រុស្ស៊ី​៖«​អាមេរិក​កំពុង​ច្រឡំ​សណ្តាប់ធ្នាប់​ពិភពលោក​ជាមួយ​ស្តង់ដា​អាមេរិក​ខ្លួនឯង​» និពន្ធដោយ : ថ្មីៗ       September-13-2016, 9:39 pm         591

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រុស្ស៊ី​៖«​អាមេរិក​កំពុង​ច្រឡំ​សណ្តាប់ធ្នាប់​ពិភពលោក​ជាមួយ​ស្តង់ដា​អាមេរិក​ខ្លួនឯង​»រដ្ឋមន្ត្រីការពារ​ជាតិ​រុស្ស៊ី លោក Sergei Shoigu​ប្រមុខ​ការពារជាតិ​រុស្ស៊ី​បាន​អះអាងថា អាមេរិក​កំពុង​ធ្វើ​ភាន់ច្រឡំ​រវាង​សណ្តាប់ធ្នាប់​ពិភពលោក​បច្ចុប្បន្ន​ជាមួយ​សណ្តាប់ធ្នាប់​ស្តង់ដា​អាមេរិក​ខ្លួនឯង​។ ការលើកឡើង​បែបនេះ​គឺ​ដើម្បី​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​របស់រ​ដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក​ដែលថា រុស្ស៊ី​កំពុង​ព្យាយាម​បំផ្លាញ​គោលការណ៍​ស្នូល​នៃ​សណ្តាប់ធ្នាប់​ពិភពលោក​។​

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​ព្រលះ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ដែល​បាន​ចោទថា​រុស្ស៊ី​កំពុង​បំផ្លាញ​សណ្តាប់ធ្នាប់​ពិភពលោក​។ លោក​អះអាងថា អាមេរិក​ប្រហែលជា​កំពុង​វង្វេង​រវាង​សណ្តាប់ធ្នាប់​ពិភពលោក​បច្ចុប្បន្ន និង​ស្តង់ដា​អាមេរិក​ខ្លួនឯង រួច​ដើរ​ចោទថា​គេ​បំផ្លាញ​សណ្តាប់ធ្នាប់​ពិភពលោក​។

​បើតាម​ការពន្យល់ របស់​រដ្ឋមន្ត្រី​ការពារ​រុស្ស៊ី​ខាងលើ សណ្តាប់ធ្នាប់​ពិភពលោក​ដែល​អាមេរិក​កំពុងនិយាយ គឺ​សណ្តាប់ធ្នាប់​ស្តង់ដា​អាមេរិក ឬ​និយាយ​ឲ្យ​ខ្លី​គឺ​អ្វីដែល​អាមេរិក​ដាក់​ឲ្យ​គេ​អនុវត្តតាម​។ ដូច្នេះ​ដើម្បី​រក្សា​និង​ការពារ​សណ្តាប់ធ្នាប់​ពិភពលោក វា​ជា​កាតព្វកិច្ច​ដែល​សហគមន៍​អន្តរជាតិ​ទាំងមូល​ត្រូវធ្វើ​រួមគ្នា មិនមែន​កាតព្វកិច្ច​អាមេរិក​ម្នាក់ឯង​ឡើយ​។​

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT កាលពី​សប្តាហ៍​មុន​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Ashton Carter បាន​រិះគន់​និង​ចោទប្រកាន់​រុស្ស៊ី​ក្នុងពេល​លោក​ផ្តល់​សុន្ទរកថា​ទៅកាន់​និស្សិត​នៅ​សកលវិទ្យា​ល័យ Oxford​។ រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​បាន​ចោទថា​រុស្ស៊ី​មាន​មហិច្ឆតា​មួយ​គឺ​បំផ្លាញ​សណ្តាប់ធ្នាប់​អន្តរជាតិ ដោយ​លើក​ហេតុផល​ថា​រុស្ស៊ី​បាន​បំពាន​ទឹកដី​គេ និង គំរាម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ជាដើម​។​

 ឆ្លើយតប​ការចោទប្រកាន់​របស់​អា​មេ​រិ​ក​ដែរ លោក Sergei Shoigu បាន​ពន្យល់ថា តាំងពី​យូរ​មកហើយ អាមេរិក​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ច្រើន​ដល់​សណ្តាប់ធ្នាប់​ពិភពលោក និង​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ដល់​បច្ចុប្បន្ន តាមរយៈ​ការអន្តរាគមន៍​យោធា​នៅ​បរទេស​។  លោក​លើកឡើង​ពី​ការអន្តរាគមន៍​យោធា​របស់​អាមេរិក​និង​សម្ព័ន្ធមិត្ត​កន្លងមក​មាននៅ​អតីត​រដ្ឋ​យូ​ហ្កោ​ស្លា​វី​, អ៊ីរ៉ាក់ អា​ហ្វ​ហ្កា​នី​ស្ថាន និង​លី​ប៊ី​ជាដើម​។​

​ទាក់ទិន​ការអន្តរាគមន៍​នៅ​អតីត​រដ្ឋ​យូ​ហ្កោ​ស្លា​វី​ក្នុង​ឆ្នាំ​១៩៩៩  លោក Shoigu គូសបញ្ជាក់​ច្បាស់​ថា កាលនោះ​រុស្ស៊ី​បាន​ព្រមាន​អាមេរិក​ពី​ផលប៉ះពាល់​ដែល​អាច​កើតមានឡើង​ក្រោយ​ការអន្តរាគមន៍​នេះដែរ​។​ប៉ុន្តែ​អាមេរិក​មិនបាន​ស្តាប់​ការព្រមាន​នេះឡើយ​។ ហើយ​ចាប់តាំងពី​ពេល​នោះមក អាមេរិក​បន្ត ចូល​អន្តរាគមន៍​ដោយ​ប្រើប្រាស់​មធ្យោបាយ​យោធា​ស្រដៀងៗ​គ្នា​នេះ​នៅ​អ៊ីរ៉ាក់​,  អា​ហ្វ​ហ្កា​នី​ស្ថាន​, និង​លី​ប៊ី​ជាដើម ដោយ​មិន​រៀនសូត្រ​ពីបទ​ពិសោធន៍​អាក្រក់​ដែល​ខ្លួន​ជួបប្រទះ​ឡើយ​។

​យ៉ាងណា​ក៏ដោយចុះ លោក Shoigu នៅតែ​ជឿជាក់ថា ដល់ពេល​ដែល សហរដ្ឋអាមេរិក​ត្រូវ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ដែល​ខ្លួន​ធ្លាប់ប្រើ​ប្រាស់​កន្លងមក ហើយ​ឈប់​បន្ទោស​គេ​បន្ទោស​ឯង​ជាពិសេស​រុស្ស៊ី និង​ចិន​ទៀត​ពាក់ព័ន្ធ​ការបង្កើត​បញ្ហា​ពិភពលោក​បច្ចុប្បន្ន​៕