Bayern លុត Rostov ខណៈ Sanchez សង្គ្រោះក្រុម Arsenal(មានវិដេអូ)

Bayern Munich បានបំបាក់ក្រុម Rostov ដែលកំពុងបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League ជាលើកទី១នោះ យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ ខណៈដែលខ្សែបម្រើវ័យក្មេង Joshua Kimmich បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់កាលពីថ្ងៃអង្គារ ដើម្បីធ្វើឲ្យយុទ្ធនាការក្នុងពូល D របស់ក្រុមខ្លួនចាប់ផ្តើមយ៉ាងល្អ និងបានបង្កើតឲ្យកំណត់ត្រាថ្មីមួយនៃក្របខ័ណ្ឌនេះជាមួយនឹងការទទួលជ័យជម្នះលើទឹកដីខ្លួនឯងចំនួន១៣លើកជាប់ៗគ្នា។

4087

ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់វ័យ២១ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងតង់ទី២ ក្រោយពីខ្សែប្រយុទ្ធ Robert Lewandowski បានស៊ុតបាល់ប៉េណាល់ទីនៅនាទី ទី២៨ ហើយ Thomas Mueller បានបន្ថែមគ្រាប់បាល់មួយគ្រាប់ទៀតនៅជិតបញ្ចប់តង់ទីមួយដើម្បីកាត់ផ្តាច់ឱកាសវាយបករបស់ក្រុមរុស្ស៊ីតែម្តង។ គ្រាប់បាល់បញ្ចូលទី២គ្រាប់របស់ Kimmich ក្នុងចន្លោះពេល៨នាទី បានបង្ហាញពីទម្រង់លេងនៃការរកគ្រាប់បាល់យ៉ាងល្អឥតខ្ចោះរបស់គេ ក្រោយពីរូបគេបានរកគ្រាប់បាល់ក្នុងការប្រកួតលីកជាលើក ទី១របស់គេកាលពីសប្តាហ៍មុន បន្ទាប់ពីបានរកគ្រាប់បាល់ក្នុងការប្រកួតជម្រុះ World Cup របស់ក្រុមអាល្លឺម៉ង់ កាលពីដើមខែនេះ។

Juan Bernat បានរកគ្រាប់បាល់ទី៥របស់ក្រុម Bayern នៅនាទី ទី៩០។ ក្រុម Rostov របស់រុស្ស៊ី ដែលបានបង្ហាញខ្លួនក្នុងវគ្គចែកពូលជាលើកដំបូងរបស់ខ្លួននោះ បានការពារយ៉ាងល្អនៅរយៈពេល២០នាទីដំបូង ប៉ុន្តែ ត្រូវបានហែកជាជំរាកៗដោយក្រុម Bayern ដែលបានបំបែកកំណត់ត្រាកាលពីមុនរបស់ Man United នៃការកត់ត្រាជ័យជម្នះ១២លើកជាប់ៗគ្នាលើទឹកដីខ្លួនឯងក្នុងយុទ្ធនាការនេះ។

ស្របពេលជាមួយគ្នានេះ ក្រុម Paris St Germain បានខ្ជះខ្ជាយឱកាសក្នុងការបង្កើតការចាប់ផ្តើមយ៉ាងល្អក្នុងរដូវកាលរបស់ពួកគេ នៅពេលដែលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងផ្ទះខ្លួនឯងជាមួយនឹងក្រុម Arsenal ក្នុងការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League ពូល A របស់ពួកគេ ខណៈ Edison Cavani និង Alexis Sanchez រកគ្រាប់បាល់បញ្ចូលទីដូចគ្នា៕

សូមទស្សនាវិដេអូ​ Bayern Munich vs Rostov 5-0 Highlights 13/09/2016

លទ្ធផលគូផ្សេងទៀត
Basel 1-1 Ludogorets
Benfica 1-1 Besiktas
Dyn. Kiev 1-2 Napoli
PSV 0-1 Atl. Madrid
ប្រភពព័ត៌មាន៖ Channel News Asia

The post Bayern លុត Rostov ខណៈ Sanchez សង្គ្រោះក្រុម Arsenal(មានវិដេអូ) appeared first on CamboSport.