របៀបរបប ក្នុងការរៀបចំ បន្ទប់គេង ទៅតាមក្បួនហុងស៊ុយចិន!

ក្បួនហុងស៊ុយ ជាវីធីសាស្រ្ត របស់ជនជាតិចិនបុរាណ ដែលត្រូវគេបានជឿថា វាជួយឲ្យមានសុភមង្គលក្នុងផ្ទះ និងមានភាពជោគជ័យក្នុងជីវិត។ បន្ទប់គេងដែលមានហុងស៊ុយល្អ គឺជាបន្ទប់គេង ដែលទាក់ទាញ រំភើប និងមានអារម្មណ៍ធូរស្រាល ក្នុងពេលតែមួយ។ ជាពិសេស ជាបន្ទប់គេង ដែលមានភាពស្រស់ស្អាត និងផ្តល់អារម្មណ៍សប្បាយរីករាយ រាល់ពេលដែលអ្នកចូលទៅគេង ឬគ្រាន់តែសម្រាកមួយភ្លែតក៏ដោយ។

ហេតុនេះ សូមប្រិយមិត្តមកចាប់ផ្តើម រៀបចំបន្ទប់គេង តាមរបៀបរបប ក្បួនហុងស៊ុយចិន តាមវិធីសាស្រ្តដូចខាងក្រោមនេះ ទាំងអស់គ្នា ៖ 

១. មិនត្រូវទុកដាក់ឧបករណ៍អេឡិចត្រូនិចក្នុងបន្ទប់គេង

ថាមពលហុងស៊ុយ ក្នុងបន្ទប់គេងរបស់អ្នក នឹងត្រូវបានបំផ្លាញ ប្រសិនបើអ្នកបំពាក់ឧបករណ៍ដូចជា ទូរទស្សន៍ កុំព្យូទ័រ និងឧបករណ៍ហាត់ប្រាណ ក្នុងបន្ទប់គេងនោះ។ ជាងនេះទៅទៀត វាបង្កើតនូវ EMFs (មានន័យថា គ្រោះថ្នាក់ដល់សុខភាព) ធ្វើឲ្យអ្នកមានភាពតានតឹង បង្កជាការរំខាន និងមានបញ្ហាដល់ទំនាក់ទំនងគូស្នេហ៍ ដែលគេងក្នុងបន្ទប់តែមួយនោះផងដែរ។

២. ត្រូវចេះបើកចំហរបង្អួច ដើម្បីផ្លាស់ប្តូរខ្យល់

អ្នកត្រូវយកចិត្តទុកដាក់ លើខ្យល់ដែលចេញចូល នៅក្នុងបន្ទប់គេងរបស់អ្នក។ អ្នកត្រូវឧស្សាហ៍បើកចំហរបង្អួច ដើម្បីទទួលបានខ្យល់បរិសុទ្ធ និងធ្វើឲ្យមានភាពស្រស់ស្រាយ ក្នុងបន្ទប់គេងរបស់អ្នក ដែលពោរពេញទៅដោយអុកស៊ីសែន។ បន្ទប់គេងប្រាកដជាមិនមានហុងស៊ុយល្អទេ ប្រសិនបើខ្យល់ក្នុងបន្ទប់របស់អ្នកមិនបានផ្លាស់ប្តូរ និងពោរពេញទៅដោយជាតិពុល។ ត្រូវចងចាំថា សូម្បីតែការដាំរុក្ខជាតិ ក្នុងបន្ទប់គេង ក៏មិនល្អសម្រាប់ហុងស៊ុយដែរ លុះត្រាតែបន្ទប់របស់អ្នកធំទូលាយខ្លាំង និងត្រូវដាក់រុក្ខជាតិទាំងនោះ ឲ្យឆ្ងាយពីគ្រែគេង។ 

៣. ត្រូវមានក្បាលគ្រែរឹងមាំ

ហុងស៊ុយដែលល្អបំផុត គឺនៅត្រង់ក្បាលគ្រែ ដែលមាំនោះឯង។ ក្បាលគ្រែរបស់អ្នកគួរតែធ្វើឡើងពីឈើ ឬពូករឹង ដោយសារពួកវាមានភាពរឹងមាំ អាចផ្តល់ជាថាមពល ហុងស៊ុយ ដល់អ្នក និងបន្ទប់គេងរបស់អ្នក។ ជាការពិតណាស់ ក្បាលរបស់អ្នកត្រូវការ លំនឹង ការការពារដ៏រឹងមាំ ដូចជាអ្នកត្រូវការ កៅអីផ្អែក សម្រាប់ខ្នង របស់អ្នកយ៉ាងអញ្ចឹងដែរ។

