៧ ចំណុច​ដើម្បី​​ប្រឡង​បាន​ពិន្ទុ​ខ្ពស់​លើ​​ផ្នែក​ស្ដាប់​នៃ IELTS ​

IELTS រឺ International English Language Testing System គឺ​ជា​ការ​ប្រឡង​វាស់​ស្ទង់​កម្រិត​ភាសា​អង់គ្លេស​ដែល​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ។ ដោយ​ឡែក​ កញ្ញា​ កុយ រតនៈ​ម៉ូនិក បាន​ទទួល​ពិន្ទុ​ពេញ​៩.០ លើ​ការ​ប្រឡង​ ផ្នែក​​ស្ដាប់ និង ពិន្ទុ​សរុប​ជា​មធ្យម ៧.៥ ផង​ដែរ​។​​​​

 

៧ ចំណុច​ដើម្បី​​ប្រឡង​បាន​ពិន្ទុ​ខ្ពស់​លើ​​ផ្នែក​ស្ដាប់​នៃ IELTS ​

 

​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ក្រុម​ការ​ងារ​សប្បាយ​ យុវតី​អាយុ​១៨​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា​ ក្នុង​ការ​ប្រឡង IELTS គឺ​គេ​ចែក​ចេញ​ជា​៤មុខ​សំខាន់​​គឺ ការ​ស្ដាប់​ ការ​អាន ការ​សរសេរ និង​ ការ​និយាយ ដោយ​ផ្នែក​នីមួយ​ៗ​​មាន​ពិន្ទុ​ពេញ​ ៩.០​ដូច​គ្នា​។ ​ក្នុង​នោះ កញ្ញា​ធ្វើ​បាន​ល្អ​ជាង​គេ​លើ​ផ្នែក​​ស្ដាប់​(Listening) ហើយ​ខាង​ក្រោម​នេះ គឺ​ជា​​បទ​ពិសោធន៍​​មួយ​ចំនួន​ ដែល​កញ្ញា​បាន​ចែក​រំលែក​ដូច​ត​ទៅ​​​៖​

 

១. មហិច្ឆតា
​យុវតី​មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំ​ពេញ​រូប​នេះ បាន​ថ្លែង​ថា​ មនុស្ស​គឺ​ត្រូវ​មាន​មហិច្ឆតា​អោយ​បាន​ខ្ពស់​ ហើយ​ត្រូវ​ចេះ​កំណត់​គោល​ដៅ​​អនាគត​របស់​ខ្លួន​ផង​ដែរ​។ កញ្ញា​បាន​បន្ត​ថា​ ​”តើ​យើង​ចង់​បាន​អ្វី​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត?​​ ហើយ​ចង់​បាន​វា​​​ក្នុង​កម្រិត​ណា​? ប្រសិន​បើ​យើង​គ្មាន​មហិច្ឆតា​ខ្ពស់​ទេ​ នោះ​យើង​នឹង​ធ្វើ​ការ​ដោយ​ភាព​មិន​ច្បាស់​លាស់​មួយ​នៅ​ក្នុង​ជីវិត​ជា​មិន​ខាន​។”​

 

២. ការ​ត្រៀម​ខ្លូន និង ហ្វឹកហាត់​​​ជា​​ប្រចាំ

​​​​មុន​នឹង ទទួល​បាន​ IELTS ៩.០លើ​ផ្នែក​ស្ដាប់​នៅ​ថ្ងៃ​នេះ គឺ​កញ្ញា​បាន​ត្រៀម​ខ្លួន​មួយ​ឆ្នាំ​មុន​រួច​ជា​ស្រេច ដោយ​កញ្ញា​បាន​​​​ចំណាយ​ពេល​៣០នាទី​ដើម្បី​ធ្វើ​លំហាត់ ក្នុង​ពេល​​២​ថ្ងៃ​ម្ដង​​​។ បន្ថែម​ពី​នេះ​ទៀត​ កញ្ញា​បាន​ហ្វឹកហាត់​លើ​​ការ​ស្ដាប់​​ជា​​ច្រើន​តាម​រយៈ​ការ​មើល​ឯកសារ​ ភាពយន្ត​បរទេស​ ការ​ស្ដាប់​ចម្រៀង​ជា​ភាសា​អង់គ្លេស​ជា​ដើម​។ មិន​តែ​ប៉ុណ្ណោះ​ការ​​សន្ទនា​ដោយ​ផ្ទាល់​ជាមួយ​ជន​បរទេស​ ក៏​ជា​ចំណុច​សំខាន់​មួយ​ដែរ​​​ ព្រោះ​អាច​​ពង្រឹង​ទាំង​​ជំនាញ​ក្នុង​​ការ​និយាយ​ និង ការ​ស្ដាប់​ព្រម​គ្នា​ទៀត​ផង​។

