ពលរដ្ឋ​ប្រមាណ​២០០​នាក់​លើក​គ្នា​តវ៉ា​នៅ​តំបន់​ដីធ្លី​មាន​ទំនាស់​នៅ​ក្រុង​ប៉ោយប៉ែត

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ប្រមាណ ២០០​នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​តំបន់​ដី​ជម្លោះ​នា​ក្រុង​ប៉ោយប៉ែត ដើម្បី​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ពួក​គាត់។ ការ​តវ៉ា​នេះ កើត​មាន​បន្ទាប់​ពី​អ្នក​ភូមិ​ទទួល​ដំណឹង​ថា ភាគី​ជម្លោះ​ម្ខាង​ទៀត​នឹង​ចុះ​អនុវត្ត​ដីកា​របស់​សាលា​ដំបូង​ខេត្ត​នៅ​លើ​ដី​ទំនាស់ នៅ​ថ្ងៃ​ទី​១៣ កញ្ញា។

តំណាង​ក្រុម​អ្នក​តវ៉ា​រស់នៅ​ភូមិ​ព្រៃព្រិច សង្កាត់​ប៉ោយប៉ែត លោក អន ប្រុស ថ្លែង​នៅ​ថ្ងៃ​ទី​១៣ កញ្ញា ថា មូលហេតុ​ដែល​ពួក​គាត់​តវ៉ា​នេះ ដោយសារ​អស់​ជំនឿ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅ​លើ​ការ​ដោះស្រាយ​ទំនាស់​របស់​ពួក​គាត់។ អ្នក​ភូមិ​បញ្ជាក់​ថា ពួក​គាត់​ទទួល​ដំណឹង​ពី​មេ​ភូមិ​ព្រៃព្រិច ថា​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ចុះ​វាស់វែង​នៅ​លើ​ដី​ជម្លោះ ហើយ​ធ្វើ​ឲ្យ​បាត់បង់​ដីធ្លី​របស់​ពួក​គាត់​ដែល​មិន​ទាន់​ដោះស្រាយ​រួច​រាល់​នៅ​ឡើយ៖ «នៅ​ពេល​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​សំណើ​ម្ដងៗ​តែង​ស្ងាត់​ជានិច្ច។ ពួក​ខ្ញុំ​មិន​ដឹង​ពឹង​ទៅ​អ្នក​ណា​ជួយ​ដោះស្រាយ​បាន​ទេ ទើប​បាន​ជា​ពួក​ខ្ញុំ​នាំ​គ្នា​តវ៉ា​នេះ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ កញ្ញា។

អ្នក​មើល​ដី​ឲ្យ​ភាគី​ទំនាស់ លោក សួស រី មាន​ប្រសាសន៍​ថា ដី​ទំនាស់​ដែល​ពលរដ្ឋ​តវ៉ា​នោះ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​លោក សរ សម្បត្តិ និង​លោក វុទ្ធ ដារា ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ លោក​អះអាង​ថា ពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ពិត​ប្រាកដ​មាន​ត្រឹម​តែ ២៦​គ្រួសារ​ទេ។ លោក​បញ្ជាក់​ថា ភាគី​ទំនាស់​ដែល​ជា​មន្ត្រី​នៃ​អង្គភាព​អំពើ​ពុក​រលួយ​នោះ នឹង​ប្រគល់​ដី​ទំនាស់​ឲ្យ​ពលរដ្ឋ ២៦​គ្រួសារ​ទៅ​តាម​ការ​រស់នៅ​ជាក់ស្ដែង៖ «ទាំង​នេះ​មក​ពី​មេ​ភូមិ​ញុះញង់​ប្រជាពលរដ្ឋ​ខុស​រឿង​ខុស​រ៉ាវ ព្រោះ​អី​គេ​ប្ដឹង​ប្រជាពលរដ្ឋ​តែ ២៦​គ្រួសារ​ទេ។ តាម​ពិត​គេ​មក​ដើម្បី​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពាក្យ​កាន់​កាប់​ឲ្យ​ស្រប​ច្បាប់ អ៊ីចឹង​ហើយ​បាន​ជា​គេ​ប្ដឹង​ចូល​តុលាការ ហើយ​តុលាការ​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​មក​រក​ការ​ពិត»

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អ្នក​តវ៉ា​អះអាង​ថា ដី​ទំនាស់​ជាង ១០០​ហិកតារ​នៅ​ភូមិ​ព្រៃព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ពួក​គាត់​មួយ​ចំនួន​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៩៥ មក។ ក្រោយ​មក ភាគី​ទំនាស់​បាន​ប្ដឹង​ពួក​គាត់​ចំនួន ២៦​គ្រួសារ​ទៅ​តុលាការ ហើយ​ពលរដ្ឋ​ក៏​បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជា​បន្តបន្ទាប់។ ក្រុម​អ្នក​តវ៉ា​បន្ថែម​ទៀត​ថា ប្រជាពលរដ្ឋ​ចំនួន​ជាង ២០០​នាក់​នៅ​ភូមិ​ព្រៃព្រិច ចេញ​មក​តវ៉ា​នៅ​ថ្ងៃ​ទី​១៣ កញ្ញា ដើម្បី​ជួយ​ពលរដ្ឋ ២៦​គ្រួសារ ដោយសារ​ព្រួយ​បារម្ភ​ខ្លាច​យក​ដី​តំបន់​ជម្លោះ​ប៉ះពាល់​ដល់​ដី​របស់​ពួក​គាត់។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​តវ៉ា​ដោយសារ​ពួក​គាត់​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដីធ្លី ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​ទៅ​លើ​ការ​កាន់​កាប់​ដី​ទំនាស់​នោះ​ឲ្យ​បាន​ច្បាស់លាស់៖ «អាជ្ញាធរ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ទៅ​ការ​គ្រប់គ្រង និង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ជូន​ប្រជាពលរដ្ឋ មិន​មែន​ទុក​បញ្ហា​ចោល ហើយ​ថា​ការ​តវ៉ា​របស់​ពលរដ្ឋ​ជា​អានាធិបតេយ្យ​នោះ​ទេ»

ក្រោយ​ពី​ការ​តវ៉ា​របស់​ពលរដ្ឋ អាជ្ញាធរ​ក្រុង​បាន​កោះ​ហៅ​មេ​ភូមិ​ព្រៃព្រិច ទៅ​ដោះស្រាយ​ពី​ការ​តវ៉ា​នេះ​នៅ​សាលា​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ដដែល។ ពលរដ្ឋ​បាន​រំសាយ​ការ​តវ៉ា​វិញ​បន្ទាប់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ផ្អាក​គម្រោង​ចុះ​វាស់វែង​នៅ​តំបន់​ដី​ជម្លោះ​នោះ។ អ្នក​ភូមិ​អះអាង​ថា ភាគី​ទំនាស់​ចង់​សម្រួល​ដោះស្រាយ​ជាមួយ​ពួក​គាត់ ប៉ុន្តែ​ពុំ​ទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។