៤. ជ្រើសរើសគ្រែឲ្យបានត្រឹមត្រូវ

ដើម្បីឲ្យមានតុល្យភាព នូវលំហូរថាមពលហុងស៊ុយ ខាងក្រោមគ្រែ អ្នកត្រូវជ្រើសរើសគ្រែ ដែលមានកម្ពស់សមស្រប ទៅនឹងឥដ្ឋ។ ជាទូទៅ គ្រែជាច្រើន ត្រូវបានផលិតឡើង ដោយមិនមានចន្លោះ នៅខាងក្រោមឡើយ (ខ្មែរយើងហៅថាជា គ្រែប្រអប់) ដែលគ្រែប្រភេទនេះ ត្រូវគេចាត់ទុកថា បង្កជាហុងស៊ុយមិនល្អ។ ហេតុផល គឺព្រោះតែថាមពលហុងស៊ុយ ត្រូវការមានចលនាសាយភាយ ជុំវិញរាងកាយអ្នក នៅពេលដែលអ្នកគេង ដូច្នេះដំណើរការនេះ មិនអាចប្រព្រឹត្តទៅបានទេ ប្រសិនបើចន្លោះនៅក្រោមគ្រែ ត្រូវបានរាំងស្ទះ។ 

៥. គ្រែដេកត្រូវមានទីតាំងឆ្ងាយពីទ្វារចេញចូល

អ្នកត្រូវដាក់គ្រែ ឲ្យឆ្ងាយពីទ្វារ និងមិនត្រូវដាក់គ្រែ តម្រង់ចំមាត់ទ្វារឡើយ។ សូម្បីតែទ្វារយ៉ក្រៅផ្ទះ ទ្វារបន្ទប់ទឹក ទ្វារទូខោអាវ ក៏មិនត្រូវនៅចំបន្ទាត់តែមួយ ជាមួយនឹងគ្រែដែរ។ ការរៀបចំគ្រែ ក្បែរទ្វារពេក អាចធ្វើឲ្យអ្នកទទួលបាននូវភាពភ្ញាក់ផ្អើលខ្លាំង ប្រសិនបើមានអ្វីកើតឡើង។ ប៉ុន្តែ ប្រសិនបើគ្រែរបស់អ្នកនៅកាន់តែឆ្ងាយពីទ្វារ អ្នកអាចរៀបចំខ្លួនទុកមុននឹងមានអ្វីកើតឡើង។

៦. ដាក់ក្បាលគ្រែឲ្យជាប់នឹងជញ្ជាំង

អ្នកគួរតែមាន ជញ្ជាំងទប់គ្រែរបស់អ្នក។ បន្ថែមពីការមានក្បាលគ្រែរឹងមាំ អ្នកត្រូវដាក់គ្រែឲ្យជាប់ទៅនឹងជញ្ជាំង។ នៅពេលដែលអ្នកគេង នៅក្រោមបង្អួច ថាមពលក្នុងខ្លួនរបស់អ្នក នឹងកាន់តែមានភាពទន់ខ្សោយ ទៅតាមពេលវេលា ក៏ព្រោះតែវាហាក់ដូចជាគ្មានលំនឹងរឹងមាំ និងគ្មានការការពារទាល់តែសោះ។ 

៧. ទុកចន្លោះនៅសងខាងគ្រែ

អ្នកគួរតែដាក់មានអំពូលភ្លើង (អំពូលដែលមានភ្លើងស្រាលៗ ព្រឹមៗ) លើកូនតុ សងខាងក្បាលគ្រែរបស់អ្នក ដើម្បីរក្សាទំហំស្មើគ្នា។ ចន្លោះស្មើគ្នានេះ មានសារៈសំខាន់សម្រាប់អ្នក ដើម្បីឲ្យនៅចំកណ្តាល ជាពិសេស បង្ហាញពីភាពស្មើគ្នា រវាងទំនាក់ទំនងប្តីប្រពន្ធទៀតផង។ ជាក់ស្តែង កូនតុ នៅត្រង់ក្បាលគ្រែ គួរតែជ្រើសរើសរាងមូល ដើម្បីការពារថាមពលហុងស៊ុយមិនល្អ។

៨. មិនត្រូវបែរកញ្ចក់ ឬកញ្ចក់ទូ មកឆ្លុះនឹងគ្រែឡើយ

ប្រសិនបើកញ្ចក់ ឬកញ្ចក់ទូរបស់អ្នក មិនអាចផ្លាស់ប្តូរទីតាំងបាន អ្នកគួរតែយកក្រណាត់មកគ្រប ដើម្បីបិទបាំង។ គេជឿថា កញ្ចក់ធ្វើឲ្យមានការរំខានដល់ដំណេក របស់អ្នក។ ជាទូទៅ កញ្ចក់ត្រូវបានចៀសវាង មិនឲ្យមានក្នុងបន្ទប់គេងឡើយ ជាពិសេស ប្រសិនបើអ្នកប្រើប្រាស់កញ្ចក់រួមជាមួយប្តី ឬប្រពន្ធរបស់អ្នកនោះ គេជឿថាវានឹងបង្កនូវភាពមិនស្មោះត្រង់ រវាងគ្នានឹងគ្នាជាមិនខាន។ 

