ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ក្នុង​ឃុំ​៤​បានទទួល​ការបង្រៀន​បច្ចេកទេស​ចិញ្ចឹម​កង្កែប​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​

ខេត្តកំពង់ឆ្នាំង៖ នៅក្នុងប្រទេសកម្ពុជាដោយសារមានកំណើនប្រជាជនកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ រួមផ្សំទាំងមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុផងនោះ បានធ្វើអោយធនធានជលផលជាតិមានការថយចុះជាលំដាប់។ នៅក្នុងធនធានជលផលទាំងនោះ ក៍មានសត្វកង្កែបមួយផងដែរ ដែលជាវារីសត្វអាចរស់នៅលើគោក និងក្នុងទឹកបាន វាក៏ជាអាហារមួយដ៍សំខាន់សំរាប់ប្រជាពលរដ្ឋយើងដែរ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលជលផល ប្រជាពលរដ្ឋនៅក្នុងឃុំ៤ របស់ស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ប្រមាណជាង១០០គ្រួសារ បានទទួលនូវការបង្រៀនអំពីបច្ចេកទេសចិញ្ចឹមកង្កែបពីនាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល ដើម្បីលើកស្ទួយជីវភាពដល់ប្រជាកសិករយើងអោយគាត់ចេះចិញ្ចឹមកង្កែប ព្រោះវាគឺជាមុខរបរមួយដ៍សំខាន់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅតាមជនបទ។

__2

លោក តាន់ ម៉ូលី គ្រូបង្គោលក្នុងការបង្រៀនអំពីបច្ចេកទេសចិញ្ចឹមកង្កែប នៃនាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផលនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះបានអោយដឹងថា៖ ក្នុងរយៈពេលកន្លះខែកន្លងមកនេះ ប្រជាពលរដ្ឋជាង១០០គ្រួសារ នៅក្នុងឃុំពង្រ ឃុំស្វាយជ្រុំ នៃស្រុករលាប្អៀរ និងឃុំសេដ្ឋី ឃុំក្រាំងល្វា នៃស្រុកសាមគ្គីមានជ័យ បានទទួលការបណ្តុះបណ្តាលបច្ចេកទេសចិញ្ជឹមកង្កែបជាលក្ខណៈគ្រួសារ ព្រោះមុខរបរចិញ្ចឹមកង្កែបអាចជួយកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ និងនៅក្នុងគ្រួសារពួកគាត់បាន។

_

លោកបានបន្តថា ការចិញ្ចឹមកង្កែបមានសារៈប្រយោជន៍ដូចជា អាចបង្កើត និងបង្កើនមុខរបរចិញ្ចឹមជីវិតដល់កសិករនៅតាមជនបទ, សាច់កង្កែបផុយមានកំរិតប្រូតេអ៊ីនខ្ពស់ និងជួយបង្កើនអាហាររូបត្ថម្ភបន្ថែមដល់មនុស្ស, ការចិញ្ចឹមកង្កែបតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ អាចអោយកង្កែបធំធាត់បានឆាប់រហ័សនិងទទួលបានទិន្នផលខ្ពស់ ចំណាយដើមទុនតិច ប្រើរយៈពេលចិញ្ចឹមខ្លី និងមានទីផ្សារលក់កង្កែបល្អ។ ម្យ៉ាងវិញទៀតការចិញ្ចឹមកង្កែប អាចកាត់បន្ថយការចាប់កង្កែបពីធម្មេជាតិ ដែលវាជាភ្នាក់ងារកំចាត់សត្វល្អិត និងដង្កូវចង្រៃដែលអាចស៊ីបំផ្លាញដំណាំកសិកម្មរបស់ប្រជាកសិករយើង។

__1

ចំពោះការចិញ្ចឹមវិញ លោកបានអោយដឹងថា៖ ប្រជាកសិករអាចចិញ្ចឹមកង្កែបបាននៅក្បែរផ្ទះ លើដីទួល ក្រោមដើមឈើ ឬស្រះ និងវាលស្រែដែលមានទំហំដីតូចល្មម និងមិនត្រូវការទឹកច្រើនឡើយ។ ម្យ៉ាងទៀតគេអាចចិញ្ចឹមវាក្នុងអាងតង់ប្លាស្ទីក ឬអាងស៊ីម៉ង់ ដោយប្រើទឹកអណ្តូង ឬទឹកម៉ាស៊ីនបាន។ ការចិញ្ចឹមកង្កែបកង្កែបក្នុងអាងមានលក្ខណៈងាយស្រួលថែរក្សា គ្រប់គ្រង និងប្រើប្រាស់រយៈពេលចិញ្ចឹមតែ២ខែកន្លះទៅ៣ខែយ៉ាងយូរអាចទទួលផល ដោយកង្កែប១ក្បាលមានទម្ងន់ចាប់ពី២ខាំទៅ២,៥ខាំ ហើយក្នុង១ឆ្នាំយើងអាចចិញ្ចឹមវាបានពី៣ទៅ៤ដងទៅតាមលទ្ធភាពរបស់យើង។

ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលជលផលបានជំរុញអោយប្រជាពលរដ្ឋនៅតាមទីជនបទព្យាយាមចាប់យកមុខរបរចិញ្ចឹមកង្កែបនេះ ព្រោះថាកង្កែបមានទីផ្សារល្អ ទាំងនៅតាមភោជនីយដ្ឋាននានា និងតាមបណ្តាទីផ្សារទាំងអស់ ហើយការចិញ្ចឹមកង្កែបមិនតំរូវការដីធំ កម្លាំងពលកម្មច្រើន និងចំនាយដើមទុនច្រើននោះទេ គឺពលរដ្ឋគ្រប់ក្រុមគ្រួសារទាំងអស់ អាចចិញ្ចឹមវាបានដោយងាយ។ ការចិញ្ចឹមកង្កែបក៍ជាមធ្យោបាយមួយជួយទប់ស្កាត់ការបំផ្លាញធនធានជលផលធម្មជាតិ និងជួយបង្កើនជីវភាពនៅក្នុងគ្រួសារ ព្រោះការចិញ្ចឹមកង្កែបមានការងាយស្រួលជាងការចិញ្ចឹមត្រី និងឆាប់ទទួលផល។

ឯកឧត្តម អេង ជាសាន បានបន្ថែមថា ប្រសិនបើប្រជាកសិករមានតំរូវការចង់ចេះបច្ចេកទេសចិញ្ចឹមកង្កែប គឺនាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលេជលផល និងចាំជួយបងប្អូនប្រជាកសិករនូវចំណេះដឹងនិងជំនាញក្នុងការចិញ្ចឹមគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕ ( រិទ្ធិជ័យ )