​មានអ្វីពីក្រោយ​? ពិរុទ្ធជនម្នាក់ក្អួតឈាមរហូតស្លាប់…

ខេត្តស្វាយរៀង​ ៖ ​ពិរុទ្ធជន​ម្នាក់ក្អួត​ឈាម​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ ក្រោយ​ពី​មន្ត្រី​ពន្ធនាគារ​បញ្ជូន​យក​ទៅ​សង្គ្រោះ​បាន​​ជាង​៣​ម៉ោងមក ដែលករណី​នេះ ត្រូវ​ក្រុម​​​សាច់ញាតិ​សង្ស័យ​​ថា ស្លាប់​ដោយសារ​ធ្វើ​ទា​រុណកម្ម​នៅ​ក្នុង​ពន្ធនាគារ ។ ការ​ប្រតិកម្មពី​ក្រុម​​គ្រួសារ​​​កើតឡើង ​កាលពី​វេ​ល​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៣​ កញ្ញា​ ២០១៦ ស្ថិត​​នៅ​ភូមិ​ធ្លក​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ ។

ទាក់​ទិន​ពិរុទ្ធជន​ស្លាប់​នេះ ​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ឈ្មោះ​នាង សួន​វិសាល ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​​ធ្លក ​សង្កាត់​សង្ឃ័រ ​ក្រុង​ស្វាយ​រៀង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​​កាលពី​ថ្ងៃ​ទី​២៧​ មេ​សា​ ២០១៦ ពី​បទ​ជួញដូរ ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ ដោយ​សមត្ថ​​កិច្ច​បាន​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចេញ​ដី​កា​ឃុំខ្លួនជា​​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​ ។​

ប្រភព​ដ​ដែល​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​១២ ​កញ្ញា​ ២០១៦ វេលា​ម៉ោង​០៩​យប់ ពិរុទ្ធជន​ឈ្មោះ​នាង សួន​វិសាល មាន​ជំងឺក្អួត​ឈាម​តាម​មាត់ មន្ត្រី​ពន្ធនាគារ​ ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត ​ដើម្បី​សង្គ្រោះ ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១១ ​និង​១៥​នាទី​យប់(ដេក​ពេទ្យ​បាន​ជាង​៣​ម៉ោង​)​ ដែល​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័យ​មូលហេតុ​ ​វិបត្តិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ​(​ហើម​សួត​) ។

​ទាក់ទិន​ករណី​នេះ​​ដែរ ​លោក​មាស ​យ៉ាំ មេ​ភូមិ​ធ្លក​បាន​មាន​ប្រសាសន៍ថា គាត់​មានការ​សោក​ស្តាយ និង​ស​ង្ស័យ​​ថា ​មាន​​អ្វី​កើត​ឡើង​​ខុស​​ប្រក្រ​តី ដោយ​ជន​រង​គ្រោះ​មាន​ជំងឺ​​ធ្ងន់ធ្ងរ បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​នៅ​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១២ ​កញ្ញា ដោយមិន​ជូនដំណឹង​ដល់​ម្តាយ​ ឬ​សាច់ញាតិ​ឱ្យ​ដឹង ​រហូត​ដល់​ស្លាប់ ។

លុះ​ម៉ោង​០៧​ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ​កញ្ញា ទើប​លោកនាយ​នគ​បាល​ប៉ុ​ស្តិ៍​រដ្ឋបាល​សង្កាត់​សង្ឃ័រ​ទូរ​សព្ទ័​ប្រាប់​ថា ឈ្មោះ​នាង​ សួន​វិសាល ​ស្លាប់​ហើយ​ ទំនងជា​បែក​ថ្នាំ គឺ​ប្រើប្រាស់​គ្រឿងញៀន ជ្រុល​ហួសកំណត់​គាំងបេះដូង​ក្អួត​ឈាម​ស្លាប់​ ។

