ខំ​ដើរ​រក​មិនឃើញ ពេល​អ្នក​ភូមិ​ប្រាប់​ថា​ឃើញ ស្រក់​ទឹកភ្នែក

ខេត្តកំពង់ឆ្នាំង ៖ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​សភាព​ហើម​ស្អុយរលួយ​នៅ​កណ្តាល​ស្រែ​មួយ​កន្លែង​ក្នុង​ស្រែ​ភូមិ​តា​វ៉ា​ក ឃុំ​ព្រៃ​មូល ស្រុ​រលាប្អៀរ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​នោះ​មានឈ្មោះ អ៊ឹម អុល អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​វ៉ា​ក ឃុំ​ព្រៃ​មូល ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ប្រពន្ធ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​មិនសូវ​មាំទាំ​នោះ​ទេ ហើយ​គាត់​ក៏​ជា​មនុស្ស​ចូល​ចិត្ត​ផឹកស្រា​ច្រើន​ណាស់​ដែរ ។ កាលពី​៣​ថ្ងៃមុន ជន​រង​គ្រោះ​បាន​ទៅ​ផឹកស្រា​ជាមួយ​មិត្តភក្តិ​របស់​គាត់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា លុះដល់​ម៉ោងជាង​៧​យប់​គាត់​ក៏​លា​មិត្តភក្តិ​របស់​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ដើរ​កាត់​វាលស្រែ​ក្រោយ​ភូមិ​ដែល​មាន​ចម្ងាយ​ប្រហែលជា​ជាង​៥០០​ម៉ែត្រ ។ គាត់​ជា​ប្រពន្ធ​មិន​បានដឹង​ថា​ប្តី​របស់​គាត់​ទៅ​ណា​មក​ណា​នោះ​ទេ គាត់​ដើរ​រក​ដែរ​តែ​មិនឃើញ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ទើប​អ្នក​ភូមិ​ប្រទះ​ឃើញ​ប្តី​របស់​គាត់​ដេក​ស្លាប់​ក្នុង​ស្រែ​ហើម​ស្អុយរលួយ​ទៅ​ហើយ ធ្វើឲ្យគាត់ស្រក់ទឹកភ្នែកអាណិតប្តីជាខ្លាំង ។

សមត្ថកិច្ច​បាន​បន្ត​ថា បើ​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​តាម​បច្ចេកទេស​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​គ្រួសារ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ ហើយ​ដួល​ទៅ​ក្នុង​ស្រែ​ពេល​យប់​គ្មាន​អ្នក​ណា​ឃើញ ទើប​ស្លាប់​គ្មាន​អ្នក​ណា​ដឹង​បែប​នេះ ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