តើអ្វីទៅជាកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស?

ការបម្រែបម្រួល​អាកាសធាតុជាសាកលគឺជា​បញ្ហាដ៏គួរឱ្យស្មុគស្មាញ​ និងជាក្ដីកង្វល់ដ៏ធំសម្រាប់ពិភពលោកទាំងមូល ។​ នៅក្នុងចំណោមបញ្ហាលោកធំៗទាំង៥ ដែលមនុស្សលោក ​និងធម្មជាតិនានានឹងត្រូវប្រឈម ​និងរងគ្រោះដោយសារការប្រព្រឹត្តទៅនៃការផ្លាស់ប្ដូរឥតឈប់ឈរពីមួយឆ្នាំទៅមួយ​ឆ្នាំនោះ គឺបម្រែបម្រួលអាកាសធាតុជាសាកលនេះឯង ។​
នៅក្នុងន័យនេះ​ ដើម្បីកាត់បន្ថយកម្រិតជា​អតិបរមានៃបម្រែបម្រួលអាកាសធាតុជាសាកល​ ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិចំនួន១៧៩ប្រទេសបានចូលរួមផ្ដល់សច្ចាប័នជាមួយនឹង​អង្គការសហប្រជាជាតិ​ដោយបានចំណាយរយៈពេលជាង២សប្ដាហ៍ ​កាលពីខែវិច្ចិកា ​ឆ្នាំ២០១៥កន្លងទៅ ។ ​ការផ្ដល់សច្ចាប័នរួមគ្នានេះគឺពិតជាមានសារសំខាន់ណាស់​ ព្រោះបណ្ដារដ្ឋទាំងអស់ត្រូវចូលរួមកំណត់​ ចូលរួមជាសក្ខីកម្ម​ និងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់​ និងផ្សែងពុលចេញពីគ្រឿងចក្រនានាទៅតាមកម្រិតនៃស្ថានភាព​អភិវឌ្ឍន៍ក្នុងប្រទេសរបស់ខ្លួន ។​ សហរដ្ឋអាមរិក និងចិនត្រូវបានក្លាយជាតួឯកនៅក្នុងកិច្ចព្រមព្រៀងនេះ​ ព្រោះសហរដ្ឋអាមេរិកបានបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាសជារៀងរាល់ឆ្នាំក្នុងកម្រិត១៧.៨៩% ​និងចិនមានចំនួន២០.០៩%​ នៃទំហំការបំពុលបរិយាកាសជាសាកល ។​ ដូច្នេះប្រទេស​ទាំងពីរត្រូវទទួលរ៉ាប់រងកាត់បន្ថយឧស្ម័នពុលឱ្យបានច្រើនជាងគេ ។​ ក្នុងកិច្ចព្រមព្រៀងនេះដែរ​ អង្គការសហប្រជាជាតិបានកំណត់យកកម្រិតកម្ដៅ២អង្សាសេគឺជាកម្រិតខ្ពស់បំផុតនៃការឡើងកម្ដៅពិភពលោក​ ដែលបណ្ដាប្រទេសដែលបានចូលរួមផ្ដល់សច្ចាប័នទាំងអស់ត្រូវអនុវត្តតាម ​និងបើប្រសើរជាងនេះទៅទៀតនោះ គឺអង្គការសហប្រជាជាតិស្នើរសុំត្រឹមឱ្យមកនៅក្រោម១.៥អង្សាសេ ប៉ុន្តែបើយោងតាមអង្គការណាសា ​បច្ចុប្បន្ននេះកម្ដៅនៅក្នុងភពផែនដីយើងនេះបានឡើងដល់កម្រិត១.៣អង្សាសេទៅហើយ ។​
ដើម្បីសម្រេចឱ្យបាននូវការអនុវត្តនូវគោលការណ៍​គ្រប់គ្រងការបម្រែបម្រួលអាកាសធាតុដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះ​ គឺគេត្រូវកំណត់ឱ្យមាន៥៥ប្រទេសចូលរួមជារដ្ឋហត្ថលេខី ​ហើយរដ្ឋទាំង៥៥នេះត្រូវទទួលខុសត្រូវធ្វើយ៉ាងណាដើម្បីកាត់បន្ថយបរិមាណ​នៃការបំពុលបរិយាកាស​ក្នុងចំនួន៥៥%នៃឧស្ម័នពុលក្នុងពិភពលោកទាំងមូលឱ្យបានមុនឆ្នាំ២០១៣០ ​ដែលក្នុងនោះក៏មានចិន អាមេរិក ​និងបណ្ដាប្រទេសឧស្សាហកម្មធំៗនៅអឺរ៉ុបដែរ ។​
កិច្ចព្រមព្រៀងអាកាសធាតុជាសាកលទីក្រុងប៉ារីសនេះ​ត្រូវបានអនុម័តនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ​នៅទីស្នាក់ការកណ្ដាលនៃអង្គសហប្រជាជាតិ​ ក្នុងទីក្រុងញូយ៉កសហរដ្ឋអាមេរិក​ និងត្រូវធ្វើកិច្ចសន្យាសារជាថ្មីម្ដងទៀតនៅខែមេសា ​ឆ្នាំ២០១៧ឆ្នាំក្រោយ ។​ ដូចនេះ​ ក្រោយពីផ្ដល់សច្ចាប័នរួច​ រដ្ឋហត្ថលេខីទាំង១៧៩​ ត្រូវអនុវត្តតាមសេចក្ដីដូចដែលបានចែងឱ្យបានម៉ឺងម៉ាត់នៅក្នុងប្រទេសរបស់ខ្លួន ៕​

តើអ្វីទៅជាកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស?ដោយ៖ យ៉ុង ហេង (ឈូកស)
Cool FM 100.7