គូស្នេហ៍​ចង់​នាំ ច​ន ច័ន្ទ​ល​ក្ខិ​ណា ទៅ​សាង​ភាព​ផ្អែមល្ហែម​នៅ​បរទេស

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា នឹង​ព្យាយាម​កាត់​បន្ថយ​ការងារ ដើម្បី​យក​ពេល​ឲ្យ​បាន​ច្រើន​នៅ​ជិត​គូស្នេហ៍​របស់​នាង ដែល​កំពុង​រស់នៅ​កៀក​កិត​គ្នា​ដូច​ប្តី​ប្រពន្ធ​នោះ ។

ការ​អះអាង​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ធ្វើ​ឡើងជា​សាធារណៈ​ចំ​ពេល​ថ្ងៃ​ខួបកំណើត​គូស្នេហ៍​របស់​នាង លោក​ហេង ឡុ​ង កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ២០១៦ ។

លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន តារា​សម្តែង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា សរសេរ​ថា «Happy birthday honey & my only man ! សុំ​ទោស​ឆ្នាំ​នេះ​អូន​អត់​បាន​រៀបចំ​កម្មវិធី​សម្រាប់​បង ហើយ​បង​ក៏​ដឹង​ថា​អូន​មិន​មាន​ពេល​សម្រាប់​បង ព្រោះតែ​ការងារ​ច្រើន​ដែល​អូន​ត្រូវ​បំពេញ បង​ក៏​មិន​ចូល​ចិត្តការ​រៀបចំ​ពិធី​ទៀត អូន​សង្ឃឹម និង​ជូនពរ​ឱ្យ​ពួក​យើង​មាន​ពេល​លំហែកាយ​នៅ​ក្រៅប្រទេស  អូន​ដឹង​ថា​បង​ចង់​នាំ​អូន Holiday នៅ​បរទេស  អូន​នឹង​ព្យាយាម​កាត់​បន្ថយ​ការងារ​ដើម្បី​សម្រេច​បំណងរ​បស់បង​ឱ្យ​បាន​ឆាប់​» ។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហើប​ឃ្លា​មួយ​ខ្លី​ដែល​រឹតតែ​ធ្វើ​ឱ្យ​រំភើប​ដល់​គូស្នេហ៍​របស់​នាង​ថែម​ទៀត​ថា «​អរគុណ​ចំពោះ​ក្តី​ស្រលាញ់រ​បស់បង មាន​ពាក្យ​ខ្លះ​ដែល​អូន​មិន​ដែល​និយាយ​ចំពោះ​បង តែ​នៅ​ថ្ងៃ​ណាមួយ​បង​នឹង​ឮ​ពាក្យ​នោះ​។ ជូនពរ​បង​ឱ្យ​ជោគជ័យ​គ្រប់​ភារកិច្ច និង ជូនពរ​ឱ្យ​បំណង​បង​បាន​សម្រេច​ក្នុង​ពេល ឆាប់​ៗ​នេះ សូម​ឱ្យ​រឿង​ចង្រៃ និង​ការ​ខាតបង់​ឆ្នាំ​ចាស់​ផ្លាស់​មក​ជោគជ័យ​នា​ឆ្នាំ​ថ្មី ឆាប់​ៗ​ខាង​មុខ » ។

បើ​ទោះបីជា​ពាក្យ​ដែល​ច​ន ច័ន្ទ​ល​ក្ខិ​ណា ចង់​ប្រាប់​គូស្នេហ៍​មិន​ត្រូវ​បាន​នាង​បង្ហើប​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​គេ​សន្និដ្ឋាន​បាន​ថា ពាក្យ​ដែល​នាង​ចង់​និយាយ​នោះ​មិន​មាន​អ្វី​ក្រៅពី​ពាក្យ​ថា «​ស្រឡាញ់​» និង​បើកឱកាស​ដើម្បី​ដឹក​ដៃ​គ្នា​ចូល​រោងការ​នា​ពេល​ណាមួយ​នោះ​ទេ ។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ផ្តើម​ចំណង​ស្នេហ៍​ជាមួយ​លោក​ហេង ឡុ​ង ជា​បុរស​ពោះម៉ាយ មាន​វ័យ​៣៦​ឆ្នាំ ។ តារា​សម្តែង​រូប​នេះ​ធ្លាប់​បាន​អះអាង​ថា នាង និង​លោក​ហេង ឡុ​ង ស្គាល់គ្នា និង​ស្រឡាញ់​គ្នា ដោយសារ​តែ​ការ​ណែនាំ​ពី​មិត្តភក្ដិ​មួយ​ចំនួន ។ ក្រោយ​ពី​សិក្សា​ឈ្វេងយល់​ចិត្ត​គ្នា​រយៈពេល​ខ្លី អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​ព្រម​បង្កើត​ស្នេហា​ជាមួយ​លោក​ហេង ឡុ​ង ។

តារា​ស្រី​វ័យ​៣៥​ឆ្នាំ ច​ន ច័ន្ទ​ល​ក្ខិ​ណា អះអាង​ថា លោក​ហេង ឡុ​ង ជា​បុរស​មានការ​ទទួលខុសត្រូវ គឺ​ត្រូវ​នឹង​អ្វី​ដែល​នាង​ចង់បាន ។​សម្រាប់​នាង គឺ​នាង​ត្រូវការ​បុរស​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់ ហើយ​នាង​មើលឃើញ​ថា លោក​ហេង ឡុ​ង ជា​មនុស្ស​មានការ​ទទួលខុសត្រូវ​ខ្ពស់ នេះ​ជា​ហេតុផល​មួយ ឯ​មួយទៀត​អាច​ដោយសារ​ម្នាក់​ជា​ស្ត្រី​មេម៉ាយ និង​ម្នាក់​ទៀត​បុរស​ពោះម៉ាយ​ដូច​គ្នា ។

រយៈពេល​យូរ​គួរសម​មក​ហើយ ប៉ុន្តែ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា មិន​ទាន់​បង្ហាញ​ភាព​ជាក់លាក់​ចំពោះ​ពិធី​មង្គលការ​ទេ ៕