បាតុកម្ម​នៅតៃវ៉ាន់ព្រោះតែវិស័យទេសចរណ៍ធ្លាក់ចុះដុនដាប

នៅតៃវ៉ាន់ បុគ្គលិករាប់ពាន់នាក់នៅក្នុងវិស័យទេសចរ បាននាំគ្នាចុះក្នុងផ្លូវថ្នល់នៅថ្ងៃចន្ទនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលតៃវ៉ាន់ ចាត់វិធានការនានាជាបន្ទាន់ប្រឈមមុខនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិនមកកាន់តៃវ៉ាន់។ ការថយចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរចិននេះ គឺនៅខណៈពេលដែលទំនាក់ទំនងរវាងក្រុងតៃប៉ិះនិងប៉េកាំង កាន់តែមានការយ៉ាប់យឺន។

ឧស្សាហកម្មនៅលើវិស័យទេសចរណ៍តៃវ៉ាន់ ធ្លាប់បានទទួលផលប្រយោជន៍យ៉ាងច្រើនដោយសារការពង្រឹងទំនាក់ទំនងយ៉ាងកក់ក្តៅជាមួយទីក្រុងប៉េកាំង ក្រោមរដ្ឋាភិបាលលើកមុនរបស់លោកប្រធានាធិបតី Ma Ying-Jeu ។ ជំនាន់នោះ អ្នកទេសចរចំនួន៤០% ក្នុងចំណោមអ្នកទេសចរ១០លាននាក់ដែលធ្វើដំណើរកំសាន្តនៅកោះតៃវ៉ាន់នាឆ្នាំ២០១៥គឺជាជនជាតិចិន-នេះបើយោងតាមតួលេខផ្លូវការតៃវ៉ាន់។

ក៏ប៉ុន្តែ ចាប់តាំងពីលោកស្រី Tsai Ing-Wen បានឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់មក ចំនួនអ្នកទេសចរចិន បានស្រុតចុះរហូតជិត២៤%នៅក្នុងរយៈពេលតែមួយឆ្នាំ។

នៅពេលដង្ហែរក្បួនបាតុកម្ម បាតុករតៃវ៉ាន់ បានលើកបដាដែលមានសរសេរជាពាក្យពេជន៍ថា” បើគ្មានការងារធ្វើ ក៏គ្មានជីវិតដែរ”។ នៅក្នុងចំណោមបាតុករជាងមួយម៉ឺននាក់នោះ មានក្រុមអ្នកជូនដំណើរភ្ញៀវទេសចរ អ្នកបើកបររថយន្តជូនភ្ញៀវនិងបុគ្គលិកធ្វើការនៅភោជនីយដ្ឋាន បានកែណ្ឌប្រមូលគ្នានៅពីមុខការរិយាល័យប្រធានាធិបតីតៃវ៉ាន់នៅទីក្រុងតៃប៉ិះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលតៃវ៉ាន់ចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយលើបញ្ហានេះ។

បាតុករជាស្រ្តីភេទម្នាក់ដែលជាអ្នកនាំផ្លូវទេសចរអាយុ៤៣ឆ្នាំ បាននិយាយរៀបរាប់ប្រាប់ថា គាត់ពុំមានការងារធ្វើទេចាប់តាំងពី១ខែកន្លងមកហើយ ហើយគាត់ជឿជាក់ដែរថា ពុំមែនមានតែវិស័យទេសចរតែមួយគត់នោះទេដែលប៉ះពាល់ដោយវិបត្តិនេះ។ មិនតែប៉ុណ្ណោះ គាត់បានទាមទារផងដែរឲ្យប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-Wen ធ្វើការផ្តួចផ្តើមគំនិតមួយដើម្បីទាក់ទងនិងចចារជាមួយប្រទេសចិន។ សកម្មភាពទេសចរណ៍នេះ ចាប់តាំងពីខែឧសភាកន្លងមក បានធ្លាក់ចុះ៤០%។

នៅខណៈនេះ រដ្ឋាភិបាលតៃវ៉ាន់ បានអះអាងថាខ្លួននឹងព្យាយាមធ្វើការអភិវឌ្ឈន៍លើវិស័យទេសចរនេះ មកពីខាងតំបន់ភូមិភាគអាស៊ីអគ្នេយ៍ថែមទៀត ដើម្បីទូទាត់រាល់ការខាតបង់ទាំងឡាយ។ ហើយកាលពីសប្តាហ៍មុន រដ្ឋាភិបាលតៃវ៉ាន់ ក៏បានផ្តល់ការអនុញ្ញាតរបស់ខ្លួននៅលើកម្មវិធីជំនួយមួយនៅក្នុងវិស័យទេសចរនេះ ដែលមានទឹកប្រាក់ចំនួន៣ម៉ឹនលានដុល្លារតៃវ៉ាន់ឬប្រមាណជា៨៤៤លានអឺរ៉ូ៕

ប្រភព៖ RFI


Related Posts