អាជីវករ​ម្នាក់​ចាញ់បោក​អ្នក​មក​ដូរ​លុយ អស់​ជាង​៨​ម៉ឺន​បាត

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​ស្រុក​កំ​រៀង​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា​ថា បុរស​ម្នាក់​ទំនងជា​ជនជាតិ​វៀតណាម​ដែល​និយាយ​ភាសារ​ខ្មែរ​មិន​ច្បាស់ បាន​ជិះ​ម៉ូតូ​គេចខ្លួន​ភ្លាម​ៗ​ជាមួយនឹង​ទឹកប្រាក់​ជាង​៨​ម៉ឺន​បាត​(​ប្រាក់​ថៃ​) ដែល​ប្រើ​ល្បិច​បោក​បាន​ពី​អាជីវករ​ប្ដូរ​លុយ​(​វី​ង​)​ម្នាក់​នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង កាលពី​ល្ងាច​ថ្ងៃ​ទី​១០​កញ្ញា ដែល​សកម្មភាព​ទុច្ចរិត​បែប​នេះ​បាន​កើតឡើង​ម្ដង​ហើយ នៅ​ក្រុង​បាត់ដំបង កាលពី​ខែ​មុន​ដែល​គេ​សង្ស័យ​ថា ជា​មុខសញ្ញា​ដដែល​ៗ​។

លោក គឹ​ម ពន្លក អធិការ​ស្រុក​កំ​រៀង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ និ​ន សា​រ៉េ​ត ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជា​អាជីវករ​ប្ដូរ​ប្រាក់​នៅ​ភូមិ​ឃុំ​ខាងលើ​។ លោក​ថា ជន​រង​គ្រោះ​បាន​ចាញ់បោក​ជន​ទុច្ចរិត​ម្នាក់ ដែល​និយាយ​ខ្មែរ​មិន​ច្បាស់​អស់ប្រាក់​ចំនួន ៨៦,២១៥​បាត ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន​៩៤​ដុល្លា​ត្រឡប់​មក​វិញ​។ លោក​អធិការ​បាន​បញ្ជាក់​ថា ជនល្មើស​បាន​កាន់​ប្រាក់​ជាង​២.០០០​ដុល្លា ទៅ​សុំ​ដូរ​យក​លុយ​បាត​ពី​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​ក៏​បាន​រាប់​ប្រាក់​ដុល្លា​របស់​អតិថិជន​ឃើញ​គ្រប់​ចំនួន និង​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ទៀត​ផង មុន​ពេល​ដោះ​ដូរ​។

ប៉ុន្តែ​ក្រោយ​ពី​ប្រគល់​ប្រាក់​ឲ្យ​រៀង​ៗ​ខ្លួន ហើយ​ជនល្មើស​ចេញ​ផុត ជន​រង​គ្រោះ​ក៏​ទាញ​កញ្ចប់​ប្រាក់​នោះ​មក​រាប់ និង​ពិនិត្យ​ម្ដងទៀត ស្រាប់តែ​ឃើញ​មាន​តែ​ចំនួន​៩៤​ដុល្លា សុទ្ធតែ​ក្រដាស់​១​ដុល្លា ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​ទៅ​។

បើ​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​អ្នកស្រី និ​ន សា​រ៉េ​ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​នោះ​ជិះ​ម៉ូតូ​មក​ដូរ​ប្រាក់​តែ​ម្នាក់ឯង​ទេ​។ ពេល​មក​ដល់​ជន​នោះ​បាន​ដក​ប្រាក់​ដុល្លា​មួយ​កញ្ចប់ សុំ​ដូរ​យក​ប្រាក់​បាត ហើយ​កូនប្រុស​គាត់​ជា​អ្នក​រាប់ និង​ពិនិត្យ​ប្រាក់​ដុល្លា​នោះ មាន​ចំនួន​២.៤៩៩​ដុល្លា ដែល​ដូរ​ប្រាក់​បាត​បាន​ចំនួន​៨៦.២១៥​បាត  រីឯ​គាត់​ជា​អ្នក​រាប់​លុយ​បាត​ដើម្បី​ដូរ​ឲ្យ​ជនសង្ស័យ​។

គាត់​និយាយ​ថា ពេល​កូន​គាត់​រាប់​គ្រប់​ចំនួន និង​ពិនិត្យ​រួចរាល់ ជន​នេះ​បាន​សុំ​កញ្ចប់​ប្រាក់​របស់​ខ្លួន​យក​ទៅ​កាន់​វិញ​សិន ខណៈ​គាត់​កំពុង​រាប់​ប្រាក់​បាត​។ លុះ​ជនសង្ស័យ​ប្រគល់​ប្រាក់​ដុល្លា​មួយ​កញ្ចប់​មក​ឲ្យ​ដល់​ដៃ​កូន​គាត់ ទើប​គាត់​ប្រគល់​ប្រាក់​ជាង​៨​ម៉ឺន​បាត​នោះ​ឲ្យ​ទៅ​ជនសង្ស័យ​វិញ​ភ្លាម​ៗ​ដែរ​។ អ្នកស្រី និ​ន សា​រ៉េ​ត បាន​បញ្ជាក់​ថា ក្រោយ​ពី​ជនសង្ស័យ​ទ​ទូល​បាន​ប្រាក់​ដល់​ដៃ ជន​នេះ​មិន​បាន​រាប់​ឬ​ពិនិត្យ​ទេ  ហើយ​ឡើង​ជិះ​ម៉ូតូ​ចេញ​បាត់​ភ្លាម​ៗ​តែ​ម្ដង ហើយ​ភ្លាម​នោះ​កូនប្រុស​គាត់​ក៏​បាន​ទាញ​យក​កញ្ចប់​ប្រាក់​នោះ​មក​រាប់​ម្ដងទៀត ស្រាប់តែ​បាត់​អស់​ឃើញ​តែ​ចំនួន​៩៤​ដុល្លា ដែល​មាន​ក្រដាស់​៥០​ដុល្លា​មួយ​សន្លឹក និង​ក្រដាស់​១​ដុល្លា​៤៤​សន្លឹក ទើប​មានការ​ផ្អើល​ឆោឡោ តែ​ជនសង្ស័យ​នោះ​មិនដឹង​ជិះ​ម៉ូតូ​ដល់​ណា​បាត់​ទៅ​ហើយ​។

