ឥរិយាបថ៥យ៉ាងដែលបង្ហាញថាអ្នកខ្សោយជំនាញខាងការស្ដាប់

ការស្ដាប់​ គឺពិតជាមានសារសំខាន់ណាស់ក្នុងការប្រាស្រ័យជីវិតរស់នៅក្នុងសង្គមជាមួយមនុស្សផងគ្នា ។​ ការស្ដាប់ដោយឈ្លាសវៃ ​និងការស្ដាប់ដោយប្រុងប្រយ័ត្នអាចធ្វើឱ្យអ្នកទទួលបាននូវរឿងរ៉ាវសំខាន់ៗ ​និងពត៌មានមានប្រយោជន៍​ជាច្រើនដើម្បីយកមកអភិវឌ្ឍការរស់នៅក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃរបស់អ្នក ។ ​ដូច្នេះការរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ ​ប្រសិនបើអ្នកខ្សោយជំនាញខាងការស្ដាប់ ​ឬស្ដាប់ដោយធ្វេលប្រហែស ​នោះអ្នកនឹងមិនអាចដើរទាន់អ្នកដទៃ ​ឬអាចនិយាយបានថាមិនងាយទទួលជោគជ័យនៅក្នុងជីវិតឡើយ ។​ ដូច្នេះខាងក្រោមនេះគឺជាឥរិយាបថគ្រោះថ្នាក់​ទាំង៥យ៉ាងដែលបង្ហាញថាអ្នកពិតជាខ្សោយខាងការស្ដាប់អ្នកដទៃ៖​
១/. ភ្លាំងភ្លឹក៖នៅពេលគេកំពុងនិយាយអំពីប្រធានបទមួយដ៏មានសារសំខាន់ ​ឬក្នុងអង្គប្រជុំជាដើម​ អារម្មណ៍របស់អ្នកតែងតែអណ្ដែតអណ្ដូងតាមទៅតាមអាកាស ។​ អាការៈបែបនេះវានឹងធ្វើឱ្យតម្លៃរបស់អ្នកកាន់តែធ្លាក់ចុះទាប ។​
២/. ការធ្វើពត់ជាស្ដាប់៖​ការធ្វើពត់ជា​ស្ដាប់វាមិនបានជួយអ្វីដល់អ្នកទេ ផ្ទុយទៅវិញ​ វានឹងធ្វើឱ្យអ្នកបាត់បង់នូវចំណុចសំខាន់ៗជាច្រើន ។​ បើអ្នកភ្លឹកភ្លាំង​ ត្រូវព្យាយមទាញចិត្តឱ្យមូលត្រលប់មកវិញ ​និងផ្ដោតទៅលើអ្វីដែលជាចំណុចសំខាន់ ។​
៣/. និយាយបន្លប់៖ការមិនសូវយកចិត្តទុកដាក់ស្ដាប់​ ហើយដល់ពេលគេនិយាយដល់ចំណុចតូចមួយដែលអ្នកចាប់បាន ​ភ្លាមៗនោះអ្នកក៏ទាញយកសាច់រឿងមួយថ្មីដែលទាក់ទងជាមួយនឹងចំណុចតូចមួយ​ដែលអ្នកចាប់បាននោះ ​មកនិយាយផ្សារភ្ជាប់ទៅនឹងសាច់រឿងរបស់គេ​ ចំណុចនេះវានឹងបង្ហាញឱ្យឃើញថា​អ្នកពិតជាខ្សោយខាងស្ដាប់ហើយ ។​
៤/. ស្ដាប់តែភាសា៖កុំភ្លឹក​ និ​ងកត់សម្គាល់តែទៅលើភាសានៃសម្ដីរបស់គេតែម៉្យាង​ ពេលខ្លះសម្ដីវាមិនបានបញ្ជាក់ពីបំណងពិតរបស់គេនោះទេ​ ប៉ុន្តែអ្នកក៏ត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់អំពីភាសានៃកាយវិការ ទឹកមុខ​ និងការលើកដាក់សម្លេងរបស់គេផងដែរ​ ដើម្បីចូលទៅយល់ឱ្យកាន់តែច្បាស់អំពីបំណងពិត​របស់គេ ។​
៥/. ​ប្រកាន់តាមតែខ្លួននឹកឃើញ​៖បើមិនទាន់យល់ពីបំណងរបស់អ្នកដទៃឱ្យបានច្បាស់លាស់ទេ ​ឬស្ដាប់គេនិយាយមិនទាន់អស់ផង ​យើងបែរជាមកកាត់សម្ដីរបស់គេផូង! ​ហើយបញ្ចេញនូវគំនិតយោបល់របស់យើងភ្លាមៗ​ វាពិតជាបង្កគ្រោះថ្នាក់ដល់អ្នកខ្លាំងណាស់​ ព្រោះវានឹងបង្ហាញឱ្យអ្នកដទៃមើលឃើញថា ​អ្នកគឺជាមនុស្ស​ដែលខ្សោយខាងការទំនាក់ទំនងជាមនុស្សក្នុងសង្គម​ ព្រោះអ្នកប្រកាន់ខ្ជាប់តែអំពីខ្លួនឯង​ ឥតយល់ពីការពិតនៃបំណងរបស់អ្នកដទៃ ៕​

ឥរិយាបថ៥យ៉ាងដែលបង្ហាញថាអ្នកខ្សោយជំនាញខាងការស្ដាប់

ដោយ៖ យ៉ុង ហេង (ឈូកស)
Cool FM 100.7