៩. ជ្រើសរើសពណ៌បន្ទប់ទៅតាមប្រភេទហុងស៊ុយ

ហុងស៊ុយភ្លើង អាចជួយអ្នកឲ្យមានភាពជោគជ័យ ក្នុងវិស័យការងារ និងសម្រេចបាននូវការទទួលស្គាល់ យ៉ាងឆាប់រហ័ស ក៏ដូចជាបង្កើតបាននូវ អារម្មណ៍មនោសញ្ចេតនា រ៉ូមែនទិក រវាងដៃគូផងដែរ។ ពណ៌របស់ហុងស៊ុយភ្លើង មានដូចជា ក្រហម ទឹកក្រូច ស្វាយ ផ្កាឈូក និងលឿងចាស់។

រីឯ ពណ៌របស់ហុងស៊ុយដី អាចជួយឲ្យផ្ទះរបស់អ្នកមានស្ថិរភាព មានភាពរីកចម្រើន និងជាពណ៌ដែលការពារ នូវទំនាក់ទំនងក្នុងគ្រួសារ។ ពណ៌ហុងស៊ុយដី រួមមាន លឿងខ្ចី និងត្នោតខ្ចី។

សម្រាប់ហុងស៊ុយធាតុលោហៈ បញ្ជាក់ពីពន្លឺ ដែលបណ្តាលឲ្យអ្នកអាចមើលឃើញពី ភាពប្រាកដប្រជា ភាពជាក់លាក់ និងប្រសិទ្ធភាព។ ពណ៌ហុងស៊ុយធាតុលោហៈ មានដូចជា ពណ៌ប្រផេះ និងពណ៌ស។

ជាងនេះទៅទៀត អ្នកអាចជ្រើសរើស ពណ៌ស្រាលៗ ដើម្បីបញ្ជាក់ពី សន្តិភាព និងភាពធូរស្រាល។ ពណ៌ទាំងនោះរួមមាន ពណ៌ខៀវខ្ចី ផ្កាឈូកខ្ចី បៃតងខ្ចី និងស្វាយខ្ចី។

១០. បោះចោលនូវសម្លៀកបំពាក់ណា ដែលអ្នកឈប់ស្លៀក

អ្នកគួរប្រមូលយក សម្លៀកបំពាក់ណា ដែលអ្នកឈប់ស្លៀក យ៉ាងហោចណាស់ក៏ពេញមួយឆ្នាំ មកបរិច្ចាក ឬឲ្យទៅសាច់ញាតិ មិត្តភក្តិ របស់អ្នក។ ទោះបីជាអ្នកគិតថា វានៅអាចស្លៀកបាន ឬនៅថ្មីនៅឡើយក៏ដោយ ក៏គេជឿថា ការទុកសម្លៀកបំពាក់ចាស់ៗ ក្នុងទូបន្ទប់គេង អាចរារាំងមិនឲ្យអ្នក ជួបឱកាសថ្មីៗ ក្នុងជីវិតឡើយ។ 

១១. ចៀសវាងដាក់រូបថត នរណាម្នាក់ ដែលសម្លឹងមើលមកអ្នក

អ្នកអាចមានរូបថត ក្រុមគ្រួសារ និងមិត្តភក្តិ បន្តិចបន្តួចក្នុងបន្ទប់គេងបាន ប៉ុន្តែចៀសវាង ការដាក់តាំង រូបថតរញ៉េរញ៉ៃច្រើនពេក ព្រោះអ្នកនឹងមានអារម្មណ៍ថា អ្នកកំពុងតែត្រូវគេសម្លឹងមើលមក និងអាចបង្កជាអារម្មណ៍រំខានផងដែរ។

១២. បិទទ្វារទាំងអស់ឲ្យជិត នៅពេលយប់

អ្នកត្រូវប្រាកដថា ទ្វារបន្ទប់គេង ទ្វារទូខោអាវ ទ្វារបន្ទប់ទឹក ទ្វារបង្អួច ត្រូវបានបិទជិតទាំងអស់ ដើម្បីឲ្យលំហូររបស់ថាមពលហុងស៊ុយ អាចជួយទ្រទ្រង់សុខភាព និងជួយរក្សាទំនាក់ទំនងដៃគូបានយ៉ាងល្អ។ ការសម្អាតទូខោអាវបានស្អាត ក៏ជាហុងស៊ុយ ដែលបង្ហាញពីសន្តិភាព និងភាពធូរស្បើយផងដែរ។ ហេតុនេះ មិនត្រូវបណ្តោយឲ្យថាមពលហុងស៊ុយ ចេញផុតពីបន្ទប់គេងបានឡើយ៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

របៀបរបប ក្នុងការរៀបចំ បន្ទប់គេង ទៅតាមក្បួនហុងស៊ុយចិន!

របៀបរបប ក្នុងការរៀបចំ បន្ទប់គេង ទៅតាមក្បួនហុងស៊ុយចិន!

របៀបរបប ក្នុងការរៀបចំ បន្ទប់គេង ទៅតាមក្បួនហុងស៊ុយចិន!

របៀបរបប ក្នុងការរៀបចំ បន្ទប់គេង ទៅតាមក្បួនហុងស៊ុយចិន!

របៀបរបប ក្នុងការរៀបចំ បន្ទប់គេង ទៅតាមក្បួនហុងស៊ុយចិន!

របៀបរបប ក្នុងការរៀបចំ បន្ទប់គេង ទៅតាមក្បួនហុងស៊ុយចិន!