាធរ​បង្ខំ​ចិត្ត​បិទ​កំណាត់​ផ្លូវ​នោះ​មិន​ឲ្យ​រថយន្ត​ធំៗ ព្រមទាំង​កង់​ម៉ូតូ​ឆ្លង​កាត់​ជា​ច្រើន​ម៉ោង​មក​ហើយ។

លោក ហោ ជិនវិរៈយុទ្ធ បញ្ជាក់​ទៀត​ថា កម្រិត​ទឹកភ្លៀង​ដែល​ហូរ​ចុះ​ពី​ខ្នងភ្នំ​ដង​រែក​នេះ ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​មក​បន្ថែម​ទៀត វា​អាច​បង្ក​ឱ្យ​ក្លាយ​ទៅ​ជា​ទឹក​ជំនន់​គំរាមកំហែង​ប្រជាពលរដ្ឋ ព្រមទាំង​ស្រែ​ចំការ​មិន​ខាន៖ «មក​ដល់​ម៉ោង​នេះ ទឹក​បន្ត​ឡើង​កម្ពស់​ដល់​កម្រិត​ប្រកាស​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ហើយ​នៅ​ផ្នែក​ខាង​ក្រោម ហើយ​យើង​ក៏​បាន​កំណត់​រក​ទី​ទួល​សុវត្ថិភាព​សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ និង​សត្វ​ពាហនៈ​ទុក​រួច​ជា​ស្រេច​ដែរ»

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី​ម៉ោង​ជាង ១២​ថ្ងៃត្រង់ រហូត​ដល់​ម៉ោង ៣​រសៀល​ថ្ងៃ​អង្គារ ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ខ្លាំង​នៅ​ស្រុក​អន្លង់វែង ដែល​ទំនង​ជា​មិន​អាច​គេច​ផុត​ពី​គ្រោះ​ទឹក​ជំនន់​បាន​ឡើយ។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​ប្រមូល​កម្លាំង​ទាហាន​កងរាជអាវុធហត្ថ និង​ប៉ូលិស​ជាច្រើន​ប្រដាប់​ដោយ​សម្ភារៈ​សង្គ្រោះ​ជា​ច្រើន​មក​ត្រៀម​ជាស្រេច​ហើយ ដើម្បី​ចាំ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ប្រសិនបើ​គ្រោះ​ទឹក​ជំនន់​អាច​កើត​ឡើង។

លោក ស ថាវី បាន​ចេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​បិទ​កំណាត់​ផ្លូវ​ស្ពាន​តាម៉ុក មិន​ឱ្យ​រថយន្ត​ឆ្លង​កាត់​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​កម្ពស់​ទឹក​បាន​ហូរ​លើ​ស្ពាន​កម្ពស់​ប្រហែល​កន្លះ​ម៉ែត្រ​ទៅ​ហើយ៖ «ខ្ញុំ​ណែនាំ​កុំ​ឱ្យ​មាន​ការ​ខូច​ផ្លូវ​បន្ថែម ពីព្រោះ​លើ​ស្ពាន​កាល​ណា​វា​ស្រុត​ទៅ​វា​ខ្លាច​មាន​គ្រោះថ្នាក់​ឡាន​ធំៗ ដឹក​ដែក ដឹក​ស៊ីម៉ងត៍ អី​មិន​អនុញ្ញាត​ឱ្យ​ឆ្លង​កាត់​ទេ»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ទឹក​ភ្លៀង​ដែល​ហូរ​ចុះ​ពី​ខ្នងភ្នំ​ដងរែក​ខ្លាំង បណ្ដាល​ឱ្យ​លិចលង់​តំបន់​ខ្លះ​នៃ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដែល​ជាប់​ព្រំប្រទល់​គ្នា​នឹង​ស្រុក​ជាំក្សាន្ត របស់​ខេត្ត​ព្រះវិហារ។

បើ​ទោះ​បី​ទឹក​ជំនន់​បាន​លិច​នៅ​តាម​តំបន់​ខ្លះ​របស់​ស្រុក​ត្រពាំងប្រាសាទ និង​កំពុង​ជន់​នៅ​ស្រុក​អន្លង់វែង ក៏ដោយ ក៏​អាជ្ញាធរ​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ដំណាំ​ខូចខាត ព្រម​ទាំង​ពលរដ្ឋ​ណា​ម្នាក់​បាន​រងគ្រោះថ្នាក់​ដល់​ជីវិត​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។