សំណួរ​​សួរ​ថា បើ​មាន​ជំងឺ ​ហេតុ​អ្វី​បាន​មិន​បញ្ជូន​ទៅ​ព្យាបាល ទុក​រហូត​ធ្ងន់ធ្ងរ​ក្អួត​ឈាម ​ទើប​បញ្ជូន? ទី​២-​លោកនាយ​ប៉ុស្តិ៍​រដ្ឋ​បាល​​ប្រាប់​ថា ទំនងជា​បែក​ថាំ គឺ​ប្រើប្រាស់​គ្រឿងញៀន​ហួសកំណត់ ទើប​ក្អួត​ឈាម​ស្លាប់ តើ​ពិរុទ្ធជន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​អស់​រយៈ​៥​ខែ​មក​ហើយ ​តើ​បាន​ថ្នាំ​ញៀន​មក​ប្រើប្រាស់​ដូច​ម្តេច ​ឬ​ក្នុង​ពន្ធនាគារ មានការ​ជួញដូរ​ចែកចាយ​គ្រឿងញៀន? ចំពោះ​ពិរុទ្ធជន​ស្លាប់​ដោយ​ក្អួត​ឈាម ​ហើយ​មាន​ស្នាម​ជាំ​នៅ​ក​ខាងក្រោយ​ និង​ជាំ​នៅ​ខ្នង​ខាងក្រោម​បោះដៃផុត​ចំនួន​៤​កន្លែង សង្ស័យ​មាន​​ធ្វើ​ទា​រណកម្ម​។​

បើ​តាម​ស្ត្រី​ឈ្មោះ​ទេព ​សា​រ៉ា អាយុ​៦៣​ឆ្នាំ ជា​ម្តាយបង្កើត​ពិរុទ្ធជន ​(​នាង​សួន​វិសាល​) ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា រូប​គាត់​ជា​ស្ត្រី​មេម៉ាយ មាន​តែ​កូនប្រុស​ម្នាក់​នេះ​គត់​ មាន​ជីវភាព​ក្រីក្រ​លំបាក ​រស់នៅ​ក្នុង​ខ្ទម​តូច​ជាមួយ​កូន តស៊ូ​​ឲ្យ​កូន​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០ ​ក៏​អស់​លទ្ធភាព​រក​ប្រាក់​ឱ្យ​កូន​រៀន។

​ជា​ពិសេស​គ្មាន​ប្រាក់​ទិញ​កង់​ឱ្យ​​កូន​ជិះ​ទៅរៀន ​ទើប​ឈប់​រៀន​ ។​ ស្ត្រី​ជា​ម្តាយ​បន្ត​ទៀត​ថា ស្រាប់តែ​នគ​បាល​ចាប់ខ្លួន​កូន​របស់​គាត់ ចោទ​ពី​បទ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន ហើយ​អ្វី​ដែល​ហួសចិត្ត​នោះ​ គឺចោ​ទ​ថា​ ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដ៏ធំ​​នៅ​ស្រុក​ស្វាយ​ទាបទៀត ​។

ហើយ​កាលពី​ថ្ងៃ​ទី​២៩ ​សីហា​ ២០១៦ គាត់​ជា​ម្តាយ​ បាន​ទៅ​សួរសុខទុក្ខ​កូន​​នៅ​ពន្ធនាគារ​ខេត្ត កូន​(​នាង​សួន​វិសាល​)​បាន​និយាយ​ប្រាប់​ថា ប៉ូ​លិ​​សម្នាក់​មាឌធំ​​បាន​ហៅ​ទៅ​សួរ​ចម្លើយ ​ដោយ​វាយ​ធ្វើ​ទា​រណកម្ម និង​ឆក់​ដោយ​ដំបង​ឆក់ ហើយ​បង្គាប់​ឱ្យ​​ឆ្លើយ​ថា ជា​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ធំ​ជាងគេ​ នៅ​ស្រុក​ស្វាយ​ទាប ​តែ​ខ្លួន​មិន​បាន​ឆ្លើយ​តាម​គេ​ឲ្យ​ឆ្លើយ​ទេ ទើប​គេ​ថា​ «អ្ហែង​ក្បាលរឹង​ណាស់​» ។

