សោកសង្វេគណាស់!​ ឃើញភ្លៀងរាំងទៅរកខ្យងហូប ដើរ​ប៉ះទឹកមានរណ្តៅ​ជ្រៅ

ខេត្ត​កំពង់ឆ្នាំង ៖ ដោយសារ​រណ្តៅ​ដីមាន​ជម្រៅ​ជ្រៅ​ និង​មាន​ទឹក​លិច​មាត់​រណ្តៅ​មើល​មិនឃើញ ធ្វើឱ្យ​​ក្មេង​ប្រុស​ម្នាក់ដើរ​​ធ្លាក់​ចូល បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់ ខណៈ​​​កំពុង​ដើរ​រើស​ខ្យង ​ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​១០ ​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ​កញ្ញា ​២០១៦ ស្ថិតនៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​​បានឱ្យ​ដឹង​​ថា ក្មេង​ប្រុស​​រងគ្រោះ​ដែលស្លាប់​ឈ្មោះ​សៅ សុ​ផា អាយុ​១១​​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើ ។​បើ​តាម​​ក្មេង​ៗ​ដែល​​ជា​អ្នក​ដើរ​រើស​ខ្យង​ជាមួយ​គ្នា​បាន​ឱ្យ​ដឹង​​ថា នៅ​មុន​ពេល​​កើតហេតុ ​ពួក​គេ​មានគ្នា​ចំនួន​៤​នាក់ នាំ​គ្នា​ដើរ​រើស​ខ្យង ខណៈ​មាន​ភ្លៀងរលឹម​ស្រិច​ៗ ។

ក្នុង​ពេល​ដែល​កំពុង​តែ​​ដើរ​រើស​​ខ្យងនោះ ​ក្មេងរងគ្រោះ (សៅ សុផា)​ បាន​ដើរ​ឆ្ងាយ​ពី​ពួក​គេ​បន្តិច ។ ​ក្រោយមក​ ​ឃើញ​​​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​​ស្រះ ដែល​គេជីក​យក​អាចម៍ដី ដែល​មាន​ជម្រៅជ្រៅ ។ ឃើញ​ដូចនេះ​ ក្មេង​ៗ​​​​​នាំ​គ្នារត់​ទៅ​ហៅ​​មនុស្ស​ចាស់​មក​ជួយ ប៉ុន្តែ​ទំ​រាំ​មក​​ដល់ ក្មេង​ប្រុស​រង​គ្រោះ​បាន​លង់​ស្លាប់​បាត់​ទៅ​ហើយ  ។ ក្រោយ​ពេល​ចាស់​ៗ​មក​​ដល់ បាន​ចុះ​មុជ​ទៅ​​រណ្តៅ ដើម្បី​យក​សព​ក្មេង​ប្រុស​ប្រគល់​​ឱ្យ​ក្រុម​គ្រូ​សារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។