៣. រៀន​ពី​វិញ្ញាសា​មុន​ៗ

កញ្ញា​ ម៉ូនិក ​បាន​អោយ​ដឹង​ថា​​ ការ​សិក្សា​ពី​វិញ្ញាសា​ចាស់​ៗ​អោយ​បាន​ច្រើន គឺ​ជា​ចំណុច​សំខាន់​ ដើម្បី​ទទួល​បាន​​បទ​ពិសោធន៍ និង ដឹង​ពី​តិចនិក​នៃ​ការ​ចេញ​វិញ្ញាសា​ផង​ដែរ​។​ ចំណែក​ឯកសារ​នានា​ពាក់​ព័ន្ធ​នឹង​ការ​ប្រឡង​ IELTS គឺ​យើង​អាច​រក​បាន​តាម​រយៈ​ គេហទំព័រ​ដែល​គេ​ចង​ក្រង​វិញ្ញាសា​ប្រឡង​​មុន​ៗ ឬ​ក៏​អាច​រក​ជាវ​សៀវភៅ​តាម​បណ្ណាគារ​នានា​បាន​ផង​ដែរ។

 

៤. អាន​សំណួរ​អោយ​យល់​ជាមុន​

នៅ​ពេល​ប្រឡង​ផ្នែក​ស្ដាប់​នេះ​ ជា​ដំបូង​យើង​ត្រូវ​អាន​សំណួរ​ដោយ​​ប្រុង​ប្រយ័ត្ន​ និង​យល់​ពី​សំណួរ​អោយ​បាន​ច្បាស់​ជា​មុន​សិន មិន​ត្រូវ​ស្ដាប់​​ចោល​ៗ​នោះ​ទេ ព្រោះ​ពេល​វេលា​ប្រឡង​មាន​ត្រឹម​តែ​៣០​នាទី​ប៉ុណ្ណោះ​ ចំណែក​សំណួរ​វិញ​គឺ​មាន​រហូត​ទៅ​ដល់​៤០​សំណួរ​។ ដូចនេះ យើង​ត្រូវ​មាន​ភាព​​
រហ័សរហួន​ និង ឆ្លាតវៃ​ក្នុង​ការ​ឆ្លើយ​សំណួរ​ទាំង​នោះ​។

 

៥. ការ​​លើក​ទឹក​ចិត្ត

ជា​ធម្មតា​ការងារ​របស់​មនុស្ស​ក៏​អាស្រ័យ​លើ​​ អារម្មណ៍​ផង​ដែរ។ នៅ​ពេល​​ដែល​មនុស្ស​ធ្លាក់​ទឹក​ចិត្ត​​គឺ​គេ​មិន​អាច​ធ្វើ​កិច្ច​ការ​​បាន​ល្អ​នោះ​ទេ​។​ ​ដូច​នេះ​គេ​ត្រូវ​ចេះ​សំ​រួល​អារម្មណ៍ និង មាន​ការ​លើក​ទឹក​ចិត្ត​ដល់​ខ្លួន​ឯង​សម្រាប់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​​។ មិន​តែ​ប៉ុណ្ណោះ​គ្រួសារ​ មិត្ត​ភក្តិ និង លោក​គ្រូ​ អ្នក​គ្រូ​​សុទ្ធ​សឹង​ជា​កត្តា​សំខាន់​ សម្រាប់​​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ខ្លួន​យើង​។

 

៦. ការ​​តស៊ូ ប្រឹង​ប្រែង​

​ថ្វី​ត្បិត​នៅ​ពេល​ជួប​ឧបសគ្គ យើង​តែង​មាន​ចិត្ត​ធុញ​ទ្រាន់​នឹង​វា​ពិត​មែន ប៉ុន្តែ​យើង​ មិន​ត្រូវ​បោះ​បង់​វា​ឡើយ គឺ​​​​ត្រូវ​ចេះ​តស៊ូ ព្យាយាម​ទើប​អាច​​ពុះ​ពារ​គ្រប់​ឧបសគ្គ​ទាំង​នោះ និង​ ឈាន​ទៅ​សម្រេច​ជោគ​ជ័យ​បាន។ នេះ​ជា​អ្វី​ដែល​ កញ្ញា​ម៉ូ​និក ​បាន​ពន្យល់។

 

៧. សុខ​ភាព​ល្អ

សុខភាព​គឺ​ជា​កត្តា​មួយ​ដ៏​​សំខាន់​ដែល​យើង​ត្រូវ​គិត​គូរ​ផង​ដែរ​ មុន​នឹង​​ឈាន​ទៅ​​គិត​លើ​កិច្ច​ការ​​​នានា​បាន​។​ ​កញ្ញា​បាន​រៀប​រាប់​ថា​ ពេល​ខ្លះ​យើង​មិន​ត្រូវ​ខំ​ប្រឹង​អោយ​ហួស​កម្លាំង​ពេក​ទេ គឺ​ត្រូវ​ចេះ​ថែ​ទាំ​​សុខភាព​ខ្លួន​​ផ​ង​ដែរ តាម​រយៈ​ការ​ហូប​ចុក​ត្រឹម​ត្រូវ និង គេង​អោយ​បាន​គ្រប់​​គ្រាន់​​។​​​

 

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ទូ​ទៅ​ ពិន្ទុ​ IELTS ដែល​អាច​ដាក់​អាហារូបករណ៍​នានា​ទៅ​រៀន​ក្រៅ​ប្រទេស​បាន​គឺ​ចាប់​ពី​ ៦.០ ឡើង។ ប៉ុន្តែ​វា​ក៏​អាស្រ័យ​ទៅ​តាម​ ប្រភេទ​មហា​វិទ្យាល័យ​ខ្លះ​​ផង​ដែរ។​​​

 

 

អត្ថបទ៖ ចន្ថា