ដោយ​ទ្រាំ​នឹង​​ការ​ធ្វើ​ទា​រុណកម្ម​មិន​បាន ​ក៏​សុខចិត្ត​ឆ្លើយ​តាម​គេ​បញ្ជា តាម​ពិត​រូបគេ​ មិនមែន​ជា​មេ​ខ្លោង​ជួញដូរ​គ្រឿងញៀន​ទេ មុន​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​ ប្រហែល​ជាង​២​ម៉ោង​ មានឈ្មោះ​ចិន​ បាន​យក​ទូរ​សព្ទ័​មក​ផ្ញើ ​ក៏​ទទួល​ ដោយ​ខ្លួន​គ្មាន​ទូរ​សព្ទ័​ប្រើ ខណៈ​កំពុង​ឈ​រលេង​នៅ​ខាង​មុខ​ផ្ទះ​ នៅ​ភូមិ​ធ្លក ​ស្រាប់តែ​សមត្ថកិច្ច​មក​ចាប់ខ្លួន​​យក​ទៅ​ខេត្ត​ ។ មុន​ដំបូង​ប្រាប់​ថា ប្អូន​ឯង​ជា​ជន​រង​គ្រោះ​ទទួលបញ្ញើ​ពី​គេ ។

ក្រោយមក ​ស្រាប់តែ​អ្ហែង​ប្រើប្រាស់​គ្រឿងញៀន​ និង​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន ​។ ហើយ​កូន​គាត់​អាយុ​១៨​ឆ្នាំ​ សមត្ថកិច្ច​ដាក់​ថា​ ឆ្នាំ​កំណើត​១៩៨៨ គី​២៨​ឆ្នាំ ហើយ​ក្អួត​ឈាម​ស្លាប់​នេះ ​គឺ​ស​ង្ស័យ​​ការ​ធ្វើ​ទា​រុណកម្ម​។​

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក​អនុប្រធាន​ពន្ធនាគារ​ខេត្ត​បាន​បង្ហើប​ឲ្យ​ដឹង​ថា គ្មាន​ការ​ធ្វើ​ទា​រណកម្ម​ទេ ការ​ស្លាប់​ក្អួត​ឈាម​នេះ មិនមែន​ស្លាប់​តែ​ពិរុទ្ធជន​ឈ្មោះ​នាង ​សួន​វិសាល ​ទេ ។ មន្ត្រី​ពន្ធនាគារ​ម្នាក់ឈ្មោះ​ហា​យ​ សា​វន ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ នៅ​
ភូមិ​ធ្លក​ ឃុំ​ពោធិ​រាជ្យ​ ស្រុក​ស្វាយ​ជ្រំ ក៏​បាន​ក្អួត​ឈាម​ស្លាប់​ដែរ គឺ​បាន​ក្អួត​ឈាម​​តាម​មាត់​កាលពីថ្ងៃទី​១១ ​កញ្ញា​ ២០១៦ ​វេលា​ម៉ោង​​០៨យប់​ ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត រហូត​ដល់​ម៉ោង​០១​​រំលង​អ​ធ្រា​ត្រ ​ចូល​ថ្ងៃ​ទី​១២​ កញ្ញា​ ក៏​បាន​ស្លាប់ ។ ហើយ​មក​ដល់​ម៉ោង​៩​​យប់​ថ្ងៃ​ទី​១២ដ​ដែល ​មានឈ្មោះ​នាង ​សួន​វិសាល ​ក្អួត​ឈាម​​ដែរ ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១១​ និង​១៥​នាទី​យប់​ ។ហើយ​កន្លង​មក ​ក៏​មាន​អ្នកទោស​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្រុង​បា​វិត២​នាក់​ បាន​ក្អួត​ឈាម​ស្លាប់​ដែរ​ ក្រោយ​ពីរ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។

លោក​ឧត្តមសេនីយ៍ត្រី សួ​ស​ សា​ខូ ប្រធាន​ពន្ធនាគារ​ខេត្ត​បាន​មាន​ប្រសាសន៍​តាម​ទូរ​ស័ព្ទ​ថា ការ​ស្លាប់​មនុស្ស​​ជា​​បន្តបន្ទាប់​​ក្នុង​ថ្ងៃ​តែ​មួយ​ដូច្នេះ​ លោក​ក៏​មានការ​ភ័យ​ខ្លាច​ដែរ ។ ហើយ​ចំពោះ​ក្រុម​គ្រួសារ​សង្ស័យ​ថា មានការ​ធ្វើ​ទា​រុណកម្ម​ក្នុង​ពន្ធនាគារ គឺ​គ្មាន​ទេ មាន​​តែ​អប់រំ ហើយ​ការ​សួរ​ចម្លើយក៏​គ្មាន​ដែរ ​នៅ​ក្នុង​ពន្ធនាគារ ។​

