ទ្វារ​ដែក​១​ផ្ទាំង​នេះ​ឆក់​យក​ជីវិត​ក្មេង​ប្រុស​ម្នាក់

ខេត្តកំពង់ធំ ៖ ឧបទ្ទវហេតុ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ឈូក ឃុំ​ទ្រា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយ​ទ្វារ​ដែក​១​ផ្ទាំង​បាន​រលំ​សង្កាត់​ស្លាប់​ក្មេង​ប្រុស​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

ប្រភព​ព័ត៌មាន​ពី​លោក​វរៈសេនីយ៍ទោ សួង ថេ​ន អធិការ​នគរបាល​ស្រុក​បារាយណ៍ បាន​ឲ្យ​ដឹង​ថា បើ​យោង​តាម​ប្រជាពលរដ្ឋ​ប្រាប់​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​និង​ឪពុក​ម្តាយ​ក្មេង​ប្រុស​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា ។ ម្ចាស់ផ្ទះ​ឈ្មោះ ទែន រឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ វ៉ា ផុ​ន អាយុ​៣៦​ឆ្នាំ ឪពុក​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ទែន ឡូ​ន អាយុ​២៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ផ​ន ស្រី​រ័ត អាយុ​២៣​ឆ្នាំ អ្នក​ទាំង​២​នាក់​បងប្អូន និង​ប្រពន្ធ បាន​នាំ​គ្នា​ចំណាកស្រុក​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ​អស់ហើយ ដោយ​ទុក​ផ្ទះ​ចោល ហើយ​ផ្ញើ​កូន​ៗ​នៅ​ជាមួយ​បងប្អូន ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ក្មេង​ប្រុស​ឈ្មោះ មាន គើ ភេទ​ប្រុស អាយុ​៧​ឆ្នាំ និង​ក្មេង​ស្រី​ឈ្មោះ ធឿ​ន ម៉ា​រ៉ា អាយុ​៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ យួន ធឿ​ន អាយុ​២៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហ៊​ត ហេ​ន អាយុ​២៦​ឆ្នាំ​ដូច​គ្នា រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​នាំ​គ្នា​រុញ​ទ្វារ​ដែក​របស់​ម្ចាស់ផ្ទះ​ឈ្មោះ ទែន រឿ​ន ត្រូវជា​អ៊ំ​លេង នៅ​ពេល​ដែល​ក្មេង​ៗ​ទាំង​២​នាក់​កំពុង​តែ​រុញ​ទ្វារ​ដែក​ទៅ​មក​លេង​យ៉ាង​សប្បាយ​រីករាយ ស្រាប់តែ​ទ្វារ​ដែក​១​ផ្ទាំង​នោះ​ក៏​របូត​ផុត​ពី​គន្លឹះ​របស់​វា ធ្វើ​ឲ្យ​ដួល​រលំ​សង្កត់​ទៅ​លើ​កុមារ​ទាំង​២​នាក់​បណ្តាល​ឲ្យ​កុមា​រា​ឈ្មោះ មាន គើ បែកក្បាល​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ឯ​កុមារី​ឈ្មោះ ធឿ​ន ម៉ា​រ៉ា រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​បន្តរ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ៕