លោក គឹ​ម ពន្លក អធិការ​ស្រុក​កំ​រៀង បាន​និយាយ​ថា នេះ​ជា​សកម្មភាព​បោកប្រាស់​ថ្មី​របស់​ជន​ទុច្ចរិត ដែល​មិន​ធ្លាប់​កើត​មាន​សោះ​នៅ​ក្នុងស្រុក​កំ​រៀង​។ លោក​ថា អាជីវករ​ប្ដូរ​ប្រាក់ កន្លែង​ផ្ទេរ​ប្រាក់ និង​កន្លែង​លក់ដូរ​គ្រឿងអលង្កា​តាម​គេហដ្ឋាន ឬ​នៅ​តាម​ទីផ្សារ​នានា​ក្ដី គួរតែ​មានការ​ប្រុង​យ័​ត្ន ព្រោះ​សកម្មភាព​នេះ​ជន​ទុច្ចរិត​ហាក់​បោក​បញ្ឆោត​បាន​ងាយ​បំផុត​។ លោក​បាន​បញ្ជាក់​ដែរ​ថា កម្លាំង​របស់​លោក​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​មុខសញ្ញា​នេះ តែ​ទំនង​ជនសង្ស័យ​រូប​នេះ​បាន​គេចខ្លួន​ចេញពី​ស្រុក​កំ​រៀង​ហើយ​។

សូម​បញ្ជាក់​ថា កាលពី​ជាង​មួយ​ខែ​មុន សកម្មភាព​ដូច​ខាងលើ​នេះ​បាន​កើតឡើង​ម្ដង​ហើយ នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ ជា​ជនជាតិ​យួន​និយាយ​ភាសារ​ខ្មែរ​មិន​ច្បាស់​ទេ​។ ជនជាតិ​យួន​ទាំង​២​នាក់​នោះ បាន​ប្រើ​ល្បិច​យក​ប្រាក់​ចំនួន​១.៧០០​ដុល្លា ទៅ​ដូរ​យក​ប្រាក់​ខ្មែរ​នៅ​កន្លែង​«​វី​ង​»​។ ជន​ទាំង​២​នាក់​នោះ​បាន​ដាក់​ប្រាក់​ក្នុង​កញ្ចប់​ដូច​គ្នា ហុច​ឲ្យ​ទៅ​ជន​រង​គ្រោះ​រាប់ និង​ពិនិត្យ ហើយ​ក៏​សុំ​កាន់​កញ្ចប់​ប្រាក់​នោះ​វិញ​។

លុះ​ពេល​ប្រគល់​ប្រាក់ ជន​នោះ​បាន​ប្ដូរ​កញ្ចប់​ប្រាក់​ផ្សេង​ឲ្យ​ទៅ​ជន​រង​គ្រោះ ដែល​មាន​តែ​ចំនួន​១៧​ដុល្លា​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្ទើរ​ក្អួត​ឈាម​និយាយ​មិន​ចេញ រីឯ​ជនជាតិ​យួន​ទាំង​២​នាក់​នោះ ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​ដែរ​។ បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​នៅ​ស្រុក​កំ​រៀង​នេះ គឺជា​មុខសញ្ញា​ដដែល​ៗ​។

ប៉ុន្តែ​ជនសង្ស័យ​បាន​ផ្លាស់​ប្ដូរ​ម៉ូតូ​ក្នុង​ការ​ជិះ​ធ្វើ​សកម្មភាព​។ តាម​រយៈ​កោះសន្តិភាព សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់​ឲ្យ​ជួយ​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​សមត្ថកិច្ច​ភ្លាម​ៗ ប្រសិនបើ​ប្រទះ​ឃើញ​ជន​ដែល​គួរ​ឲ្យ​សង្ស័យ ឬ​ជន​ណា​ដែល​ទៅ​សុំ​ប្ដូរ​ប្រាក់​តាម​រយៈ​ដូច​រូបភាព​ខាងលើ​នេះ នៅ​តាម​កន្លែង​ផ្ទេរ​ប្រាក់ ឬ​កន្លែង​ប្ដូរ​ប្រាក់​នៅ​ក្នុង​ផ្សារ​នានា​ក្ដី ដើម្បី​សមត្ថកិច្ច​ចុះ​តាម​ឃ្លាំង​មើល និង​មាន​វិធានការ​៕