​ការ​ស្លាប់​នេះ​ មន្ត្រី​ពន្ធនា​គារ​ម្នាក់​ គឺ​​មាន​កម្លាំង​​មក​ធ្វើការ​ជិះ​ម៉ូតូធម្មតា លុះ​ទៅ​ផ្ទះ​វិញ​ មាន​អាកា​រៈ​ឈឺចង្កេះ ​ក៏​ហៅ​គ្រូពេទ្យ​នៅ​ស្រុកភូមិ​ មក​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់ ។ ក្រុមគ្រូពេទ្យ​សួរ​ប្រវត្តិ​ជំងឺ​ធ្លាប់​ឈឺក្រពះ ឱ្យចាក់​ថ្នាំ​ស​រសៃ​ មិន​ហ៊ា​ន​ចាក់ ​តែ​មន្ត្រី​រូប​នោះ​ ឱ្យពេទ្យ​ចាក់​ថ្នាំ​សរ​សៃ​ ឱ្យដោយ​ប្រាប់​ថា ​ចាក់​២​ដង​ហើយ​មិន​អី ។ ពេល​ចាក់​ថ្នាំ​ឱ្យក៏​ឈឺ​ធ្ងន់ ​យក​មក​ដល់​ពេទ្យ​ខេត្ត​ បាន​តែ​២​ម៉ោង ​ក៏​ស្លាប់នៅវេលា​ម៉ោង០១រំលង​អ​ធ្រា​ត្រ ថ្ងៃ​ទី​១២​ កញ្ញា លុះដល់​ម៉ោង​៨​យប់​ពិរុទ្ធជន​ឈ្មោះ​នាង​ សួន​វិសាល ​ឈឺ​ក្អួត​ឈាម មន្ត្រី​ពន្ធនាគារ​យក​មក​ពេទ្យ គឺ​ដើរ​ឡើង​រថយន្តខ្លួនឯង​ មក​ដល់​ពេទ្យ​បាន​ជាង​២​ម៉ោង​ក៏​ស្លាប់​ដែរ​។​

បើ​តាម​ករណី​នេះ ​មាន​២​ខុស​គ្នាមន្ត្រី​ពន្ធនាគារ​ឈឺក្រពះ​ឈឺចង្កេះ ក្រោយ​ពី​ចាក់​ថ្នាំ​ក្អួត​ឈាម​ស្លាប់​ រីឯពិរុទ្ធជនដែល​ប្រើប្រាស់​គ្រឿងញៀន ​គឺ​បាន​ស្លាប់​២​នាក់​ហើយ​ស្លាប់​ដូច​គ្នា គឺ​ក្អួត​ឈាម ​ដែលសន្និដ្ឋានថា ការ​សេព​គ្រឿងញៀន ​ដោយ​ប្រើ​ទុយោ​បឺត​ពី​ដប​បណ្តាល​ឲ្យ​ប៉ះពាល់​សួត​ និង​ខួ​ក្បាល​ធ្ងន់ធ្ងរ ។

ក្រោយ​ពេល​ចាប់ខ្លួន​មក​ឃុំ​គ្មានគ្រឿងញៀន​មក​សេព​ធ្វើ​ឲ្យកម្រើក ប្រកាច់​រមួល​និង​ធ្វើ​ឲ្យដាច់​ស​សៃ​ឈាម​ បណ្តាល​ឲ្យ​ស្លាប់​បាន ហើយ​ទាំ​មន្ត្រី​ពន្ធនាគារ​និង​ពិរុទ្ធជន​ គឺ​គ្មាន​ជម្ងឺ​អ្វី​ទេ​ ស្រាប់តែ​ក្អួត​ឈាម​ប្រមាណ​ជាង​០៣​ម៉ោង​ គឺ​ស្លាប់​មិនដឹង​ថា ជា​ជម្ងឺ​អ្វី​ ។ ហើយ​ចំពោះ​គ្រូពេទ្យ​ពុំ​បាន​យក​កំហាក​ ឬ​បូម​ឈាម​អ្នកជំងឺ​យក​ទៅ​ពិនិត្យ​នៅ​ឡា​បូឡើយ​ជំងឺស្លាប់​ឆាប់​ពេក ​ដូច្នេះ​គួរ​ឱ្យ​ព្រួយ​បារម្ភ។