រាជរដ្ឋាភិបាលទម្លាក់លុយជិត១លានដុល្លារឲ្យក្រសួងការពារជាតិ សម្រាប់ទូទាត់ប្រាក់បេសកកម្មប្រជុំនៅបរទេស និងទទួលភ្ញៀវមកប្រជុំនៅកម្ពុជា

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ក្រសួងការពារជាតិ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ខែសីហា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ជា​ប្រមុខ​ បាន​សម្រេច​ទម្លាក់​ទឹកប្រាក់​ប្រមាណ​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​ក្រសួងការពារជាតិ​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ ដើម្បី​ទូទាត់​ប្រាក់​បេសកកម្ម​ទៅ​ចូលរួម​ប្រជុំ​នៅ​បរទេស​ និង​ទទួលភ្ញៀវ​អន្តរជាតិ​មក​កម្ពុជា​ ។​

​កាលពី​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៦​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​ ៣​ ២៦៧​ ០០០​ ០០០​រៀល​ ពី​ជំពូក​៦៩(​ចំណាយ​មិន​បាន​គ្រោងទុក​)​ នៃ​ខ្ទង់ចំណាយ​មិន​ទាន់​បែងចែក​ មក​ជំពូក​៦១(​សេវាកម្ម​)​ ជូន​ក្រសួងការពារជាតិ​ សម្រាប់​ទូទាត់​ប្រាក់​បេសកកម្ម​ទៅ​ចូលរួម​ប្រជុំ​នៅ​បរទេស​ និង​ទទួលភ្ញៀវ​អន្តរជាតិ​មក​ប្រជុំ​នៅ​ប្រទេស​កម្ពុជា​ ដែល​ត្រូវធ្វើ​ឡើង​ដោយ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។

​គួរ​បញ្ជាក់​ជូន​ថា​ សម្រាប់​ឆ្នាំ​២០១៦​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​ខ្ទង់ចំណាយ​ចរន្ត​ចំនួន​ ១​ ៥៥១​ ២០៧​ ០០០​ ០០០​រៀល​ (​ប្រមាណ​ជាង​ ៣៨៧​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ជូន​ក្រសួងការពារជាតិ​ ដែល​ក្នុង​នោះ​ ចំណាយ​លើ​ការ​ទិញ​ចំនួន​ ២៦១​ ៧៣០​ ០០០​ ០០០​រៀល​ និង​ចំណាយ​លើ​សេវាកម្ម​ចំនួន​ ៣០​ ៨៦០​ ០០០​ ០០០​រៀល​ ៕​

Related