ល្បិច​ដដែល​បោក​អ្នក​ដូរ​លុយ​សម្រេច​ដូច​មុន ​លុយ​៩៤​ដុល្លារ​ ប្តូរបាន​៨​ម៉ឺន​បាត

ល្បិច​ដដែល​បោក​អ្នក​ដូរ​លុយ​សម្រេច​ដូច​មុន ​លុយ​៩៤​ដុល្លារ​ ប្តូរបាន​៨​ម៉ឺន​បាត



ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​ស្រុក​កំ​រៀង​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា​ថា បុរស​ម្នាក់​ទំនងជា​ជនជាតិ​វៀតណាម​ដែល​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់ បាន​ជិះ​ម៉ូតូ​គេចខ្លួន​ភ្លាម​ៗ​ជាមួយនឹង​ប្រាក់​ជាង​៨​ម៉ឺន​បាត​(​ប្រាក់​ថៃ​) ដែល​ប្រើ​ល្បិច​បោក​បាន​ពី​អាជីវករ​ប្ដូរ​ប្រាក់​ម្នាក់​នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា ។ សកម្មភាព​ទុច្ចរិត​បែប​នេះ បាន​កើតឡើង​ម្ដង​ហើយ​នៅ​ក្រុង​បាត់ដំបង កាលពី​ខែ​មុន​ដែល​គេ​សង្ស័យ​ថា ជា​មុខសញ្ញា​ដដែល​ៗ ។
លោក គឹ​ម ពន្លក អធិការ​នគរបាល​ស្រុក​កំ​រៀង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ និ​ន សា​រ៉េ​ត ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជា​អាជីវករ​ប្ដូរ​ប្រាក់​នៅ​ក្នុងភូមិ ឃុំ​ខាងលើ ។ ជន​រង​គ្រោះ​បាន​ចាញ់បោក​ជន​ទុច្ចរិត​ម្នាក់​ដែល​និយាយ​ខ្មែរ​មិន​ច្បាស់​អស់ប្រាក់​ចំនួន​៨៦.២១៥​បាត ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន​៩៤​ដុល្លារ​ត្រឡប់​មក​វិញ ។ លោក​អធិការ​បញ្ជាក់​ថា ជនល្មើស​បាន​កាន់​ប្រាក់​ជាង​២.០០០​ដុល្លារ ទៅ​សុំ​ដូរ​យក​លុយ​បាត​ពី​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​ក៏​បាន​រាប់​ប្រាក់​ដុល្លារ​របស់​អតិថិជន​ឃើញ​គ្រប់​ចំនួន និង​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ទៀត​ផង មុន​ពេល​ដោះ​ដូរ ។ ប៉ុន្តែ​ក្រោយ​ពី​ប្រគល់​ប្រាក់​ឲ្យ​រៀង​ៗ​ខ្លួន ហើយ​ជនល្មើស​ចេញ​ផុត ជន​រង​គ្រោះ​ក៏​ទាញ​កញ្ចប់​ប្រាក់​នោះ​មក​រាប់ និង​ពិនិត្យ​ម្ដងទៀត ស្រាប់តែ​ឃើញ​មាន​តែ​ចំនួន​៩៤​ដុល្លារ និង​សុទ្ធតែ​ក្រដាស​១​ដុល្លារ​ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង ។
បើ​តាម​ការ​រៀបរាប់​របស់​អ្នកស្រី និ​ន សា​រ៉េ​ត ឲ្យ​ដឹង​ថា ជនសង្ស័យ​នោះ​ជិះ​ម៉ូតូ​មក​ដូរ​ប្រាក់​តែ​ម្នាក់ឯង​ទេ ។ ពេល​មក​ដល់ ជន​នោះ បាន​ដក​ប្រាក់​ដុល្លារ​មួយ​កញ្ចប់​សុំ​ដូរ​យក​ប្រាក់​បាត ហើយ​កូនប្រុស​គាត់​ជា​អ្នក​រាប់​និង​ពិនិត្យ​ប្រាក់​ដុល្លារ​នោះ​មាន​ចំនួន​២.៤៩៩​ដុល្លារ ដែល​ដូរ​ប្រាក់​បាត​បាន​ចំនួន​៨៦.២១៥​បាត រីឯ​រូប​គាត់​ជា​អ្នក​រាប់​លុយ​បាត​ដើម្បី​ដូរ​ឲ្យ​ជនសង្ស័យ​។
គាត់​និយាយ​ថា ពេល​កូន​គាត់​រាប់​គ្រប់​ចំនួន និង​ពិនិត្យ​រួចរាល់ ជន​នេះ​បាន​សុំ​កញ្ចប់​ប្រាក់​របស់​ខ្លួន​យក​ទៅ​កាន់​វិញ​សិន ខណៈ​គាត់​កំពុង​រាប់​ប្រាក់​បាត ។ លុះ​ជនសង្ស័យ​ប្រគល់​ប្រាក់​ដុល្លារ​មួយ​កញ្ចប់​មក​ឲ្យ​ដល់​ដៃ​កូន​គាត់ ទើប​គាត់​ប្រគល់​ប្រាក់​ជាង​៨​ម៉ឺន​បាត​នោះ​ឲ្យ​ទៅ​ជនសង្ស័យ​វិញ​ភ្លាម​ៗ​ដែរ ។
អ្នកស្រី និ​ន សា​រ៉េ​ត បញ្ជាក់​ថា ក្រោយ​ពី​ជនសង្ស័យ​ទ​ទូល​បាន​ប្រាក់​ដល់​ដៃ​ហើយ​មិន​បាន​រាប់​ឬ​ពិនិត្យ​ទេ ក៏​ឡើង​ជិះ​ម៉ូតូ​ចេញ​បាត់​ភ្លាម​ៗ​តែ​ម្ដង ។ ភ្លាម​នោះ​ដែរ កូនប្រុស​គាត់​ក៏​ទាញ​យក​កញ្ចប់​ប្រាក់​នោះ​មក​រាប់​ម្ដងទៀត ស្រាប់តែ​បាត់​អស់​ឃើញ​តែ​ចំនួន​៩៤​ដុល្លារ ដែល​មាន​ក្រដាស​៥០​ដុល្លារ​មួយ​សន្លឹក និង​ក្រដាស​១​ដុល្លារ​៤៤​សន្លឹក ទើប​មានការ​ផ្អើល​ឆោឡោ តែ​ជនសង្ស័យ​នោះ​មិនដឹង​ជិះ​ម៉ូតូ​ទៅ​ដល់​ណា​បាត់​ទៅ​ហើយ ។
លោក​អធិការ គឹ​ម ពន្លក និយាយ​ថា នេះ​ជា​សកម្មភាព​បោកប្រាស់​ថ្មី​របស់​ជន​ទុច្ចរិត ដែល​មិន​ធ្លាប់​កើត​មាន​សោះ​នៅ​ក្នុងស្រុក​កំ​រៀង ។ លោក​ថា អាជីវករ​ប្ដូរ​ប្រាក់ កន្លែង​ផ្ទេរ​ប្រាក់ និង​កន្លែង​លក់ដូរ​គ្រឿងអលង្ការ​តាម​គេហដ្ឋាន ឬ​នៅ​តាម​ទីផ្សារ​នានា គួរតែ​មានការ​ប្រុង​យ័​ត្ន ព្រោះ​សកម្មភាព​នេះ​ជន​ទុច្ចរិត​ហាក់​បោក​បញ្ឆោត​បាន​ងាយ​បំផុត ។ លោក​បាន​បញ្ជាក់​ដែរ​ថា កម្លាំង​នគរបាល​ស្រុក​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​មុខសញ្ញា​នេះ តែ​ទំនង​ជនសង្ស័យ​គេចខ្លួន​ចេញពី​ស្រុក​កំ​រៀង​ហើយ ។
សូម​បញ្ជាក់​ថា កាលពី​ជាង​មួយ​ខែ​មុន សកម្មភាព​ដូច​ខាងលើ​នេះ​បាន​កើតឡើង​ម្ដង​ហើយ​នៅ​ក្នុង​ក្រុង​បាត់ដំបង ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់​ជា​ជនជាតិ​យួន​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់​ទេ ។ ជនជាតិ​យួន​ទាំង​២​នាក់​នោះ បាន​ប្រើ​ល្បិច​យក​ប្រាក់​ចំនួន​១.៧០០​ដុល្លារ​ទៅ​ដូរ​យក​ប្រាក់​ខ្មែរ​នៅ​កន្លែង​វេរ​ប្រាក់​«​វី​ង​» ។ ក្រុម​ជន​នោះ​បាន​ដាក់​ប្រាក់​ក្នុង​កញ្ចប់​ដូច​គ្នា ហុច​ឲ្យ​ទៅ​ជន​រង​គ្រោះ​រាប់ និង​ពិនិត្យ ហើយ​ក៏​សុំ​កាន់​កញ្ចប់​ប្រាក់​នោះ​វិញ ។ លុះ​ពេល​ប្រគល់​ប្រាក់ ជន​នោះ​បាន​ប្ដូរ​កញ្ចប់​ប្រាក់​ផ្សេង​ឲ្យ​ទៅ​ជន​រង​គ្រោះ ដែល​មាន​តែ​ចំនួន​១៧​ដុល្លារ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្ទើរ​ក្អួត​ឈាម​និយាយ​មិន​ចេញ ។ រីឯ​ជនជាតិ​យួន​ទាំង​២​នាក់​នោះ ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​ដែរ ។
បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​នៅ​ស្រុក​កំ​រៀង​នេះ គឺជា​មុខសញ្ញា​ដដែល​ៗ ប៉ុន្តែ​ជនសង្ស័យ​បាន​ផ្លាស់​ប្ដូរ​ម៉ូតូ​ក្នុង​ការ​ជិះ​ធ្វើ​សកម្មភាព ។ តាម​រយៈ​កោះសន្តិភាព សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​អាជីវករ​ទាំងអស់ ឲ្យ​ជួយ​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​សមត្ថកិច្ច​ភ្លាម​ៗ ប្រសិនបើ​ប្រទះ​ឃើញ​ជន​ដែល​គួរ​ឲ្យ​សង្ស័យ ឬ​ជន​ណា​ដែល​ទៅ​សុំ​ប្ដូរ​ប្រាក់​តាម​រូបភាព​ដូច​ខាងលើ​នេះ នៅ​តាម​កន្លែង​ផ្ទេរ​ប្រាក់ ឬ​កន្លែង​ប្ដូរ​ប្រាក់​នៅ​ក្នុង​ផ្សារ​នានា ដើម្បី​សមត្ថកិច្ច​ចុះ​តាម​ឃ្លាំមើល និង​មាន​វិធានការ ៕​